08/09/2021 12:02 GMT+7 print

ការផ្សាយសម្លេងជាភាសាបរទេស - ស្ពានតភ្ជាប់វៀតណាមជាមួយមិត្តភក្តិអន្តរជាតិ

គណៈកម្មការកិច្ចការបរទេស (VOV៥) វិទ្យុសម្លេង វៀតណាម ដោយមានកម្មវិធីផ្សាយសម្លេងជាភាសាបរទេស ត្រូវបានចាក់ផ្សាយលើកដំបូងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៤៥ គម្រប់ ៧៦ ឆ្នាំមុននេះ។ ចាប់តាំងពីពេលនោះមក បណ្ដាអ្នកសារព័ត៌មាន អ្នកនិពន្ធ VOV៥ ពីជំនាន់មួយទៅជំនាន់មួយ បានខិតខំប្រឹប្រែង សិក្សារៀនសូត្រ ច្នៃប្រឌិតដោយឥតឈប់ឈរ ដើម្បីអភិវឌ្ឍន៍ VOV៥ ឲ្យសក្តិសមជាទីភ្នាក់ងារសារព័ត៌មានកិច្ចការបរទេសជួរមុខរបស់បក្ស រដ្ឋាភិបាល ព្រមទាំងជាស្ពានតភ្ជាប់វៀតណាមជាមួយមិត្តភក្តិអន្តរជាតិផងដែរ។

នាបច្ចុប្បន្ននេះ VOV៥ កំពុងផលិតកម្មវិធីផ្សាយសម្លេងជាភាសាចំនួន១៣នោះ គឺអង់គ្លេស បារាំង ចិន រុស្ស៊ី ជប៉ុន អេស្ប៉ាញ់ ខ្មែរ ឡាវ ថៃ ឥណ្ឌូនេស៊ី អាល្លឺម៉ង់ កូរ៉េខាងត្បូង ព្រមទាំងមានកម្មវិធីផ្សាយសម្លេងជាភាសាវៀតណាមសម្រាប់ជនវៀតណាមនៅឯបរទេសផងដែរ។ គិតមកដល់ពេលនេះ VOV៥ ជាទីភ្នាក់ងារសារព័ត៌មានដោយមានកម្មវិធីផ្សាយជាភាសាបរទេសច្រើនបំផុតនៅវៀតណាម។

 

លោក Nguyen Tien Long ប្រធានគណៈកម្មការកិច្ចការបរទេស (VOV៥) (រូបថត៖ VOV)
 
ថ្នាក់ដឹកនាំ VOV៥ និងកម្មាភិបាលក្នុងកម្មវិធីផ្សាយជាភាសាអាល្លឺម៉ង់។


ខិតខំប្រឹងប្រែងនាំឲ្យរលកវិទ្យុឆ្ពោះទៅឆ្ងាយ

គណៈកម្មការកិច្ចការបរទេសនៃវិទ្យុសម្លេងវៀតណាម បានចាក់ផ្សាយកម្មវិធីដំបូងជាភាសាបារាំង​ ភាសា​អង់គ្លេស ភាសាម៉ានដារីន (ចិន) និងភាសា Esperanto (អេស្ប៉ាញ់) កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៤៥ ពោលគឺ៥ថ្ងៃក្រោយពីលោកប្រធានហូជីមិញអានសេចក្ដីប្រកាសឯករាជ្យ បង្កើតឡើងប្រទេសវៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋ ដែលសព្វថ្ងៃគឺសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ ក្នុងអំឡុងពេល៧៦ឆ្នាំនៃការកកើតនិងអភិវឌ្ឍនោះ គណៈកម្មការកិច្ចការបរទេសបានផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតដោយឥតឈប់ឈរដើម្បីតាមទាន់និន្នាការអភិវឌ្ឍនៃសារព័ត៌មានទំនើបលើពិភពលោក ព្រមទាំងបំពេញតម្រូវការរបស់មិត្តអ្នកស្ដាប់ទៀតផង។ តាមនោះ កម្មវិធីផ្សាយសម្លេងត្រូវបានវិនិយោគបច្ចេកវិទ្យាឌីជីថលតាមទិសពហុព័ត៌មាន ផ្លាស់ប្ដូរទម្រង់កម្មវិធី ក៏ដូចជារបៀបបង្ហាញរបស់ពិធីករ ដើម្បីលើកកំពស់កម្លាំងទាក់ទាញចំពោះមិត្តអ្នកស្ដាប់ ហើយសមស្របនឹងនិន្នាការនៃផ្នែកផ្សាយសម្លេងទំនើបទៀតផង។ អ្វីៗទាំងអស់សុទ្ធតែឆ្ពោះទៅរកគោលដៅ “Connectivity –Convergence – Convenience” (ការតភ្ជាប់ - ការបង្រួបបង្រួម - ភាពងាយស្រួល)។ លោក Nguyen Tien Long ប្រធានគណៈកម្មការកិច្ចការបរទេស (VOV៥) ឲ្យដឹងថា៖ “ពាក្យស្លោករបស់ VOV៥ គឺ ការតភ្ជាប់ - ការបង្រួបបង្រួម - ភាពងាយស្រួល អាចត្រូវបានយល់ថា កម្មវិធីនានារបស់ VOV៥ ត្រូវបានផ្សាយទៅកាន់មហាជនបរទេសតាមផ្លាតហ្វម (Platform) ជាច្រើន។ មិនត្រឹមតែជាការផ្សាយសម្លេងប៉ុណ្ណោះទេ ថែមទាំងតាមរយៈទំព័រវ៉ែបសាយ បណ្ដាញសង្គមដូចជា fanpage Youtube និងតាមវិធីដែលមហាជនមានតម្រូវការដូចជា podcast និង Google spotify ទៀតផង។ នេះមិនត្រឹមតែជាកម្មវិធីផ្សាយសម្លេងប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែជាការផ្សាយសម្លេង ឌីជីថល ផ្សាយសម្លេងតាមអ៊ីនធឺណិត ដោយមានព័ត៌មាន អត្ថបទសរសេរ រូបថត វីដេអូឃ្លីប ខ្សែភាពយន្តខ្នាតខ្លី និងកម្មវិធី livestream អំពីព្រឹត្តិការណ៍សំខាន់ៗ កម្មវិធីសិល្បៈដោយមានតម្លៃ ឬឥស្សរៈជនដែលត្រូវបានមហាជនយកចិត្តទុកដាក់ផងដែរ”។

VOV៥ - ស្ពានតភ្ជាប់វៀតណាមជាមួយមិត្តភក្តិអន្តរជាតិ

រលកវិទ្យុរបស់ VOV៥ នាបច្ចុប្បន្នបានឈានទៅកាន់ប្រទេសនិងតំបន់ដែនដីចំនួនជាង៧០លើពិភពលោក។ VOV៥ មានកម្មវិធីដ៏សម្បូរបែបជាច្រើន ត្រូវបានធ្វើបច្ចុប្បន្នកម្មយ៉ាងឆាប់រហ័ស ទាន់ពេលវេលា បំពេញតម្រូវការព័ត៌មានរបស់មិត្តភក្តិអន្តរជាតិ ក៏ដូចជាសហគមន៍ជន វៀតណាមនៅឯបរទេស។ កម្មវិធីនានាដូចជា៖ វប្បធម៌វៀតណាម សេដ្ឋកិច្ចវៀតណាម ពណ៌របស់ជនជាតិទាំង៥៤របស់វៀតណាម ប្រអប់សំបុត្រមិត្តអ្នកស្ដាប់ រួមជាមួយខ្លឹមសារពិសេសដោយ ឡែកសម្រាប់បម្រើក្រុមមិត្តអ្នកស្ដាប់ផ្សេងៗគ្នាដូចជា៖ បង្អួចមិត្តវ័យក្មេង មកដល់វៀតណាមថ្ងៃអាទិត្យ ដំបូលអាស៊ាន ជានិច្ចកាលទទួលបានប្រតិកម្មយ៉ាងសកម្មរបស់មិត្តអ្នកស្ដាប់។ មិត្តអ្នកស្ដាប់ Josh Tyler ជនជាតិអង់គ្លេស ចែករំលែកថា៖ “ចាប់តាំងពីបានស្គាល់ដល់ VOV៥ មក ខ្ញុំតែងតែចំណាយពេលវេលាជាច្រើននៅចុងសប្ដាហ៍ដើម្បីស្ដាប់កម្មវិធីផ្សាយសម្លេងរបស់មិត្ត។ កម្មវិធីដែលខ្ញុំពេញនិយមបំផុតគឺ រកឃើញវៀតណាមនិងវប្បធម៌វៀតណាម។ VOV ជាប្រភពព័ត៌មានមួយដើម្បីខ្ញុំស្វែងយល់ពីវៀតណាមមុនពេលមកដល់ទីនេះ។ ព័ត៌មានដែលមិត្តផ្គត់ផ្គង់ មានប្រយោជន៍ខ្លាំងណាស់។ ដូច្នេះ នៅពេលមកធ្វើការ រស់នៅវៀតណាម ខ្ញុំមិនមានអារម្មណ៍ខុសប្លែកចំពោះប្រទេសវៀតណាមទេ។ អរគុណ VOV”។

ចំណែកឯមិត្តអ្នកស្ដាប់ Rudy Hartono នៅឥណ្ឌូនេស៊ី ដែលជាមិត្តអ្នកស្ដាប់ដ៏ជិតស្និទ្ធិរបស់វិទ្យុសម្លេងវៀតណាមអស់រយៈពេលជាង៣០ឆ្នាំកន្លងមក ក៏មានការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍរបស់ VOV ក៏ដូចជាការរួមវិភាគទានរបស់ VOV៥ ក្នុងការតភ្ជាប់មិត្តអ្នកស្ដាប់ឥណ្ឌូនេស៊ីជាមួយវៀតណាម ដើម្បីជួយគេកាន់តែស្រឡាញ់ទឹកដី មនុស្សវៀតណាមថែមទៀត។

“ចំណាប់អារម្មណ៍របស់ខ្ញុំអំពី VOV គឺជ្រាលជ្រៅណាស់។ ខ្ញុំជានិច្ចកាលកោតសរសើរពិធីកររបស់ VOV ហើយមានក្ដីសប្បាយរីករាយនៅពេលដែល VOV បានរួមចំណែកបង្កើតទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរវៀតណាមនិងឥណ្ឌូនេស៊ី។ VOV មានលក្ខណៈជំនាញក្នុងការផ្សាយព័ត៌មានពីវៀត ណាមទៅកាន់ពិភពលោក តាមរយៈភាសាចំនួន១៣។ សង្ឃឹមថា VOV នឹងកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ហើយខិតមកជិតមិត្តអ្នកស្ដាប់លើទូទាំងពិភពលោក”។

ជារៀងរាល់ឆ្នាំ កម្មវិធីផ្សាយសម្លេងនានារបស់ VOV៥ ទទួលបានសំបុត្រ ទូរស័ព្ទ អត្ថាធិប្បាយជាមធ្យមជាង១ម៉ឺន ពីមិត្តអ្នកស្ដាប់។ ក្នុងសំបុត្រ មិត្តអ្នកស្ដាប់ជាច្រើនបានអះអាងថា VOV៥ជាប្រភពព័ត៌មានគួរឲ្យទុកចិត្ត ដើម្បីជួយឲ្យពូកគេស្វែងយល់ពីវៀតណាម ហើយចែករំលែកមនោសញ្ចេតនា សេចក្ដីស្រឡាញ់របស់ពួកគេជូនចំពោះកម្មាភិបាល បុគ្គលិកទាំងអស់របស់ VOV។ នោះគឺការលើកទឹកចិត្តខាងស្មារតីដ៏ថ្លៃថ្លា ជាកម្លាំងចលករដើម្បីជួយកម្មាភិបាល បុគ្គលិកនៃ VOV៥ បន្តខិតខំប្រឹងប្រែង លះបង់អស់ពីសមត្ថភាព ដើម្បីនាំឲ្យរលកវិទ្យុវៀតណាមកាន់តែឈានទៅឆ្ងាយ តភ្ជាប់វៀត ណាមជាមួយមិត្តភក្តិអន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម