28/12/2019 18:42 GMT+7 print

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ច ប្រជុំអនុវត្តភារកិច្ចឆ្នាំ២០២០របស់ផ្នែកឧស្សាហពាណិជ្ជកម្ម

នាព្រឹកថ្ងៃទី២៧ខែធ្នូ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៩និងអនុវត្តភារកិច្ចឆ្នាំ២០២០របស់ផ្នែកឧស្សាហពាណិជ្ជកម្ម។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (នៅកណ្ដាល) និងបណ្ដាថ្នាក់ដឹកនាំផ្សេងៗនៅក្នុងកិច្ចប្រជុំ

ស្នាដៃនៃផ្នែកឧស្សាហពាណិជ្ជកម្មក្នុងឆ្នាំនេះគឺនៅលើវិស័យនាំចេញ នាំចូលសម្រេចបានលទ្ធផលវិជ្ជមាន ក្នុងនោះ ទំហំនាំចេញនាំចូលសរុបហួសពីកម្រិត៥០០ពាន់លានដុល្លាអាមេរិក ដោយសម្រេចបាន ៥១៧ ពាន់ លានដុល្លាអាមេរិកទទួលបានអតិរេកពាណិជ្ជកម្មប្រមាណ ១០ ពាន់លានដុល្លាអាមេរិក។ បរិមាណមុខទំនិញដែលមានទំហំនាំចេញហួសពី ១ ពាន់លានដុល្លាអាមេរិកបន្តកើនឡើងដល់ទៅ ៣៩ មុខ ក្នុងនោះមានមុខទំនិញចំនួន ៦ ដែលមានទំហំនាំចេញហួសពី ១០ ពាន់លានដុល្លាអាមេរិក។ ទីផ្សារនាំចេញត្រូវបានបើកទូលាយ ដោយធ្វើអាជីវកម្មបានយ៉ាងល្អនូវទីផ្សារនានាដែលវៀតណាមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដូចជា EU ជប៉ុន អាមេរិក អូស្ត្រាលី។ ជាពិសេសគឺ ទំហំនាំចេញទៅកាន់ទីផ្សារដែលជាសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាព ជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) សម្រេចបាននូវលទ្ធផលដ៏ល្អប្រសើរ។ ក្នុង ឆ្នាំ២០១៩ ទំហំនាំចេញរបស់ប្លុកសហគ្រាសក្នុងស្រុកក៏កើនឡើងផងដែរ ដោយសម្រេចបានតម្លៃ ៨២ ពាន់ លានដុល្លាអាមេរិក ស្រូបយក១/៣ទំហំ នាំចេញសរុបរបស់ប្រទេសទាំងមូល។

ថ្លែងនៅកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃថា បណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីដែលវៀតណាមចូលរួមនាពេលកន្លងទៅបានសរអោយឃើញនូវភាពត្រឹមត្រូវក្នុងការងារពន្លឿនពាណិជ្ជកម្មនិងវិនិយោគសំដៅសម្រេចបានប្រសិទ្ធភាពខ្ពស់ជាងទៀត។ ក្នុងឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តីបានស្នើអោយផ្នែកឧស្សាហពាណិជ្ជកម្មត្រូវប្រមូលអារម្មណ៍ដើម្បីរួមជាមួយរដ្ឋាភិបាលសម្រេចភារកិច្ចនានាដែលបានដាក់ចេញ ក្នុងនោះមានការធ្វើអាជីវកម្មអោយបានល្អបំផុតនូវទីផ្សារនានាដែល​វៀតណាម​បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍​ថា​៖​
“ខ្ញុំស្នើអោយអនុវត្តដោយព្រមៗគ្នានូវកិច្ចព្រមព្រៀងពាណិជ្ចកម្មសេរីទាំងអស់ ដោយផ្តោតសំខាន់ទៅលើទីផ្សារមានសក្ដានុពលដូចជាទីផ្សារអាមេរិក ទីផ្សារ CPTPP និងទីផ្សារ EU។ កំណើននាំចេញនៅទីផ្សារ EU ត្រឹមតែពី ១ ដល់ ២% ប៉ុណ្ណោះ ខណៈដែលប្លុកនេះមានប្រទេសសមាជិកឡើងដល់ទៅ ២៨ ហេតុនេះហើយ នេះគឺជាទីផ្សារជាន់ខ្ពស់ដែលយើងត្រូវយកចិត្តទុកដាក់ រួមទាំងកសិផលស្បៀងអាហារ សំលៀកបំពាក់ និងផលិតផលនាំចេញផ្សេងៗទៀតរបស់វៀតណាម”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម