22/12/2018 11:36 GMT+7 print

គណៈបក្សប្រជាជនកម្ពុជាបិទបញ្ចប់ សន្និបាតគណៈកម្មាធិការកណ្ដាល លើកទី ៤១ អាណត្តិទី៥


  ទិដ្ឋភាពនៃសន្និបាតគណៈកម្មាធិការកណ្ដាល លើកទី ៤១ អាណត្តិទី៥

 នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ​២០១៨ គណបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាចនៅកម្ពុជាបានបិទបញ្ចប់ សន្និបាត​​គណៈកម្មាធិការកណ្ដាល លើកទី ៤១ អាណត្តិទី៥។

ថ្លែងនៅ​ក្នុងសន្និសីទសារព័ត៌មាន ក្រោយពេលបិទបញ្ចប់សន្និបាតនេះ លោក សួស យ៉ារ៉ា និងលោក ឈឹម ផលវរុណ​ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថាអង្គសន្និបាតបានបោះឆ្នោតជ្រើស តាំង​បន្ថែម​ថ្នាក់​ដឹក​នាំ ហើយបានពិនិត្យពិភាក្សា និងឯកភាពលើរបាយការណ៍ស្ដីពីសភាពការណ៍ទូទៅ និងការងារ​គណបក្ស​ ក៏ដូចជារបស់រាជរដ្ឋាភិបាលអាណត្តិទី ​៥ ដែលដឹកនាំដោយ CPP ផងដែរ។​ ជាក់​ស្ដែង​អង្គ​សន្និបាត​បាន​បោះឆ្នោ​តជ្រើសតាំងបន្ថែម សមាជិកគណៈអចិ​ន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលចំនួន៧​ រូប ពោល​គឺនា​បច្ចុប្បន្ន​នេះ សមាជិកគណៈអចិន្ត្រៃយ៍មាន​ចំនួន ៣៧ រូប។ លើសពីនេះទៅទៀត ​អង្គសន្និបាត​បានបោះឆ្នោត​ជ្រើស​តាំង លោក ឯក សំអុ​ល ជាសមាជិក និងជាប្រធាន​គណៈកម្មាធិការ​ត្រួត​ពិនិត្យនៃ​គណៈកម្មាធិការ​កណ្ដាល​។ អង្គសន្និបាតបានអនុ​ម័តលើគោលនយោបាយសំខាន់ៗជាច្រើនរប​ស់កម្ពុជា។ អង្គសន្និបាត​ក៏បាន​ពិភាក្សា ​និងកំណត់ទិសដៅ វិធានការសំខា​ន់ៗ ដើម្បីអនុវត្តន៍​ផែន​ការ​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើស​រសើ​ក្រុម​ប្រឹក្សា​រាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុ​មប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌនាខែឧសភា​ ឆ្នាំ​២០១៩ ខាងមុខ​។
 
អង្គសន្និបាត​បានអំពាវនាវដល់ជនរួម​ជាតិទាំងអស់នៅគ្រប់ទិសទី គ្រប់​គណបក្ស​នយោបាយ អង្គការ​សង្គម​ស៊ីវិល​ រួមសាមគ្គីគ្នានៅក្រោមដំបូលរដ្ឋធម្មនុញ្ញកម្ពុជា​ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះ​មហាក្សត្រ ដើម្បី​បន្ត​កសាង​ និងការពារមាតុភូមិ ឲ្យស្ថិតស្ថិរ រីកច​ម្រើនខ្លាំងក្លាក្នុងឯករាជ្យភាព សន្តិ​ភាព លេរីភាព ប្រជាធិបតេយ្យ ​និង​វឌ្ឍន៍ភាពសង្គម​។
 
សន្និបាតគណៈកម្មាធិការកណ្ដាល ​លើកទី ៤១ អាណត្តិទី៥បានដំណើរការចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី២០ ខែ​ធ្នូនៅ​ ​មជ្ឈមណ្ឌលពិព័រណ៍ និង​សន្និបាតកោះពេជ្រ ក្រោមអធិបតីភា​ពសម្តេចតេជោ ហ៊ុន សែន ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា និងសម្តេចពញាចក្រី ហេ​ង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនក​ម្ពុជា ដោយ​មាន​ការ​​ចូល​រួមពីថ្នាក់ដឹកនាំ សមាជិកគណៈកម្មាធិការកណ្តាល ​និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ខេត្ត ​ក្រុង​គ្រប់​ជាន់​ថ្នាក់​​នៅទូទាំង​ប្រទេសផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម