12/09/2020 14:39 GMT+7 print

AIPA ៤១ ជាជំហានសំខាន់ដើម្បីលើកកម្ពស់សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការក្នុងចំណោមសមាជិកសភាអាស៊ាន


ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជាអធិបតីនិងថ្លែងសន្ទរកថាបិទមហាសន្និបាតអន្តរសភាអាស៊ាន AIPA ៤១ (រូបថត៖ VOV5)
 

នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ​២០២០ មហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤១ (AIPA ៤១) ក្រោមមូលបទ “ការទូតសភាដើម្បីសម្រេចបានសហគមន៍អាស៊ានប្រកបដោយភាពស្អិតរមួតនិងការឆ្លើយតប” បានបញ្ចប់ក្រោយរយៈពេល ៣ ថ្ងៃធ្វើការ តាមប្រព័ន្ធវីដេអូ។ 
 
ពិធីបិទបានប្រារព្ធធ្វើឡើងក្រោមការដឹកនាំរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី  Nguyen Thi Kim Ngan ប្រធានមហាសន្និបាត AIPA ៤១។ អញ្ជើញអានសន្ទរកថាបិទនៅមហាសន្និបាត AIPA ៤១ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងជាប្រធានមហាសន្និបាត AIPA ៤១ បានមានប្រសាសន៍ថា AIPA ៤១ បានបញ្ចប់វគ្គប្រជុំចំនួន ៦ វគ្គ ដោយមានការពិភាក្សាប្រកបដោយមានប្រយោជន៍អំពីបញ្ហារួមរបស់ AIPA៖ “រួមជាមួយនឹងលទ្ធផលដែលសម្រេចបានពីបណ្តាមហាសន្និបាតកន្លងមកនេះ AIPA  ៤១ គឺជាជំហានសំខាន់បន្ទាប់ដើម្បី AIPA  បន្តអនុវត្តគោលបំណងដ៏ថ្លៃថ្លារបស់ខ្លួនគឺដើម្បីលើកកម្ពស់សាមគ្គីភាព ការយោគយល់និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាមានទំនាក់ទំនងជិតស្និទ្ធរវាងរដ្ឋសភានៃប្រទេសជាសមាជិកអាស៊ាន និងជាមួយរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន ក្នុងដំណើរការកសាងសហគមន៍ដើម្បីសន្តិភាព ស្ថិរភាពនិងមានផលប្រយោជន៍របស់ប្រជាជនគ្រប់រូប”។

ដោយសង្កត់ធ្ងន់លើការយល់ដឹងរបស់មហាសន្និបាតអំពីបញ្ហាប្រឈមនៃសន្តិសុខប្រពៃណី សន្តិសុខក្រៅប្រពៃណីនិងជំងឺរាតត្បាតកូវីដ ១៩ ដែលបានបង្កឡើងដល់តំបន់និងប្រទេសនីមួយៗ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអះអាងថា បញ្ហាទាំងនេះបានដាក់ចេញនូវសំណើបន្ទាន់របស់ AIPA គឺត្រូវបង្កើនសាមគ្គីភាព បង្កើនការទូតសភានិងរួមគ្នាកសាងសហគមន៍អាស៊ានមួយប្រកបដោយភាពស្អិតរមួតនិងការឆ្លើយតប៖ “លើវិស័យសេដ្ឋកិច្ច AIPA ៤១ បានលើកឡើងពីការប្តេជ្ញាចិត្តក្នុងការសម្របសម្រួលភាពសុខដុមនីយកម្មនៃច្បាប់ និងគោលនយោបាយស្តីពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មដើម្បីស្តារសកម្មភាពសេដ្ឋកិច្ចនិងទេសចរណ៍ឡើងវិញ ក្រោយពីជំងឺរាតត្បាតកូវីដ ១៩ ព្រមទាំងត្រៀមជាស្រេច  គាំទ្រអាស៊ានក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ RCEP ក្នុងឆ្នាំ ២០២០ ក៏ដូចជា ស្នើរដ្ឋាភិបាលនៃបណ្តាប្រទេសនានា ឱ្យជួយសម្រួលដល់សកម្មភាពពាណិជ្ជកម្ម កសាងសេដ្ឋកិច្ចវិលជុំ (Circular Economy) និងប្រើប្រាស់ថាមពលកកើតឡើងវិញដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងវិស័យវប្បធម៌សង្គម ស្ត្រីនិងយុវជន មហាសន្និបាត AIPA ៤១ បានអនុម័តលើគំនិតផ្តួចផ្តើមសំខាន់ៗដូចជា ជំរុញកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងគ្រឿងញៀន”។
 
មុនពេលបិទ មហាសន្និបាត AIPA ៤១ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដោយបញ្ចូលសភាន័រវែសនិងសភាម៉ារ៉ុកដែលជាអ្នកសង្កេតការណ៍របស់ AIPA។ ទន្ទឹមជាមួយគ្នានេះគឺពិធីប្រគល់ជូនពានរង្វាន់ដើម្បីការលះបង់ដ៏ឆ្នើមសម្រាប់ AIPA ជូនចំពោះលោកស្រី Pany Yathotou ប្រធានរដ្ឋសភាឡាវនិងអនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​