10/01/2021 15:51 GMT+7 print

សមាគមនិស្សិតវៀតណាមនៅប្រទេសថៃជាទីបង្អែកដ៏រឹងមាំសំរាប់និស្សិតដែលរស់នៅឆ្ងាយពីស្រុកកំណើត

និស្សិតមួយចំនួននៃសមាគមនិស្សិតវៀតណាមប្រចាំនៅប្រទេសថៃក្នុងឱកាសផ្លាស់ប្តូរសកម្មភាពនិស្សិតកងទ័ពនៃបណ្តាប្រទេសមាជិកអាស៊ាន។
 

ទោះបីទើបបានបង្កើតឡើងក្នុងរយៈពេលប្រមាណ ៣ ឆ្នាំកន្លងមកក្តី ក៏ប៉ុន្តែ សមាគមនិស្សិតវៀតណាមនៅប្រទេសថៃដែលជាអង្គការមួយនៃសមាគមនិស្សិតវៀតណាម បានចូលរួមវិភាគទានយ៉ាងសំខាន់ក្នុងការតភ្ជាប់និស្សិតជាមួយសហគមន៍ ហើយបានក្លាយជាទីបង្អែកដ៏រឹងមាំទាំងផ្នែកសម្ភារៈ និងស្មារតីសម្រាប់និស្សិតនៅទីនេះទៀតផង ។

ត្រូវបានបង្កើតឡើងនៅខែធ្នូឆ្នាំ ២០១៧ ដោយមានសិក្ខាកាមជិត ២០០ នាក់ដែលកំពុងសិក្សានៅតាមសកល វិទ្យាល័យនិងមហាវិទ្យាល័យប្រមាណ២០ នៅប្រទេសថៃ សមាគមនិស្សិតវៀតណាមប្រចាំនៅប្រទេសថៃ គឺជាអង្គការមួយដែលកំពុងប្រតិបត្តិការក្រោមការតម្រង់ទិសដៅពីស្ថានទូតវៀតណាមប្រចាំនៅប្រទេសថៃ និងសមាគមនិស្សិតមជ្ឈិមវៀតណាមផងដែរ ។ ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ សមាគមបានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការបង្កើតចំណងសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមករវាងនិស្សិតវៀតណាម ដែលកំពុងសិក្សានៅតាមសកលវិទ្យាល័យនៅប្រទេសថៃ និងជាស្ពានតភ្ជាប់ដើម្បីជួយនិស្សិតវៀតណាម មានទំនាក់ទំនងជាមួយសហគមន៍អាណិកជនដែលមានឆន្ទៈឆ្ពោះទៅកសាងមាតុប្រទេសជាតិផងដែរ។ ជាពិសេសនាពេលថ្មីនេះ សមាគមបានរៀបចំការបរិច្ចាគថវិកា ដើម្បីជួយឧបត្ថម្ភដល់បងប្អូនប្រជាជននៅតាមបណ្តាខេត្តភាគកណ្តាលនៃប្រទេសវៀតណាម ដែលរងផលប៉ះពាល់ពីគ្រោះជំនន់ទឹកភ្លៀង ក៏ដូចជាចូលរួមកម្មវិធី «ផ្តល់អំណោយពោរពេញទៅដោយមនោសញ្ចេតនានៅសាលាព្រះពុទ្ធិសាសនា MCU» ជាដើម។ លោក Nguyen Huy Hoang  - ប្រធានសមាគមនិស្សិតវៀតណាមប្រចាំនៅថៃ បានមានប្រសាសន៍ថា៖

“សមាគមនិស្សិតក្នុងនាមជាស្ថាប័នតំណាងមួយសម្រាប់និស្សិតវៀតណាមនៅក្នុងប្រទេសថៃ បានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថានទូតដោយក្តាប់ជាប់បាននូវស្ថានភាពរបស់និស្សិតយ៉ាងដិតដល់និងសកម្ម ដើម្បីស្វែងយល់និងជួយទ្រទ្រង់ដល់ជីវភាពរស់នៅរបស់និស្សិតទាំងអស់នៅទីនេះ។  បើនិយាយអំពីការសិក្សាស្រាវជ្រាវ សមាគមនិស្សិតក៏មានក្រុមជំនាញដើម្បីជួយដល់និស្សិតក្នុងការចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក និងលើកកម្ពស់ការស្រាវជ្រាវនិងភាពច្នៃប្រឌិតរបស់និស្សិតផងដែរ។ ទាក់ទងនឹងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺ Covid-19 សមាគមនិស្សិតបានបង្កើតគេហទំព័រព័ត៌មាន និងហ្វានផេក (Fanpage) ដើម្បីផ្តល់ព័ត៌មានដល់និស្សិតឱ្យបានទាន់ពេលវេលានិងគ្រប់គ្រាន់បំផុត ដើម្បីជួយឲ្យនិស្សិតមានភាពម្ចាស់ការក្នុងការសិក្សារបស់ខ្លួនផងដែរ»។

ចាប់ពីដើមឆ្នាំ ២០២០ នៅពេលដែលជំងឺរាតត្បាតកូវីដ១៩ បានផ្ទុះឡើងយ៉ាងទំលំទូលាយ សមាគមនិស្សិតក៏បានបង្កើតក្រុមឃោសនា​អំពីជំងឺរាតត្បាតកូវីដ១៩ យ៉ាងឆាប់រហ័ស ក៏ដូចជាបង្កើតបណ្តាញតភ្ជាប់ទំនាក់ទំនងជាមួយសហគមនិស្សិតវៀតណាម ដើម្បីអនុវត្តការផ្សព្វផ្សាយព័ត៌មាន ជាពិសេសអំពីការរីករាលដាលនៃជំងឺកូវីដ១៩ ព្រមទាំងអំពាវនាវដល់និស្សិតជំនាញផ្នែកវេជ្ជសាស្រ្តនិងឱសថ ដើម្បីណែនាំដោយផ្ទាល់អំពីការថែទាំនិងការពារសុខភាពសម្រាប់និស្សិតអន្តរជាតិ។ រីឯនិស្សិតដែលស្ទាត់ជំនាញភាសាថៃ អាចតាមដានស្ថានភាពជំងឺឆ្លងនេះ រួមទាំងផ្តល់ព័ត៌មាន គោលនយោបាយ និងអនុសាសន៍របស់រដ្ឋាភិបាលថៃដល់សហគមន៍និស្សិតអន្តរជាតិផងដែរ។ វាយតំលៃចំពោះការរួមវិភាគទាន និងការធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពរបស់សមាគមនិស្សិតនាពេលកន្លងមក លោកស្រី Ton Nu Ngoc Han អតីតប្រធានសមាគមនេះបានមានប្រសាសន៍ថា៖

«សកម្មភាពរបស់សមាគមបានឆ្លុះបញ្ចាំងពីកម្លាំងយុវជន បញ្ញាឆ្លាតវៃ ការចែករំលែក និងការរីកសាយភាយចំណេះដឹង ដើម្បីបម្រើសហគមន៍ ជាពិសេសក្នុងបរិបទនៃជំងឺរាតត្បាតសកលកូវីដ១៩ របស់ស្សិតវៀតណាមនៅថៃ។ ចំណុចនេះបានបង្ហាញពីចំណងសាមគ្គីភាពដ៏ជិតស្និទ្ធរបស់សហគមន៍បញ្ញាវន្តវៀត    ណាមនៅឯបរទេស។ សហគមន៍បញ្ញាវន្តវៀតណាម មានសក្តានុពលជាច្រើនក្នុងការអភិវឌ្ឍន៍សហគមន៍ជនវៀតណាមនៅបរទេស ក៏ដូចជាចូលរួមចំណែកក្នុងការកសាងស្រុកកំណើតនិងប្រទេសជាតិរបស់ខ្លួនផងដែរ។

"ជាមួយនឹងសកម្មភាពជាក់លាក់ប្រកបដោយអត្ថន័យទាំងនេះ សមាគមនិស្សិតវៀតណាមនៅប្រទេសថៃ ពិតជាបានក្លាយជាស្ពាននិងទីបង្អែកដ៏រឹងមាំសម្រាប់និស្សិតដែលទៅសិក្សាឃ្លាតឆ្ងាយពីផ្ទះរបស់ខ្លួនផងដែរ។ មិត្ត Quynh Chau និងមិត្ត Vu Duy បានឲ្យដឹងថា៖

«នាពេលថ្មីៗនេះ ខ្ញុំបានចូលរួមក្នុងការជួយឧបត្ថម្ភតំបន់ភាគកណ្តាលវៀតណាមដោយរងគ្រោះទឹកជំនន់ ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរនាពេលកន្លងមក។ តាមគំនិតរបស់ខ្ញុំ នេះគឺជាសកម្មភាពជាក់ស្តែងនិងមានអត្ថន័យរបស់សមាគមនិស្សិតក្នុងការជួយសហគមន៍និស្សិតឱ្យឆ្ពោះទៅជួយឧបត្ថម្ភស្រុកកំណើតរបស់ខ្លួន។ ចូលរួមជាមួយក្រុមស្រាវជ្រាវនៃសមាគម ខ្ញុំមានឱកាស      តភ្ជាប់ទំនាក់ទំនង និងផ្លាស់ប្តូរបទពិសោធន៍ជាមួយបុគ្គលនិងក្រុមអ្នកស្រាវជ្រាវនៅប្រទេសថៃ។ ចំណុចនេះពិតជាចាំបាច់និងមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ខ្ញុំក្នុងរាល់សកម្មភាពស្រាវជ្រាវនៅប្រទេសថៃនាពេលខាងមុខផងដែរ” ។

“ក្នុងអំឡុងពេលដែលជំងឺកូវីដ១៩ បានផ្ទុះឡើង សមាគមនិស្សិតក៏បាន លើកទឹកចិត្តដល់យើងខ្ញុំ ហើយចំណុចនេះបានធ្វើឱ្យប្អូនមានអារម្មណ៍នឹងនរចិត្ត និងកាត់បន្ថយការនឹករលឹកផ្ទះទៀតផង ។ បើសិន ក្រោយពីពេលជំងឺរាតត្បាតកូវីដ១៩ ត្រូវបានគ្រប់គ្រងជាបណ្តោះអាសន្ននៅប្រទេសថៃប្រកបដោយជោគជ័យ យើងខ្ញុំបានចូលរួមក្នុងសកម្មភាពមួយចំនួនរបស់សមាគមដូចជា៖ កម្មវិធី«ផ្តល់អំណោយមួយពោរពេញទៅដោយក្តីស្រឡាញ់នៅសាលាព្រះពុទ្ធិសាសនា MCU » និងការបង្កើតក្រុមផ្សព្វផ្សាយព័ត៌មាន ដើម្បីរៃអង្គាសថវិកាជួយដល់ប្រជាជននៅតំបន់ភាគកណ្តាលនៃប្រទេសវៀតណាមផងដែរ»។

លោក Nguyen Huy Hoang  - ប្រធានសមាគមនិសិ្សតវៀតណាមប្រចាំនៅថៃបានបន្ថែមថា៖ ទោះបីជួបការលំបាកជាច្រើនក៏ដោយ នាពេលខាងមុខសមាគមនឹងខិតខំពង្រឹងអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីបង្កើនការធ្វើសកម្មភាពនៃក្រុមអ្នកស្ម័គ្រចិត្ត លេខាធិការដ្ឋាន និងគណៈកម្មការប្រតិបត្តិនៃសមាគមឲ្យបានច្រើនថែមទៀត សំដៅជួយតភ្ជាប់ទំនាក់ទំនង និងជួយឧបត្ថម្ភ គាំទ្រដល់និស្សិតឲ្យកាន់តែស៊ីជម្រៅនិងទំលំទូលាយថែមទៀត ព្រមាំងបង្កើត     ឱកាសល្អបំផុតក្នុងការតភ្ជាប់រវាងសហគមន៍និស្សិតវៀតណាមប្រចាំនៅថៃនិងសហគមន៍និស្សិតវៀតណាមនៅឯបរទេសផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម