ទេសចរណ៍

Tay Thien៖ ដំណើរវិលត្រឡប់ទៅទឹកដីដូនតាដ៏ពិសិដ្ឋ

នៅក្នុងលំហព្រៃភ្នំ Tam Dao ដ៏ធំល្វឹងល្វើយ (ខេត្ត Phu Tho) មានតំបន់ដីមួយកន្លែងដែលធម្មជាតិ និងជំនឿបានលាយឡំជាមួយគ្នា។ នោះគឺជា Tay Thien។ Tay Thien មិនត្រឹមតែជាគោលដៅទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងជាដំណើរត្រឡប់ទៅរកឫសគល់វិញ ជាកន្លែងដែលមនុស្សរកឃើញភាពស្ងៀមស្ងាត់ក្នុងជីវភាពសម័យទំនើប។
Tay Thien គឺជាតំបន់វប្បធម៌និងទេសចរណ៍ដែលមានទីតាំងស្ថិតនៅកណ្តាលព្រៃ Tam Dao។ (រូបថត៖ dulichphutho.gov.vn)
Tay Thien គឺជាតំបន់វប្បធម៌និងទេសចរណ៍ដែលមានទីតាំងស្ថិតនៅកណ្តាលព្រៃ Tam Dao។ (រូបថត៖ dulichphutho.gov.vn)

ស្ថិតនៅប៉ែកខាងលិចនៃជួរភ្នំ Tam Dao ដោយមានចម្ងាយប្រហែល ៧០ គីឡូម៉ែត្រពីភាគពាយ័ព្យទីក្រុងហាណូយ Tay Thien តាំងពីយូរណាស់មកហើយត្រូវបានគេស្គាល់ជា មជ្ឈមណ្ឌលជំនឿសាសនាដ៏សំខាន់មួយនៃទឹកដីដូនតា Phu Tho។ ទីនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំនឿគោរពបូជាព្រះមាតាជាតិ ដែលមានគុណបំណាច់ជួយស្តេចហ៊ុងស្ថាបនាប្រទេសជាតិ។

ការជិះកន្ត្រកខ្សែកាប Tay Thien ឆ្លងកាត់តំបន់ព្រៃភ្នំបៃតងដ៏ស្រស់ស្អាត។ (រូបថត៖ VOV)
ការជិះកន្ត្រកខ្សែកាប Tay Thien ឆ្លងកាត់តំបន់ព្រៃភ្នំបៃតងដ៏ស្រស់ស្អាត។ (រូបថត៖ VOV)

នៅ Tay Thien ជំនឿប្រជាប្រិយលាយឡំជាមួយព្រះពុទ្ធសាសនា ដើម្បីបង្កើតជាបរិយាកាសខាងវិញ្ញាណដ៏ពិសេសមួយ។ ទីនេះកំពុងតែអភិរក្សនិងថែរក្សាស្ថាបត្យកម្មសំខាន់ៗជាច្រើន។ លោកស្រី Le Thi Trinh មគ្គុទ្ទេសក៍ទេសចរណ៍នៃគណៈគ្រប់គ្រងកន្ត្រកខ្សែកាប Tay Thien បាននិយាយថា៖

“តំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិនេះ មានប្រាសាទបុរាណចំនួន៣ដែលមាន

អាយុកាលជាង ៨០០ ឆ្នាំមកហើយ ដែលត្រូវបានសាងសង់ឡើងក្នុងរាជកាល Ly និង Tran។ ក្រៅពីនោះ មានប្រាសាទបុរាណជាច្រើនដែលរាយប៉ាយពីជើងភ្នំរហូតដល់ចង្កេះភ្នំ Thach Ban។ មិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងមានអាសនៈដែលបានដំឡើងតាមជំនឿប្រជាប្រិយអំពីការគោរពបូជាព្រះម៉ែ ៣ អង្គ ៤ អង្គ ផងដែរ”។

នៅក្នុងលំហដ៏បរិសុទ្ធនោះ ប្រព័ន្ធប្រាសាទ និងវត្តអារាមបុរាណបានលេចចេញ ដែលទាក់ទាញភ្ញៀវទេសចរមួយចំនួនធំមកពីគ្រប់ទិសទី។

Tay Thien បានក្លាយជាគោលដៅដែលធ្លាប់ស្គាល់ដល់ក្នុងដំណើរទេសចរណ៍វប្បធម៌-វិញ្ញាណ។ ភ្ញៀវទេសចរមិនត្រឹមតែមកគោរពបូជាប៉ុណ្ណោះទេ ថែមទាំងដើម្បីសម្របខ្លួនក្នុងបរិយាកាសដ៏សែនមនោរម្យទៀតផង។ លោក Nguyen Thanh Tung ជាអ្នកទេសចរម្នាក់មកពីទីក្រុងហាណូយ បានចែករំលែកអារម្មណ៍ថា៖

“ថ្ងៃនេះខ្ញុំមានសំណាងល្អដែលបានមកទស្សនា Tay Thien ដែលជាតំបន់របស់ព្រះមាតា។ ចំណាប់អារម្មណ៍ដំបូងរបស់ខ្ញុំនៅពេលមកដល់ទីនេះគឺខ្យល់អាកាសបរិសុទ្ធ ហើយខ្ញុំមានអារម្មណ៍សុខសាន្តម៉ែនទែន”។

តំបន់កេរ្តិ៍ដំណែលរមណីយដ្ឋាន Tay Thien ត្រូវបានទទួលស្គាល់ជាផ្លូវការ ជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ និងរមណីយដ្ឋានជាតិពិសេសក្នុងឆ្នាំ ២០១៥។ (រូបថត៖ VOV)
តំបន់កេរ្តិ៍ដំណែលរមណីយដ្ឋាន Tay Thien ត្រូវបានទទួលស្គាល់ជាផ្លូវការ ជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ និងរមណីយដ្ឋានជាតិពិសេសក្នុងឆ្នាំ ២០១៥។ (រូបថត៖ VOV)

ទេសភាពនៅទីនេះ លាតសន្ធឹងជាមួយនឹងព្រៃឈើបៃតង អូរត្រជាក់ និងផ្លូវថ្មក្រវិចក្រវៀន តាមចង្កេះភ្នំ។ ទេសភាពនោះគឺជាលទ្ធផលនៃដំណើរការអភិរក្ស និងពង្រីកតម្លៃនៃបេតិកភណ្ឌពីជំនាន់មួយទៅជំនាន់មួយ។

តំបន់កេរ្តិ៍ដំណែលរមណីយដ្ឋាន Tay Thien ត្រូវបានចាត់ថ្នាក់ជាកេរ្តិ៍ដំណែលថ្នាក់ជាតិក្នុងឆ្នាំ ១៩៩១ ហើយតំបន់នេះត្រូវបានទទួលស្គាល់ជាផ្លូវការ ជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ និងរមណីយដ្ឋានជាតិពិសេសក្នុងឆ្នាំ ២០១៥។​ លោក Bui Xuan Truong នាយករងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Phu Tho បានឲ្យដឹងថា៖

“ប្រព័ន្ធ​កេរ្តិ៍ដំណែល​វប្បធម៌និង​ប្រវត្តិសាស្ត្រដ៏ក្រាស់ក្រែលនៃខេត្ត Phu Tho បច្ចុប្បន្ន​នេះ​ ត្រូវបានរួមបញ្ចូលពីខេត្ត Phu Tho និងខេត្ត Vinh Phuc (ចាស់)។ ក្នុង​ នោះ ប្រព័ន្ធកេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រ​ត្រូវ​បាន​ទទួលស្គាល់ជាថ្នាក់ជាតិ ក៏ដូចជាថ្នាក់ជាតិ​ពិសេស​ផងដែរ។ នេះគឺជាចំណុចលេចធ្លោដ៏សំខាន់ សម្រាប់ភ្ញៀវទេសចរមកទីនេះ ដើម្បីបង្ហាញពីមនោសញ្ចេតនាចំពោះឫសគល់ជាតិ ក៏ដូចជាស្វែងយល់ពីលក្ខណៈដ៏វិសេសវិសាលនៃកេរ្តិ៍ដំណែលនានាក្នុងខេត្ត Phu Tho”។

ក្រៅពីប្រព័ន្ធប្រាសាទ តំបន់កេរ្តិ៍ដំណែលរមណីយដ្ឋាន Tay Thien ក៏មានភាពលេចធ្លោដោយទេសភាពព្រៃភ្នំដ៏អស្ចារ្យផងដែរ។ ទឹកជ្រោះ Thac Bac ហូរចុះមក លាយឡំជាមួយសំឡេងអូរ ដែលបង្កើតជាផ្ទាំងគំនូរដ៏ស្រស់បំព្រង។

ពីទឹកដីពិសិដ្ឋមួយក្នុងជំនឿប្រជាប្រិយ Tay Thien សព្វថ្ងៃនេះបានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបាននៃផែនទីទេសចរណ៍របស់ខេត្ត Phu Tho។ ប៉ុន្តែប្រការដ៏មានតម្លៃបំផុតមិនត្រឹមតែស្ថិតនៅក្នុងទេសភាព ឬស្ថាបត្យកម្មប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅក្នុងអារម្មណ៍ដែលវានាំមកជូន។ នោះគឺជាអារម្មណ៍ដ៏សុខសាន្តត្រាណ ជាគ្រាដ៏ស្ងប់ស្ងាត់ដែលកម្ររកឃើញនៅកន្លែងផ្សេងទៀតនោះឡើយ៕


top