18/06/2021 09:00 GMT+7 print

លើកកម្ពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាងវៀតណាម និងចិន

នាថ្ងៃទី ១៧ មិថុនា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញជួបចរចាតាមប្រព័ន្ធវីដេអូជាមួយលោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន (រដ្ឋសភាចិន)។
 

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញជួបចរចាតាមប្រព័ន្ធវីដេអូជាមួយលោក Li Zhanshu ប្រធានរដ្ឋសភាចិន (រូបថត៖ TTXVN)



នៅក្នុងការចរចានេះ ប្រធានរដ្ឋសភាទាំងពីររូបសុទ្ធតែបានអះអាងពីសារៈសំខាន់នៃទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម - ចិនក្នុងគោលនយោបាយកិច្ចការបរទេសរបស់ប្រទេសនីមួយៗ ហើយបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនិងលទ្ធផលក្នុងទំនាក់ទំនងដ៏សំខាន់របស់បក្សទាំងពីរ រដ្ឋទាំងពីរ ជាពិសេសគឺកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរក្នុងរយៈពេលកន្លងទៅ។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue មានបំណងចង់រួមជាមួយលោកប្រធានរដ្ឋសភា Li Zhanshu ដឹកនាំបណ្ដាស្ថាប័នមានសមត្ថកិច្ចរបស់ភាគីទាំងពីរអនុវត្តន៍ល្អនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងរដ្ឋសភាចិន។

ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច - ពាណិជ្ជកម្មនោះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើឲ្យចិនបង្កើនការនាំចូលទំនិញរបស់វៀតណាម យកចិត្តទុកដាក់ និងបន្តជួយឧបត្ថម្ភគាំទ្រវៀតណាមក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ព្រមទាំងពង្រឹងការសម្របសម្រួលគ្រប់គ្រងព្រំដែនគោក ជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានា។

 

ប្រធានរដ្ឋសភាលោក Vuong Dinh Hue (រូបថត៖ TTXVN)


ទាក់ទិននឹងបញ្ហាសមុទ្រខាងកើតនោះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើ ឲ្យ ភាគីទាំងពីររួមគ្នាខិតខំប្រឹងប្រែង រក្សាសន្តិភាព ស្ថិរភាព ដោះស្រាយបញ្ហានៅសមុទ្រឱ្យបានត្រឹមត្រូវ គោរពផលប្រយោជន៍ស្របច្បាប់ របស់គ្នាទៅវិញទៅមក ស្របតាមស្មារតីយល់ដឹងរួមនៅថ្នាក់ជាន់ខ្ពស់ ជាពិសេសគឺកិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋានដឹកនាំការដោះស្រាយបញ្ហាសមុទ្ររវាងវៀតណាមនិងចិន និងស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ។

ដោយផ្អែកលើមូលដ្ឋាន ដែលអះអាងថា បក្ស រដ្ឋសភា និងប្រជាជនចិនគោរពទំនាក់ទំនងភាពជាអ្នកជិតខាងមិត្តភាព ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាមនោះ លោកប្រធានរដ្ឋសភាចិន Li Zhanshu បានឯកភាពថា ចាំបាច់ត្រូវជំរុញជំនួបប្រាស្រ័យទាក់ទងគ្នាជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់។ ទន្ទឹមនឹងនេះ លោកបានស្នើឲ្យភាគីទាំងពីរគោរពការយល់ដឹងរួមថ្នាក់ជាន់ខ្ពស់ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនៅលើសមុទ្រ អនុវត្តល្អនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងជំរុញការសម្រេចឲ្យបានក្រមប្រតិបត្តិសមុទ្រខាងកើត (COC) ក្នុងពេលឆាប់ៗផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម