កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី ១៦ ស្តីពីកីឡា (SOMS ១៦) បានបើកនា ព្រឹកថ្ងៃទី ១៣ ខែតុលា នៅទីក្រុងហាណូយ ដោយចាប់ផ្តើមនូវព្រឹត្តិការណ៍សំខាន់ៗ ជាច្រើនក្នុងវិស័យកីឡានៅអាស៊ីអាគ្នេយ៍ដែលប្រព្រឹត្តទៅក្នុងឆ្នាំនេះ។ (រូបថត៖ VOV)
ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែតុលា SOMS ១៦ គឺជាវេទិកាឯក ទេសជាន់ខ្ពស់ ដោយផ្តោតលើការពិនិត្យឡើងវិញនូវលទ្ធផលនៃការអនុវត្តផែនការ សកម្មភាពអាស៊ានស្តីពីកីឡាដំណាក់កាល ២០២១ - ២០២៥។ ខ្លឹមសារសំខាន់ៗ រួមមាន ការវាយតម្លៃចុងអាណត្តិអំពីផែនការ ការពិភាក្សាលើអនុស្សរណៈនៃការយោគ យល់គ្នារវាងអាស៊ាន-FIFA ដើម្បីជំរុញការអភិវឌ្ឍកីឡាបាល់ទាត់ក្នុងតំបន់ និងធ្វើ បច្ចុប្បន្នភាពនូវការសាងសង់មជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាសម្រាប់ស្នាដៃខ្ពស់អាស៊ាននៅប្រទេសម៉ាឡេស៊ី ដោយមានថវិកាប៉ាន់ស្មានចំនួន ៥ លានដុល្លារអាមេរិក ក្នុង គោលបំណងលើកកម្ពស់សមត្ថភាពហ្វឹកហ្វឺនសម្រាប់កីឡាករវ័យក្មេងជាង ៥០០ នាក់ ក្នុងមួយឆ្នាំ។ សាស្ត្រាចារ្យរង លោកបណ្ឌិត Nguyen Danh Hoang Viet ប្រធាននាយក ដ្ឋានអប់រំកាយ-កីឡា បានឲ្យដឹងថា៖
“អង្គប្រជុំនឹងពិភាក្សាបន្ថែមទៀតដើម្បីបង្កើតមជ្ឈមណ្ឌលនេះហើយ។ ប្រទេស ម៉ាឡេស៊ីកំពុងត្រៀមរៀបចំ។ យើងនឹងចូលរួមជាមួយប្រទេសអាស៊ាន និងដៃគូដូចជា ប្រទេសចិន ដើម្បីរួមវិភាគទាន ជួយឧបត្ថម្ភក្នុងកម្រិតជាក់ស្ដែង ដើម្បីយើងអាចបង្កើត មជ្ឈមណ្ឌលហ្វឹកហ្វឺនរួមសម្រាប់កីឡាអាស៊ាន។ ជាទូទៅ បណ្តាប្រទេសអាស៊ាន បានឈានដល់ការឯកភាពគ្នាជាមូលដ្ឋានរួចហើយ”។
នៅក្នុងកិច្ចប្រជុំនេះដែរ ប្រតិភូក៏បានស្តាប់របាយការណ៍ស្តីពីការត្រៀមរៀបចំឲ្យ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១៣ នៅ ប្រទេសថៃក្នុងឆ្នាំ២០២៥ ដែលជាព្រឹត្តិការណ៍ធំៗចំនួនពីរ ដែលគ្រោងនឹងប្រមូល ផ្តុំកីឡាករជាង១២០០០នាក់មកពីប្រទេសចំនួន១១៕