23/11/2020 14:37 GMT+7 print

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc៖ ទំនាក់ទំនងរវាងវៀតណាម-អាមេរិកទទួលបានការរីកចម្រើនគ្រប់ជ្រុងជ្រោយនិងជាក់ស្ដែង

លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃថា ក្រោយរយៈពេល២៥ឆ្នាំចាប់តាំងពីការបង្កើតមក ទំនាក់ទំនងរវាងវៀតណាម-អាមេរិកទទួលបានការរីកចម្រើនគ្រប់ជ្រុងជ្រោយ ជាក់ស្ដែងនិងកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ ដែលរួមវិភាគទានយ៉ាងសកម្មដល់សន្តិភព សន្តិសុខ កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងលើពិភពលោក។

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc (ខាងស្ដាំ) ទទួលជួបសម្ដែងការគួរសមជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Robert O’Brien។ (រូបថត៖ VGP)


នាថ្ងៃទី២១ វិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បាន ទទួលជួបសម្ដែងការគួរសមជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោកRobert O’Brien ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងឱកាសរំលឹកខួបលើកទី២៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃថា ក្រោយរយៈពេល២៥ឆ្នាំចាប់តាំងពីការបង្កើតមក ទំនាក់ទំនងរវាងវៀតណាម-អាមេរិកទទួលបានការរីកចម្រើនគ្រប់ជ្រុងជ្រោយ ជាក់ស្ដែងនិងកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃដែលរួមវិភាគទានយ៉ាងសកម្មដល់សន្តិភព សន្តិសុខ កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងលើពិភពលោក។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា វៀតណាមចាត់ទុកកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មគឺជាកម្លាំងចលករស្នូលក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយស្នើឲ្យស្ថាប័នពាក់ព័ន្ធនានានៃភាគីទាំងពីររក្សាកិច្ចសន្ទនាដោយឈរលើស្មារតីស្ថាបនា ការគោរពគ្នាទៅវិញទៅមក សំដៅស្វែងរកដំណោះស្រាយចំពោះរាល់កំហិតនៅសេសល់ ដើម្បីសម្រេចបានលទ្ធផលវិជ្ជមានបំផុតសម្រាប់ភាគីទាំងពីរ។

រីឯខ្លួនវិញ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Robert O’Brien បានអះអាងថា អាមេរិកយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ដោយផ្អែកលើការគោរពអឯករាជ្យភាព អធិបតេយ្យភាព បូរណភាពដែនដីនិងរបបនយោបាយរបស់គ្នាទៅវិញទៅមក ព្រមទាំងប្ដេជ្ញាចិត្តយ៉ាងខ្លាំងក្លាបន្តជំរុញចំណងទំនាក់ទំនងនេះឲ្យមានការរីកចម្រើនកាន់តែទូលំទូលាយ រឹងមាំ និងប្រកបដោយស្ថិរភាពនាពេលខាងមុខផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម