18/07/2021 09:28 GMT+7 print

វៀតណាមអំពាវនាវឱ្យការពារសុវត្ថិភាព​ជូនបុគ្គលិក​មនុស្សធម៌​ក្នុងជម្លោះប្រដាប់អាវុធ

នៅថ្ងៃទី ១៦ ខែកក្កដា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ដើម្បីស្តាប់របាយការណ៍ស្តីពីកិច្ចការពារបុគ្គលិកមនុស្សធម៌ក្នុងជម្លោះប្រដាប់អាវុធ។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ TTXVN)


អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានចាត់ទុកថា ក្នុងបរិបទជំលោះអូសបន្លាយ ដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត និងជីវភាពរស់នៅរបស់ជនស៊ីវិលនោះ បុគ្គលិកមនុស្សធម៌ និងបុគ្គលិកនៃអង្គការសហប្រជាជាតិបានដើរតួនាទីដ៏សំខាន់ ក្នុងការបន្ធូរបន្ថយបន្ទុកមនុស្សធម៌ និងជួយឧបត្ថម្ភប្រជាជន។ ដូច្នេះហើយ លោកឯកអគ្គរដ្ឋទូតបានថ្កោលទោសចំពោះសកម្មភាពវាយប្រហារ និងអំពើហឹង្សាចំពោះបុគ្គិកមនុស្សធម៌និងបុក្គលិកអង្គការសហប្រជាជាតិ ព្រមទាំងអំពាវនាវឱ្យភាគីជម្លោះទាំងអស់គោរពកាតព្វកិច្ចតាមច្បាប់មនុស្សធម៌អន្តរជាតិ ស្តីពីការប្រកាន់រវាងយុទ្ធជន និងជនស៊ីវិល ការពារហេដ្ឋារចនាសម្ព័ន្ធចាំបាច់ចំពោះការរស់នៅរបស់ប្រជាជន ការពារសុវត្ថិភាពជូនបុគ្គលិកមនុស្សធម៌ និងធានាការងារមនុស្សធម៌ ដែលមិនរងការរារាំង។

ទាក់ទងនឹងគោលការណ៍សកម្មភាពមនុស្សធម៌នោះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវរក្សាសត្យានុម័ត អព្យាក្រឹត និងឯករាជ្យ ហើយគោរពធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ស្ដីពីអធិបតេយ្យភាពជាតិ មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ក៏ដូចជាគោរពច្បាប់របស់ប្រទេសទទួលផងដែរ។ ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូតបានចាត់ទុកថា អង្គការមនុស្សធម៌នានាចាំបាច់ត្រូវបង្កើនការសន្ទនាជាមួយប្រទេសទទួល និងភាគីជម្លោះនានា សំដៅស្វែងរកដំណោះស្រាយជំនះពុះពារលើការលំបាក និងឧបសគ្គចំពោះសកម្មភាពមនុស្សធម៌ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម