29/02/2020 21:14 GMT+7 print

ផ្លែទន្លាប់សម្ងួតដាឡាត (Dalat)

រៀង​រាល់​ឆ្នាំ​ឱ្យ​តែ​ដល់​ខែតុលារហូត​​ទៅ​​ ចម្ការ​ផ្លែ​ទន្លា​ប់​នៅ​​ក្រុង​ដាឡាត​ (Dalat) ចូល​រដូវ​​ផ្លែទន្លាប់​​ទុំ​ក្រហម​ស្អាត​ដូច​ជា ​​បង្កៀង​​គោម​​តូច​ច្រមិច​រាប់​រយពាន់​​ អុជ​​បញ្ចេញ​​ពន្លឺ ​ក្រោម​​​វាយោ​បោកបក់​​​។ ហើយ​នេះ ​ក៏​ជា​ឱកាស​​សម្រាប់​​ក្រុម​គ្រួសារ​ នៅ​​តំបន់​ភ្នំ​​មមាញឹក​​​ចូល​រដូវ​ប្រមូល​ផល​ ធ្វើ​​ផ្លែ​ទន្លាប់​​សម្ងួត​​​​ក្រោម​​​ខ្យល់​អាកាស​ ដែល​​ជា​ផលិត​ផល​ពិសេស​ប្រចាំ​​តំបន់ក្រុង​​ដាឡាត (Dalat)​​។​

ផ្លែ​ទន្លាប់​​ដាឡាត (Dalat) ​ជា​ប្រភេទ​ផ្លែ​មូល​ ទុំ​មាន​​ពណ៌​ក្រហម​ ពិសា​ស្រួយ​ រស​ផ្អែម​ត្រជាក់​។ នេះជា​​ប្រភេទ​ដំណាំ​តំបន់​​ត្រូពិក​ សាំ​នឹង​​​ធាតុអាកាស​ត្រជាក់​​ ដូចនេះ​​ទើប​មាន​វត្តមាន​​នៅ​​ក្រុង​ដាឡា​ត​ (Dalat) ​តាំង​ពីរយូរ​ មាន​​​អ្នក​ខ្លះ​យល់​ឃើញ​​ថា​​ដំណាំ​នេះ​ ​បាន​ជនជាតិ​​​បារាំង​​នាំ​យក​​មក​ដាំ ​ចាប់តាំង​​ពី​ដើម​សតវត្សរ៍​​ទី​​២០។​

មុន​នេះ​ ផ្លែ​ទន្លាប់​បាន​​ដាំឆ្លាស់​​តែ​​ជាមួយ​​នឹង​ប្រភេទ​​ដំណាំ​ផ្សេង​ៗ ឬ​ដាំទុក​ធ្វើជា​​​លម្អរ​។ រដូវ​​​ផ្លែ​ទន្លាប់​​ទុំ​​​តែង​​អូសបន្លាយ​​​ចាប់បី​ខែកក្កដា​ រហូត​ដល់​ខែ​ធ្នូ ប៉ុន្តែ​​ទុំ​ស្រុះ​​​នៅ​​ចម្លោះ​ខែ​តុលា​​​និងខែ​វិច្ឆិកា​​ ដើម​នីមួយ​ៗ​តែង​ផ្តល់​ផ្លែ​​ស្រស់ ​​​ចាប់ពី​​១​​ទៅ​ដល់​២០០​​​គីឡូក្រាម​ក្នុងមួយដើម​​។ ក្រោយ​​​មក​ អ្នក​ស្រុក​​​ដាឡាត (Dalat)​​​ឃើញ​ថា​​​ពូជ​ដើម​​នេះ ងាយ​​ដាំ ផ្លែ​​ច្រើន រសជាតិ​​ឆ្ងាញ់ ដូចនេះ​​ក៏​ដាំ​កាន់​តែ​ច្រើន​ទៅ​ ចម្បង​​យក​ផ្លែ​ស្រស់​ ឬ​​ធ្វើតំណាប់​ មានពេល​​ទុំ​ច្រើន​ពេក​ ទុក​​ជ្រុះចោល​ ក៏ដឹង​ទុក​​​ធ្វើ​អ្វី​ដែរ​។​

មកដល់​ឆ្នាំ​២០១៧ ដោយសារ​មាន​ការ​ជំនួយ​ពី​អង្គការ​ JICA និង​អ្នក​ឯកទេស​ជប៉ុន​ គណៈ​កម្មការ​ប្រជាជន​ក្រុង​ដាឡាត​ (Dalat) ទើប​ផ្តើ​ម​​រៀប​​ចំ​​វគ្គ​សិក្សា​​ហ្វឹក​​ហាត់ របៀប​​​ធ្វើ​ច្នៃ​ផ្លែ​ទន្លាប់​សម្ងួត​ តាមបែប​​​បច្ចេកវិទ្យា​​​ជប៉ុន​ ជូន​សម្រាប់​​អ្នកស្រុក​។​​

 


 ពូជ​​ផ្លែ​ទន្លាប់​នៅ​ក្រុង​​ដាឡាត (Dalat) មាន​​​ផ្លែ​ធំ រសជាតិ​​ផ្អែម ទុក​សម្រាប់​ច្នៃ​​ជា​ផលិត​ផល​​ពិសេស​ប្រចាំ​​តំបន់ ​ផ្លែ​​ទន្លាប់​សម្ងួត​។​ រូបថត៖ ថាញហ្វ័រ​


ផ្លែ​ទន្លាប់​​ដាឡាត ​(Dalat) តែង​ទុំ​ស្រុះ​នៅអំឡុង​​​ខែតុលា រហូត​ដល់​ខែ​​​វិចិ្ឆកា​ នេះ​ជា​​ពេល​​វេលា​សម​ស្រប់ ​សម្រាប់​​ប្រមូល​​ផល ​ច្នៃ​ធ្វើ​ជា​ផលិតផល​ពិសេ​ស​ប្រចាំ​តំបន់ផ្លែ​​ទន្លាប់​សម្ងួត​​។  ​ រូបថត៖ ថាញហ្វ័រ


ផ្លែ​ទន្លាប់ស្រស់​ ​ទើបនឹង​​ប្រមូលផល​ ​ទុកសម្រាប់​​ធ្វើជា​​ផលិត​ផល​ពិសេស​ប្រចាំ​តំបន់​​ទន្លាប់​​សម្ងួត​​។ ​ រូបថត៖ ថាញហ្វ័រ


 ច្នៃ​បឋម​​ ចិត​​​សម្អាត​​សំបក​​​ផ្លែ​ទន្លាប់ស្រស់ ​មុន​​ពេលយកទៅ​​ព្យួរ​​ហាល​ខ្យល់​។​​ រូបថត៖ ថាញហ្វ័រ​


 បទដ្ឋាន​​ច្នៃបឋម​ផ្លែ​ទន្លាប់​ បាន​​ធ្វើ​ទៅ​តាម​លំដាប់​។​ រូបថត៖ ត្រឹន​ថាញ​យ៉ាង​


ផ្លែ​​ទន្លាប់​ បន្ទាប់​ពី​ច្នៃបឋម​ ចិត​​សម្អាត​​​សំបក​​ដាក់លើ​ផ្លាន ​យកទៅ​សម្ងួត​។ រូបថត៖ ត្រឹន​ថាញ​យ៉ាង


ផ្លែ​ទន្លាប់​ព្យួរ​នៅ​ទី​លំហើយ​ ដើម្បី​​មាន​គុណភាព​​ល្អ​បំផុត​។​ រូបថត៖ ត្រឹន​ថាញ​យ៉ាង


ភ្ញៀវទេសចរ​​ពិសា​ផលិតផល​ពិសេស​ប្រចាំ​តំបន់​ផ្លែ​ទន្លាប់​សម្ងួត​។ ​រូបថត៖ ត្រឹន​ថាញ​យ៉ាង


ភ្ញៀវទេសចរថតរូបក្បែរចម្ការផ្លែទន្លាប់ទុំក្រហម។ រូបថត៖ ត្រឹនថាញយ៉ាង

 

បន្ទាប់ពី​​ផលិត​​សាក​ល្បង​ប្រកប​ដោយ​ជោគ​ជ័យ​ប៉ុន្មានលើក​ ឃើញ​ថា​ផ្លែ​ទន្លាប់​សម្ងួត​​ជា​ផលិតផល​គុណ​ភាព​ មាន​ប្រសិទ្ធភាព​​សេដ្ឋកិច្ច​ខ្ពស់​ ដូច្នេះ​សហករណ៍​​​​និង​​ប្រជាជន​មួយ​ចំនួន ​​​ចាប់​ផ្តើ​ម​​​កសាង​ពាណិជ្ជសញ្ញា​ផលិតផល​ផ្លែ​ទន្លាប់​​​សម្ងួត​ ព័ត៌មាន​ អាសយដ្ឋាន​ តែម​ឆែក​​រក​ប្រភព​​ដើម​ប្រាកដ​ប្រជា​ ធានា​អនាម័យ​​​សុវត្ថិភាព​​ស្បៀងអាហារ​។​

ដើម្បី​ផលិតផល​​ផ្លែទន្លាប់​សម្ងួត ​ក្លាយជា​ផលិតផល​​ពិសេសប្រចាំ​តំបន់​ ដាឡា​ត (Dalat) ​បាន​​អភិវឌ្ឍន៍​​តំបន់​ឯកទេស​ ច្នៃ​ផលិតផល​​​ផ្លែ​ទន្លាប់​​មួយ​ចំនួន​ ដូចជា​​ផ្លូវ​ខែ​សាញ​ (Khe Sanh) ផ្លូវ​ទ្រេវវៀតវឿង​ (Trieu Viet Vuong) ត្រាយ​​ម៉ាត​ (Trai Mat) តំបន់​ជើង​ភ្នំ​ Mimosa ឃុំ​ស្វឹន​​ទ្រឿង​ (Xuan Truong) នៃ​ក្រុង​ដាឡាត (Dalat) ឆ្ងាយ​ជាង​នេះ​បន្តិច​ មានទីរួម​ស្រុក​​នៅស្រុក​ដើន​យឿង (Don Duong) ​​ជាដើម​។​
 
 

អាសយដ្ឋាន​ផលិត​កម្ម​​និង​អាជីវកម្ម​ផ្លែ​​ទន្លាប់​សម្ងួត​​ល្បី​ឈ្មោះ​មួ​យចំនួន​នៅក្រុង​​ដាឡាត​​ (Dalat)។​
- មូលដ្ឋាន​​​ចម្ការ​ផ្លែ​ទន្លាប់​ ​​​ឡេ​វឹន​ (Le Van) លេខ​៤៥ ផ្លូវ​​ខ្វែ​សាញ​ (Khe Sanh) ក្រុង​ដា​ឡាត (Dalat)​។​
- មូលដ្ឋាន​​​ផ្លែ​ទន្លាប់​​សម្ងួត​ ត្រាម​​​ហាញ (Tram Hanh) លេខ​០០៧/១ ផ្លូវ​ត្រាម​ហាញ​ម៉ោក​ (Tram Hanh) ឃុំ​​ត្រាម​ហាញ (Tram Hanh) ក្រុង​​ដាឡាត (Dalat)​​។​
- សហករណ៍​សេវាកសិកម្ម​ទូទៅ​ ដឹក​ឡាង​កូវ​ដឹក​ (Dat Lang Cau Dat) ភូមិ​ដឹត​ឡាង​ (Dat Lang) ឃុំ​ស្វឹនទ្រឿង​​ (Xuan Truong ) ក្រុង​​ដាឡាត​ (Dalat)​។
- ប្រព័ន្ធ​ផ្សារ​ទំនើប​ផលិត​ផល​​ពិសេស​ប្រចាំតំបន់​​ដាឡាត​ (Dalat) L'angfarm Store​ មាន​​ហាង​លក់​ចំនួន​​៣០​ នៅ​​ក្រុង​ដាឡាត​ (Dalat) ហូជីមិញ​ ញ៉ាត្រា​ (Nha Trang) ក្រុង​ដាណាំង​ ខេត្ត​វូង​តាវ​ (Vung Tau)។​

ផ្លែ​ទន្លាប់​​នៅ​ទីនេះ បាន​ដាំ​​បែប​ធម្មជាតិ​ មិន​ប្រើ​ថ្នាំ​កម្ចាត់​​សត្វ​ល្អិត​ ពេល​ផ្លែ​ទុំ​​ប្រមូល​ផល​រួច​ លាង​ស្អាត​ ចិត​សំបក​​ យកទៅ​ដាក់​ក្នុង​បន្ទប់​គ្មានបាក់តេរី ចុង​​ក្រោ​យ​បង្អស់​​ គឺ​យក​ផ្លែ​ទន្លាប់​​ចេញ​ទៅ​ព្យួរ​​ក្នុង​រោង​។ ផ្លែ​បាន​ចង​ព្យួរ​ដោយ​ខ្សែ​អំបោះ​ ចន្លោះ​​គ្នា​​ប្រហែល​២០ ទៅដល់​​២៥​​សង់​ទីម៉ែត្រ​ ទុកឱ្យ​ខ្យល់​ធម្មជាតិ​បក​សម្ងួត​​សន្សឹមៗ​។ ព្យួរ​ប្រហែល​​ពី​២០​ទៅដល់​២៥ថ្ងៃ​​ ផ្លែ​​នឹង​រួញ​​ស្ងួត​ដោយ​បាត់ទឹក​ ​ប៉ុន្តែ​នៅតែរក្សា​បាន​រសជាតិ​​ក្លិន​ក្រអូប​ បរិមាណ​ជាតិ​ស្ករ​ធម្មជាតិ​នៅ​ក្នុង​ផ្លែ​។ ជួប​​ធាតុអាកាស​អំណោយ​ផល​ ផ្លែ​ស្រស់​ប្រហែល​​៦គីឡូក្រាម ​នឹង​ធ្វើបាន​​ជា​ផ្លែ​​សម្ងួត​១គីឡូ​ក្រាម​​។ ពេលផ្លែ​ទន្លាប់​​ស្ងួត​ត្រូវ​​តាម​សំណូម​ពរ​​ ពួក​គាត់​​នឹង​​វេច​ខ្ចប់​​បើត​​​ខ្យល់ចេញ​ពី​ថង់​ បិទ​ផ្លាក នាំ​​ចេញ​ទៅ​ប្រើប្រាស់​។​ ផ្លែ​ទន្លាប់​សម្ងួត​ ​បើ​ធ្វើ​ត្រូវ​តាម​​បច្ចេកទេស​ នឹងមាន​ពណ៌ក្រហម​​​ជាំ​ចាប់​ចិត្ត​ ទុក​យូរ​ឡើង​ជាតិ​ស្ករ​​ធម្មជាតិ​ពណ៌ស​នៅ​​ពី​ក្រៅ​ មាន​​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​​ជាង ​បើប្រៀប​​នឹង​ពេល​ទើប​​នឹង​សម្ងួតរួច​​។​

ផ្លែ​ទន្លាប់​​​សម្ងួត​​ពិសា​​​ស្វិត​ មាន​រសជាតិ​ផ្អែម​​​ត្រជាក់​ ក្លិន​ក្រអូប​​​ធម្មជាតិ​ ដោយ​​គ្មាន​​​ប្រើ​ជាតិ​​រក្សា​​ តម្លៃ​ពី​​៣៥០ ទៅដល់​៥០០​ពាន់​​ដុង ​ក្នុងមួយ​គីឡូក្រាម​ តាម​​​ប្រភេទ​នីមួយ​ៗ។ ផលិតផល​​អាច​​ទុក​យូរ​​​ឡើង​ដល់​មួយ​​​ឆ្នាំ​ ប្រសិន​បើ​រក្សទុក​​ត្រូវ​​របៀប​។ ទីផ្សា​រប្រើប្រាស់​​ចម្បង​ គឺទីក្រុង​ហូជីមិញ​ ខេត្ត​ខាញ​ហ្វ័រ​  (Khanh Hoa) ក្រុង​ដាណាំង។ល។​ រយៈ​​ពេល​​​បុណ្យ​ចូល​ឆ្នាំថ្មី​វៀតណាម ​តម្រូវការ​ប្រើប្រាស់​​ច្រើន​​ ដូច្នេះ​​ការផ្គត់​ផ្គង​ មិនអាច​គ្រប់​នឹង​តម្រូវការ​។​

សព្វថ្ងៃ​នេះ​ ប្រសិន​បើ​អញ្ជើញ​មក​ដល់​ក្រុង​ដាឡាត (Dalat) ​ត្រូវចំនឹង​រដូវ​ប្រមូលផល​​ផ្លែ​​ទន្លាប់ទុំ​ អំឡុង​​​ពេល​​​ខែ​តុលា រហូតដល់​​​ខែ​វិច្ឆិកា​ ភ្ញៀ​វទេសចរ​​អាច​អញ្ជើញ​ទៅ​កាន់​​​អាសយដ្ឋាន​ផលិត​​​ផ្លែ​ទន្លាប់​​សម្ងួត​ ដើម្បី​​ស្វែង​​រក​ទិញ​​ប្រភេទ​​ផលិត​ផល​នេះ​​ ទុក​ធ្វើ​ជា​​​ជំនូន​ ក្រៅ​ពី​នោះ ​​នៅមាន​ឱកាស​​បាន​ទស្សនា​ចម្ការ​​​ផ្លែ​ទន្លាប់​ទុំ​ក្រហម​​ឆ្អៅ​​ បន្ទំតែល​តោល​ស្រស់​ស្អាត​ ​នៅ​​ក្បែរ​ចង្កេះ​​ខ្ពង់​រាប​ ក៏ដូច​ជា​​ស្វែង​យល់​​របៀប​អ្នកស្រុក​​​ដាឡាត​ (Dalat) ​បាន​ខិត​​ខំ​​ផលិត​ចេញ​​នូវ​ផលិត​ផល​​ពិសេស​ប្រចាំ​តំបន់ ​ដែល​​មាន​ភាព​​ល្បីល្បាញ​​​នេះ​៕​


 

 អត្ថបទ​៖ ថាញ​ហ្វ័រ    រូបថត៖ ត្រឹន​ថាញ​យ៉ាង ថាញ​ហ្វ័រ​