08/11/2019 09:11 GMT+7 print

ថ្នាក់ដឹកនាំទីក្រុង ហូជីមិញ អញ្ជើញទទួលជួបបេសកជនពិសេសនៃរាជរដ្ឋាភិបាលកម្ពុជា


 លោក Le Thanh Liem អនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ និងលោក លី វ៉ាន់ហុង បេសកជនពិសេសនៃរាជរដ្ឋាភិបាល និងជារដ្ឋលេខាធិការក្រសួងព័ត៌មានកម្ពុជា (រូបថត៖ TTXVN)
 

នាថ្ងៃទី៦​ ខែវិឆ្ជិកា ឆ្នាំ២០១៩ នៅទីក្រុងហូជីមិញ លោក Le Thanh Liem អនុប្រធាន​អចិន្រ្តៃយ៍នៃ​គណៈ​កម្មាធិការ​ប្រជាជនទីក្រុងហូជីមិញ បានអញ្ជើញទទួលជួបជាមួយ លោក លី វ៉ាន់ហុង បេសកជន​ពិសេស​នៃ​រាជរដ្ឋាភិបាល​ និងជារដ្ឋលេខាធិការក្រសួងព័ត៌មានកម្ពុជា ក្នុងឱកាសដែលលោកអញ្ជើញចូលរួម “ទិវាជួបប្រាស្រ័យ​មិត្តភាពអ្នកការសែតវ័យក្មេង យុវជន និស្សិតនៅបណ្តាខេត្តព្រំដែន វៀតណាម - កម្ពុជា”។
 
នៅក្នុងជំនួប​នេះ លោក លី វ៉ាន់ហុង  បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរៀបចំ “ទិវាជួបប្រាស្រ័យ​មិត្តភាព​អ្នក​ការសែតវ័យក្មេង យុវជន និស្សិតនៅបណ្តាខេត្តព្រំដែន វៀតណាម - កម្ពុជា” ក្នុងឱកាស​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី៥២ នៃការបង្កើតទំនាក់ទំនងការទូតទ្វេភាគី។ លោកក៏បន្តថាសកម្មភាពទាំងនេះ បានបង្ហាញនូវការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការបង្កើនការយល់ដឹងគ្នានិងរឹតបន្តឹងចំណងសាមគ្គីភាពនិងមិត្តភាពរវាងយុវជននៃប្រទេសទាំងពីរ។
 
លោកសង្ឃឹមថាប្រទេសទាំងពីរនឹងបន្តរៀបចំកម្មវិធីនេះក្នុងឆ្នាំខាងមុខទៀតដើម្បីរួមចំណែកពង្រឹងនិងពង្រីកនូវទំនាក់ទំនង «ប្រទេស​ជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពជាយូរអង្វែង” រវាង     វៀត​ណាម​និងកម្ពុជាផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​