20/04/2021 06:30 GMT+7 print

ប្រធានរដ្ឋ លោក Nguyen Xuan Phuc នឹងធ្វើជាអធិបតីនៃកិច្ចប្រជុំកំពូលរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

យោងតាមរបៀបវារៈ នៅរសៀលថ្ងៃទី ១៩ ខែមេសា (តាមម៉ោងវៀតណាម) ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នឹងធ្វើជាអធិបតីនៃកិច្ចប្រជុំកំពូលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នឹងធ្វើជាអធិបតីនៃកិច្ចប្រជុំកំពូលនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ


នេះក៏ជាព្រឹត្តិការណ៍សំខាន់និងមានអត្ថន័យបំផុត ពីព្រោះនេះជាលើកដំបូង ដែលប្រធានរដ្ឋវៀតណាមធ្វើជាអធិបតី ក្នុងសម័យប្រជុំក្រុមប្រឹក្សាសន្ដិសុខនៃអង្គការសហប្រជាជាតិ។ ហើយនេះក៏ជាសកម្មភាពការទូតពហុភាគីដ៏មានសារៈសំខាន់ដំបូងបង្អស់ របស់លោកប្រធានរដ្ឋ Nguyen Xuan Phuc ចាប់តាំងពីលោកបានឡើងកាន់តំណែងមក។ ប្រធានបទ នៃកិច្ចប្រជុំគឺពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គការ សហប្រជាជាតិ និងអង្គការក្នុងតំបន់ ក្នុងការជំរុញការកសាងទំនុកចិត្តនិងកិច្ចសន្ទនាក្នុងការរាំងស្កាត់និងដោះស្រាយជម្លោះ។ យោងតាមអនុរដ្ឋមន្រ្តីការបរទេស លោក Dang Hoang Giang បានឲ្យដឹងថា នេះគឺជាប្រធានបទសំខាន់ប្រកបដោយបរិយាប័ន្នបំផុតរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលជាទីភ្នាក់ងារសំខាន់របស់អង្គការសហប្រជាជាតិក្នុងការរាំងស្កាត់សង្គ្រាមនិងជម្លោះ រក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ។ លោកអនុរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖ “នេះក៏ជាបញ្ហាដែលទាក់ទាញការយកចិត្តទុកដាក់ពីអន្តរជាតិក្នុងបរិបទដែលសន្តិភាពនិងស្ថិរភាពគឺជានិន្នាការសំខាន់មួយ ខណៈពេលដែល ជម្លោះនិងការប្រកួតប្រជែងនៅតែកើតមានឡើងនៅតាមកន្លែងមួយចំនួន។ ជ្រុងទី ២ នៃប្រធានបទគឺកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងអង្គការក្នុងតំបន់ ដើម្បីការពារនិងដោះស្រាយជម្លោះ។ ក្នុងនាមជាសមាជិកនៃយន្តការក្នុងតំបន់សំខាន់ៗជាច្រើន ជាពិសេសអាស៊ាន វៀតណាមមានបំណងចង់អោយអង្គការក្នុងតំបន់ លើកកម្ពស់តួនាទីរបស់ខ្លួន ពង្រឹងកិច្ចសហប្រតិបត្តិការនិងចែករំលែកទំនួលខុសត្រូវជាមួយអង្គការសហប្រជាជាតិក្នុងកិច្ចការពារនិងដោះស្រាយជំលោះក្នុងតំបន់ ដើម្បីស្ថេរភាពនិងវិបុលភាពក្នុងតំបន់និងពិភពលោក”។

អនុរដ្ឋមន្រ្តី លោក Dang Hoang Giang ក៏បានលើកឡើងផងដែរថា តាមរយៈព្រឹត្តិការណ៍នេះ វៀតណាមបានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់របស់វៀតណាមក្នុងការលើកកម្ពស់តួនាទីរបស់អង្គការក្នុងតំបន់ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ​និងអង្គការក្នុងតំបន់នានា ក្នុងនោះមានអាស៊ានក្នុងដំណើរការថែរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិយាយរួមនិងការរាំងស្កាត់ជម្លោះនិយាយដោយឡែក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម