08/01/2021 14:21 GMT+7 print

វៀតណាម - សហរដ្ឋអាមេរិកជំរុញកិច្ចសហប្រតិបត្តិការដើម្បីរក្សាទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយស្ថិរភាព

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញជួប សន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក Mike Pompeo (រូបថត៖ ក្រសួងការបរទេស)
 

នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជួប សន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក Mike Pompeo។

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលបានរួមចំណែករក្សានូវសន្ទុះអភិវឌ្ឍន៍និងជំរុញភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - សហរដ្ឋអាមេរិកឲ្យមានការអភិវឌ្ឍកាន់តែស៊ីជម្រៅនិងខ្លាំងក្លាលើគ្រប់វិស័យ។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានអបអរសាទរចំពោះការដែលភាគីទាំងសងខាងបានរៀបចំសកម្មភាពរំលឹកខួបលើកទី ២៥ ទិវាបង្កើតទំនាក់ទំនងការទូត ទោះបីជាស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ។

ជាមួយគ្នានោះ រដ្ឋមន្រ្តីការបរទេសទាំងពីររូបបានឯកភាពគ្នា បង្កើនកិច្ចសហប្រតិបត្តិការដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីនិងស្ថាប័ននយោ បាយរបស់គ្នាទៅវិញទៅមក ដោយរួមចំណែកជាវិជ្ជមានដល់សន្តិសុខ សន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងជុំវិញពិភពលោក។

ក្នុងឱកាសនេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo បានបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិកយកចិត្តទុកដាក់និងប្តេជ្ញាចិត្តចំពោះការរក្សា ទំនាក់ទំនងប្រកបដោយស្ថេរភាពជាមួយវៀតណាម ក៏ដូចជាគាំទ្រវៀតណាមឱ្យមានភាពរឹងមាំឯករាជ្យនិងវិបុលភាព នឹងកាន់តែដើរតួនាទីសំខាន់ក្នុងតំបន់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម