ដោយគួបផ្សំរវាងក្បាច់របាំ តន្ត្រីសហសម័យ ជាមួយនឹងសម្ភារៈសិល្បៈ tuong (តួង) រឿងល្ខោនដែលមានចំណងជើងថា “ប្រឈមមុខនឹងភាពគ្មានទីបញ្ចប់" គឺស្ថិតនៅក្នុងគម្រោងសហប្រតិបត្តិការរវាងគម្រោងវប្បធម៌ និងសិល្បៈអន្តរផ្នែក "Len Ngan" និងរោងមហោស្រព Tuong វៀតណាមជាមួយនឹងអ្នករចនាក្បាច់របាំ Tu Hoang ដែលត្រូវបានបង្ហាញមុខជាសាធារណៈនៅឯរោងមហោស្រព Hong Ha ទីក្រុងហាណូយ កាលពីសប្តាហ៍មុន។ រឿងល្ខោនបាននាំមកបទពិសោធន៍ថ្មីដល់សាធារណជនជាមួយនឹងល្ខោនប្រពៃណីតាមរបៀបច្នៃប្រឌិត។
រឿងល្ខោននាំមកនូវបទពិសោធន៍ថ្មីដល់សាធារណជនអំពីការសម្ដែងល្ខោនប្រពៃណីតាមរបៀបច្នៃប្រឌិត។ រូបថត៖ VOV
បរិបទនៃរឿងល្ខោននេះ គឺពីឆ្នាំ ១៩៨៦
ដល់ឆ្នាំ ២០០០ ជាដំណាក់កាលដែល ឯកត្តភាពត្រូវបានរំដោះ ប៉ុន្តែភាពឯកកោក៏លេចឡើងក្នុងពេលដំណាលគ្នា
ធ្វើឲ្យអារម្មណ៍ផ្ទាល់ខ្លួន ងាយបាត់បង់នៅក្នុងសង្គម។ នៅក្នុងរឿងល្ខោននេះ
តួអង្គស្នូលបានឆ្លងកាត់ការស្ទាក់ស្ទើរ ភាពអស់សង្ឃឹម និងការឈឺចាប់។
គាត់មានអារម្មណ៍សោកស្ដាយចំពោះ អតីតកាល ស្ទាក់ស្ទើរក្នុងបច្ចុប្បន្នកាល
ហើយខ្វល់ខ្វាយចំពោះអនាគត ប៉ុន្តែជាទីបំផុត តួអង្គស្នូល បានជ្រើសរើសប្រឈមមុខនឹងវា
ហើយរកឃើញតម្លៃថ្មីសម្រាប់ជីវិតផ្ទាល់ខ្លួន។
ចែករំលែកអំពីសម្ភារៈប្រើប្រាស់ក្នុងរឿងល្ខោននេះ លោក Nguyen
Quoc Hoang Anh នាយកគម្រោង
"ប្រឈមមុខនឹងភាពគ្មានទីបញ្ចប់" ទទួលបន្ទុកផ្នែកសំឡេង
និងតន្ត្រីបានឲ្យដឹងថា៖
“ស្នាដៃល្ខោននេះមានសម្ភារៈជាច្រើនពីចលនា ការសម្តែងល្ខោន
ក៏ដូចជាការបង្ហាញពីវប្បធម៌ដ៏ពេញនិយមដូចហ្វូងមនុស្សហាត់អារ៉ូប៊ីក
ឬធ្វើចលនាសមូហភាពនៅតាមដងផ្លូវ ហើយផ្អែកលើមូលដ្ឋាននោះ គឺជាចលនាដៃ
និងចលនារបស់តួអង្គសំខាន់ៗ។ តន្ត្រីត្រូវបានបំផុសគំនិតភាគច្រើនដោយក្រុមឧបករណ៍ភ្លេងគោះប្រពៃណីរបស់ជនវៀតណាម
ជាក់ស្ដែងគឺសិល្បៈ Tuong ក៏ដូចជាទម្រង់ផ្សេងទៀតដែលទាក់ទងនឹងការសម្តែងខាងវិញ្ញាណផងដែរ។
វាមានទាំងអាថ៌កំបាំងផង ភាពទាក់ទាញផង ដែលរំលឹកអនុស្សាវរីយ៍សហគមន៍ ទម្រង់ខាងវិញ្ញាណ
ក៏ដូចជារបៀបដែលមនុស្សយើងប្រាស្រ័យទាក់ទងជាមួយធម្មជាតិ ប្រឈមមុខនឹងអ្វីដែលគ្មានទីបញ្ចប់ក្នុងជីវិត”។
វាយតម្លៃខ្ពស់ចំពោះគំនិត
និងភាពច្នៃប្រឌិតរបស់សិល្បករដែលអនុវត្តន៍រឿងល្ខោន
"ប្រឈមមុខនឹងភាពគ្មានទីបញ្ចប់" សិល្បការិនីប្រជាជន Tran Ly Ly
