10/07/2021 13:49 GMT+7 print

ជំរុញថែមទៀតភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - អឺរ៉ុប

អនុរដ្ឋមន្រ្តីការបរទេស Nguyen Quoc Dung បានចូលរួមកិច្ចប្រជុំតាមអ៊ិនធឺរណែតរបស់មន្ត្រីជាន់ខ្ពស់អាស៊ាន - EU នៅថ្ងៃទី ៨ ខែកក្កដា (រូបថតៈ baoquocte.vn) 
 

នេះគឺជាកិច្ចប្រជុំប្រចាំឆ្នាំរបស់អនុរដ្ឋមន្រ្តីការបរទេសអាស៊ាន - សហភាពអឺរ៉ុប ដើម្បីពិនិត្យឡើងវិញនិងតម្រង់ទិសនៃទំនាក់ទំនង និងផ្លាស់ប្តូរយោបល់លើបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក ក៏ដូចជា ត្រៀមសម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន - សហភាពអឺរ៉ុប  នាខែសីហា ២០២១ ។ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធាន SOM អាស៊ានវៀតណាមរួមជាមួយប្រធាន SOM នៃបណ្តាប្រទេសអាស៊ាននិងជាប្រធាន SOM-EU លោក Gunnar Wiegan អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ី - ប៉ាស៊ីហ្វិក នៃភ្នាក់ងារកិច្ចការបរទេសអឺរ៉ុប (EEAS) បានចូលរួមប្រជុំ។

ថ្លែងមតិនៅឯកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់និងចូលរួមវិភាគទានជាវិជ្ជមានដល់ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - EU។ ដោយវាយតម្លៃខ្ពស់ចំពោះការគាំទ្រយ៉ាងសកម្មនិងមានប្រសិទ្ធភាពរបស់ EU លោកអនុរដ្ឋមន្ត្រីបានស្នើឲ្យសហភាពអឺរ៉ុបធានាថា បណ្តាប្រទេសអាស៊ានទទួលបានវ៉ាក់សាំងទាន់ពេលវេលានិងស្មើភាពគ្នា ជួយឧបត្ថម្ភលើការផ្ទេរបច្ចេកវិទ្យានិងបង្កើនការផលិតវ៉ាក់សាំងនៅក្នុងតំបន់ ព្រមទាំងសម្របសម្រួលលើកកម្ពស់ការស្តារសេដ្ឋកិច្ចនិងកំណើនបៃតងប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍចីរភាព។

ចូលរួមចែករំលែកយោបល់នៅឯកិច្ចប្រជុំ លោកអនុរដ្ឋមន្រ្តីបានស្នើថា EU បន្តចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការឆ្លើយតបចំពោះបញ្ហាប្រឈមនានាចំពោះសន្តិសុខនិងស្ថិរភាពក្នុងតំបន់។ លោកអនុរដ្ឋមន្ត្រីបានអះអាងជាថ្មីនូវគោលជំហរជាគោលការណ៍របស់អាស៊ានស្តីពីបញ្ហាសមុទ្រខាងកើត ដោយស្នើឱ្យ EU បន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការថែរក្សាសន្តិភាព សន្តិសុខនិងស្ថិរភាពនៅសមុទ្រខាងកើត ហើយអនុវត្តយ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងបញ្ចប់ការចរចារស្តីពីក្រមប្រតិបត្តិ សម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយសុពលភាពនិងប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម