ព័ត៌មាន

"សំឡេងក្រាបរាប់ពាន់ឆ្នាំ"៖ ដំណើរសិល្បៈ ដើម្បីអភិរក្សបេតិកភណ្ឌ Ca Tru

ដឹកនាំរឿងដោយសិល្បការិនីប្រជាជន Le Viet Huong "សំឡេងក្រាបរាប់ពាន់ឆ្នាំ" (Senh Phach over the years) គឺជាខ្សែភាពយន្តឯកសារសិល្បៈតែមួយគត់អំពីសិល្បៈច្រៀង Ca Tru (កា ជូ)។ ខ្សែភាពយន្តនេះមិនត្រឹមតែនិទានរឿងរ៉ាវអតីតកាលអំពី “ជោគវាសនា” ដ៏ពោរពេញទៅដោយការឡើងចុះរបស់ Ca Tru ជាទម្រង់សិល្បៈសំដែងប្រជាប្រិយមួយប្រភេទដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតអត្តសញ្ញាណវប្បធម៌របស់ប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីទិដ្ឋភាពទូទៅនៃសិល្បៈ Ca Tru នៅក្នុងបរិបទបច្ចុប្បន្ន ដែលត្រូវការរួមដៃអភិរក្ស និងអភិវឌ្ឍន៍ទៀតផង។
ដំណើរការបង្កើតឡើងវិញនូវការសម្តែងសិល្បៈ Ca Tru។ រូបថត៖ VOV5

“បន្ទាប់ពីសាស្ត្រាចារ្យ Tran Van Khe បានវិលត្រឡប់មកប្រទេសវៀតណាមវិញ លោកបានជួបជាមួយលោកយាយ Quach Thi Ho ដើម្បីថតការសម្តែងរបស់គាត់ ហើយបានបង្ហាញវាទៅក្រុមប្រឹក្សាតន្ត្រីអន្តរជាតិ។ នៅពេលដែល Ca Tru ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបី ទើបគេចាប់ផ្ដើមស្ដារទម្រង់សិល្បៈនេះឡើងវិញ ប៉ុន្តែសិល្បការិនីទាំងអស់មានវ័យចំណាស់ពេកហើយ។ លោកតា De ធ្លាប់បាននិយាយថា "៦០ឆ្នាំហើយ ឥឡូវនេះទើបខ្ញុំបានកាន់ចាប៉ីម្តងទៀត ប៉ុន្តែតើខ្ញុំលេងឱ្យអ្នកណាស្ដាប់? តើអ្នកណាចេះស្ដាប់ខ្ញុំច្រៀង?" តាមពិត ពេលស្ដាប់លោកតានិយាយអញ្ចឹង ធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែក។ ខ្ញុំមានបំណងថា សង្គមនឹងចាប់ដៃគ្នាដើម្បីអភិរក្ស និងអភិវឌ្ឍន៍សិល្បៈ Ca Tru ជាទម្រង់សិល្បៈដ៏មានតម្លៃដែលជីដូនជីតារបស់យើងបានបន្សល់ទុកមក”។

នេះគឺជាសារដែលសិល្បៈការិនីប្រជាជន និងជាអ្នកដឹកនាំរឿង Viet Huong ចង់បង្ហាញដល់ទស្សនិកជន នៅពេលផលិតខ្សែភាពយន្តឯកសារ "សំឡេងក្រាបរាប់ពាន់ឆ្នាំ"។ ខ្សែភាពយន្តនេះ គឺជាដំណើរស្វែងយល់ពីប្រវត្តិសាស្ត្រ និងតម្លៃនៃសិល្បៈ Ca Tru ដែលជាទម្រង់តន្ត្រីប្រជាប្រិយដ៏វិសេសវិសាលរបស់វៀតណាម។ ខ្សែភាពយន្តរយៈពេល ៧០ នាទីនេះ បាននាំទស្សនិកជនឆ្លងកាត់ការឡើងចុះនៃ Ca Tru ចាប់ពីសម័យកាលដ៏រុងរឿង រហូតដល់រយៈពេលនៃការធ្លាក់ចុះ និងការខិតខំប្រឹងប្រែងដើម្បីងើបឡើងវិញ។

នៅក្នុងខ្សែភាពយន្តនេះ ការសម្តែង Ca Tru ត្រូវបានបង្កើតឡើងវិញនៅតាមទីតាំងសម្តែងបុរមបុរាណ ដូចជានៅសាលាភូមិ វិហារ និងទីសក្ការៈបូជា ជាដើម។

សូរសំឡេងច្រៀងដ៏កងរំពង ដែលស៊ីសង្វាក់គ្នាជាមួយនឹងសូរសំឡេងចាប៉ី đáy, phách (ក្រាប់) និងស្គរ បានបង្កើតបរិយាកាសសិល្បៈជ្រាលជ្រៅ និងបុរមបុរាណ។ សិល្បៈការិនី អ្នកដឹកនាំរឿង Viet Huong បានចែករំលែកថា៖

“ដើម្បីនាំឲ្យជំនាន់យុវជនខិតមកជិតសិល្បៈ Ca Tru ខ្ញុំត្រូវធ្វើឱ្យវាទាក់ទាញយ៉ាងពិតប្រាកដ។ ខ្ញុំបានបង្កើតឡើងវិញការសម្តែង តាំងពីដើមសតវត្សរ៍ទី ២០។ អ្នកចម្រៀងស្រីទាំងពីរនាក់ បានច្រៀងផ្ទាល់នៅក្នុងការសម្តែង មិនមែនជាការរៀបចំឆាកទេ។ យើង រៀបចំឆាកសម្រាប់តែទស្សនិកជន មន្ត្រី និងលោកគ្រូពីអតីតកាលប៉ុណ្ណោះ”។

តាមរយៈរឿងរ៉ាវរបស់សិប្បការិនីច្រៀង Ca Tru គឺ លោកស្រី Quach Thi Ho, Le Thi Lieu, សិល្បការិនីឆ្នើម Bach Van និងអ្នកលេងចាប៉ីដូចលោក Nguyen Phu De នៅក្នុងខ្សែភាពយន្តនេះ ទស្សនិកជននឹងយល់ដឹងកាន់តែច្បាស់អំពីជីវិតនិងការជក់ចិត្តរបស់អ្នកដែលបានលះបង់អស់មួយជីវិត ដើម្បីថែរក្សាទម្រង់សិល្បៈនេះ។

សិល្បៈការិនី Mai Tuyet Hoa នាយិកាមជ្ឈមណ្ឌលអភិរក្ស និងអភិវឌ្ឍន៍សិល្បៈប្រពៃណី បានចែករំលែកថា៖

“ក្នុងខ្សែភាពយន្តនេះ សិល្បៈ Ca Tru ត្រូវបានឆ្លុះបញ្ចាំងក្នុងបរិយាកាសផ្សេងៗគ្នានិងពេលវេលាផ្សេងៗគ្នាដែរ។ ដាក់ Ca Tru នៅក្នុងបរិយាកាសពហុវប្បធម៌ ហើយជាពិសេសតាមរយៈក្រសែភ្នែករបស់មនុស្ស អ្នកដឹកនាំរឿងបានបង្ហាញពីរបៀបនិទានរឿងគួរឲ្យចាប់អារម្មណ៍ អំពី "វាសនារបស់ Ca Tru"។ ខ្ញុំជាអ្នកថែរក្សាបេតិកភណ្ឌ ប៉ុន្តែខ្ញុំមិនអាចសម្លឹងមើលលើអ្វីៗគ្រប់បែបយ៉ាងបានទេ។ ប៉ុន្តែតាមរយៈខ្សែភាពយន្តនេះ ខ្ញុំមានអារម្មណ៍ថាខ្ញុំពិតជាកំពុងរស់នៅដូចអ្វីដែលជីដូនជីតាបានឆ្លងកាត់"។

ជាមួយនឹងការវិនិយោគយ៉ាងល្អិតល្អន់ លើខ្លឹមសារ រូបភាព និងសំឡេង ខ្សែភាពយន្តនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្ស ផ្សព្វផ្សាយ និងរីកសាយភាយតម្លៃនៃសិល្បៈ Ca Tru ដល់សាធារណជន។ អ្នកដឹកនាំរឿង លោក Nguyen Khac Hai បានធ្វើអត្ថាធិប្បាយថា៖

“នេះមិនមែនគ្រាន់តែជាខ្សែភាពយន្តតន្ត្រីទេ ប៉ុន្តែជាខ្សែភាពយន្តប្រវត្តិសាស្ត្រដែលមានជម្រៅវប្បធម៌។ ខ្សែភាពយន្តនេះរួមបញ្ចូលគ្នានូវតន្ត្រីជាមួយនឹងឯកសារប្រវត្តិសាស្ត្រ ការសម្ភាសន៍ និងការរិះគន់ពីអ្នកប្រាជ្ញជាច្រើន។ ខ្ញុំគិតថានេះជាប្រភេទដែលយើងកម្រជួបប្រទះ ក្នុងរោងកុននិងទូរទស្សន៍។ ក្រៅពីភាពស្រស់ស្អាតនៃ Ca Tru និងតន្ត្រី ក៏មានការរៀបចំឆាកដ៏ប្រណិតរបស់អ្នកដឹកនាំរឿង ហើយជាពិសេសឯកសារដ៏មានតម្លៃជាច្រើនអំពីឥស្សរជនដ៏គួរឱ្យគោរពនៅក្នុងសិល្បៈ Ca Tru។ នេះគឺជាខ្សែភាពយន្តដ៏ល្អមួយ ដែលគួរឱ្យសរសើរយ៉ាងខ្លាំង”។

ដំណើររបស់សិប្បករនិងអ្នកដែលមានការជក់ចិត្តចំពោះសិល្បៈ Ca Tru បានបង្ហាញឲ្យឃើញថា ទោះបីជាមានការឡើងចុះនៃពេលវេលាយ៉ាងណាក៏ដោយ តម្លៃប្រពៃណីនៅតែអាចរស់រានឡើងវិញបាន នៅពេលដែលមានការគោរព និងការខិតខំប្រឹងប្រែងអភិរក្សរួមគ្នា៕


top