ប្រធានស្តីទីនៃនាយកដ្ឋានសម្ដែងសិល្បៈ ក្រសួងវប្បធម៌ កីឡា
និងទេសចរណ៍បានមានប្រសាសន៍ថា៖
“នៅពេលដែលយើងទស្សនា រឿងរបាំសហសម័យ ត្រូវតែមានការតភ្ជាប់
នោះគឺការតភ្ជាប់ពីអតីតកាលទៅបច្ចុប្បន្នកាល និងទៅអនាគត។
ការតភ្ជាប់ជាមួយនឹងមូលដ្ឋានគ្រឹះផ្ទាល់ខ្លួនរបស់យើង
ហើយតភ្ជាប់ជាមួយការយល់ដឹងរបស់យើងពីពិភពលោក
និងការស្រមើលស្រមៃពហុវិមាត្ររបស់បុគ្គលម្នាក់ៗផងដែរ។ នោះគឺជាប្រការដ៏ល្អបំផុត ព្រោះពេលទស្សនាស្នាដៃសិល្បៈ
យើងមិនចាំបាច់តម្រង់ទិសខ្លួនឯងតាមអ្វីៗដ៏ជាក់ស្ដែងណាមួយទេ យើងអាចស្រមៃបានទាំងស្រុង
នោះគឺជាគុណតម្លៃដ៏អស្ចារ្យនៃសិល្បៈ”។
ក្រៅពីការគួបផ្សំរវាងក្បាច់របាំ តន្ត្រីសហសម័យ
ជាមួយនឹងសម្ភារៈសិល្បៈ tuong នោះ រឿងល្ខោន ក៏បានលាយបញ្ចូលសម្ភារៈពីតន្ត្រីអេឡិចត្រូនិក
Vinahouse ជាប្រភេទតន្ត្រីដែលមានភាពស្រដៀងគ្នាជាមួយនឹងការច្រៀង
chau van (ចូវ វ៉ាន់) ទៀតផង។ ពេញរឿងល្ខោននេះ សំឡេងស្គរ
ចាប៉ី ៣៦ ខ្សែ ចាប៉ី ១ ខ្សែ និងតន្ត្រីអេឡិចត្រូនិកបានបង្កើតបរិយាកាសដ៏តានតឹងផង …… និងអាថ៌កំបាំងផង
ដែលនាំមកនូវចំណាប់អារម្មណ៍ជាច្រើនដល់សាធារណជនដែលស្រឡាញ់សិល្បៈ។ តារាសម្ដែង Chaly
Win បានឲ្យដឹងថា៖
“រឿងល្ខោន "ប្រឈមមុខនឹងភាពគ្មានទីបញ្ចប់" ពិតជាទាក់ទាញ
ធ្វើអោយមានការចាប់អារម្មណ៍ និងការចង់ដឹងចង់ឃើញ។
សម្រាប់ជនបរទេសដែលស្វែងយល់ពីវប្បធម៌វៀតណាមយូរមកហើយ ខ្ញុំធ្វើការខាងផ្នែកសម្តែង
មិនមែនរាំទេ ហើយគ្រប់វិស័យសិល្បៈនៅវៀតណាមសុទ្ធតែមានតម្លៃដោយឡែករបស់ខ្លួន។
ខ្ញុំដឹងថា រឿងល្ខោន “ប្រឈមមុខនឹងភាពគ្មានទីបញ្ចប់” មានមហិច្ឆតាក្នុងការធ្វើទំនើបកម្មសិល្បៈប្រពៃណីវៀតណាម
ឲ្យកាន់តែថ្មីថ្មោង។ ពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់”។
“ប្រឈមមុខនឹងភាពគ្មានទីបញ្ចប់” គឺជារឿងល្ខោនប្រកបដោយលក្ខណៈទម្លុះទម្លាយពីខ្លឹមសារទៅរបៀបសម្ដែង
ដែលសិល្បករបានផ្សំផ្ដុំបច្ចេកទេស និងភាសាចលនានៃរបាំសហសម័យ
ដែលជានិមិត្តរូបនៃលោកខាងលិច ជាមួយនឹងសិល្បៈល្ខោន tuong ប្រពៃណី។
ក្នុងការសម្ដែង ៣ យប់ គណៈកម្មាធិការរៀបចំបានលក់សំបុត្រជាង ១១០០ សន្លឹក
ដែលក្នុងនោះអ្នកទិញដែលមានអាយុពី ២២-៣៥ ឆ្នាំមានចំនួនច្រើនដែលបង្ហាញថា
"ប្រឈមមុខនឹងភាពគ្មានទីបញ្ចប់" បានបញ្ជាក់ពីភាពទាក់ទាញ ពីការច្នៃប្រឌិត
និងវិធីថ្មី ដើម្បីកាត់បន្ថយគម្លាតរវាង សាធារណជនវ័យក្មេង និងសិល្បៈប្រពៃណីជាតិ៕