12/09/2021 12:41 GMT+7 print

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួលជួបទីប្រឹក្សារដ្ឋ រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong (ខាងស្ដាំ) អញ្ជើញទទួល
ជួបទីប្រឹក្សារដ្ឋ រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi។ (រូបថត៖ VNA)


នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត វៀតណាមលោក Nguyen Phu Trong បានអញ្ជើញទទួលជួបលោក Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន ដែលកំពុងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនិងធ្វើជាសហអធិបតីកិច្ចប្រជុំលើកទី១៣គណៈកម្មការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិន។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានបញ្ជាក់នូវការគោរពរបស់បក្សនិងរដ្ឋវៀតណាមចំពោះទំនាក់ទំនងជាអ្នកជិតខាងមិត្តភាព ជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង វៀតណាម-ចិន។ លោកអគ្គលេខាបក្សស្នើឲ្យភាគីទាំងពីរ នាពេលខាងមុខ បន្តបង្កើនជំនួបប្រាស្រ័យជាន់ខ្ពស់ ពង្រឹងទំនាក់ទំនងមិត្តភាព ជំនឿទុកចិត្តនយោបាយរវាងភាគីទាំងពីរ ហើយបង្កើនការផ្លាស់ប្ដូរបទពិសោធន៍អំពីការកសាងបក្សនិងការគ្រប់គ្រងប្រទេស។ ទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងក្រសួង ស្ថាប័ននិងខេត្ត ក្រុងនានានៃប្រទេសទាំងពីរ ជាពិសេសគឺខេត្តមានព្រំប្រទល់ជាប់គ្នា ព្រមទាំងខិតខំដោះស្រាយជម្លោះ ការខ្វែងគំនិតឲ្យបានសមហេតុផល រួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិនឲ្យកាន់តែអភិវឌ្ឍយ៉ាងល្អប្រសើរ ប្រកបដោយចីរភាព ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

រីឯខ្លួនវិញ រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បានជម្រាបពីលទ្ធផលសំខាន់ៗដែលភាគីទាំងពីរសម្រេចបាននៅកិច្ចប្រជុំលើកទី១៣ គណៈកម្មការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិន។ លោករដ្ឋមន្រ្តីចាត់ទុកថា ភាគីទាំងពីរត្រូវការពង្រឹងជំនឿទុកចិត្តនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានា ធ្វើឲ្យទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រចិន-វៀតណាមកាន់តែសម្បូរបែបពីមួយថ្ងៃទៅមួយថ្ងៃ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម