ព័ត៌មាន

OECD បានព្យាករណ៍សេដ្ឋកិច្ចវៀតណាមឆ្នាំ២០២៣ មានកំណើន ៦,៥% នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣

នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងហាណូយក្រសួងផែនការនិងវិនិយោគបានធ្វើជាអធិបតី និងសម្របសម្រួលជាមួយអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រសួងនិងទីភ្នាក់ងារស្មើក្រសួង បានរៀបចំពិធីប្រកាស “របាយការណ៍សេដ្ឋកិច្ចរបស់ OECD៖ វៀតណាមឆ្នាំ២០២៣”។ នេះជារបាយការណ៍ស្តីពីសេដ្ឋកិច្ចវៀតណាមដំបូងគេដែល OECD និង ADB បានអនុវត្តន៍។
អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Tran Quoc Phuong ថ្លែងមតិក្នុងពិធីប្រកាសរបាយការណ៍។ (រូបថត៖ nhandan.vn)

លោកបណ្ឌិត Koen Vincent គណៈកម្មាធិការសេដ្ឋកិច្ច OECD បានឲ្យដឹងថា នាប៉ុន្មានទសវត្សរ៍កន្លងមកវៀតណាមសម្រេចបានវឌ្ឍនភាពសេដ្ឋកិច្ច គួរឱ្យកត់ សម្គាល់ និងរក្សាបានអត្រាកំណើនខ្ពស់។ ការកែទម្រង់យ៉ាងស៊ីជម្រៅជាបន្តបន្ទាប់ចាប់តាំងពីចុងទសវត្សឆ្នាំ១៩៨០មក គឺជាគន្លឹះដែលនាំមកនូវជ័យជំនះសេដ្ឋកិច្ចនេះ។ ក្នុងអំឡុងពេលមានជំងឺរាតត្បាត ប្រទេសនេះមានកំណើនសេដ្ឋកិលេចធ្លោបើប្រៀបធៀបនឹងសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ភាគច្រើន។ OECD បានព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាមមានកំណើនដ៏រឹងមាំ ដោយមានផលិតផលក្នុងស្រុកសរុប(GDP) ស្ថិតនៅកម្រិត៦,៥%នៅឆ្នាំនេះ ហើយ ៦,៦% នៅឆ្នាំក្រោយ។

ទោះជាយ៉ាងណាក៏ដោយ បើយោងតាមលោកបណ្ឌិត Koen Vincent ជាមួយនឹងការបើកទូលាយនៃសេដ្ឋកិច្ច វៀតណាមងាយរងផលប៉ះពាល់ដោយអស្ថិរភាពភូមិសាស្ត្រនយោបាយ និងហានិភ័យនៃការអាក់ខានខ្សែសង្វាក់ផ្គត់ផ្គង់។ OECD បានចាត់ទុកថា វៀតណាមគប្បីខិតខំប្រឹងប្រែងថែមទៀត ដើម្បីជំរុញកំណែទម្រង់រចនាសម្ព័ន្ធ សំដៅបង្កើនកម្លាំងទីផ្សារនានា។ ទន្ទឹមនឹងនោះ វៀតណាមត្រូវកែលម្អថែមទៀតនូវបរិយាកាសធ្វើអាជីវកម្ម និងបង្កលក្ខណៈងាយស្រួលសម្រាប់ដំណើរការផ្លាស់ប្តូរឌីជីថលដើម្បីរក្សាអត្រាកំណើនខ្ពស់បន្ទាប់ពីស្តារឡើងវិញ។

នៅក្នុងពិធីប្រកាសរបាយការណ៍ អ្នកជំនាញបានពិភាក្សាអំពីស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា បង្កើតមូលដ្ឋានគ្រឹះដើម្បីពន្លឿនការស្តារឡើងវិញនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម; កំណែទម្រង់ប្រព័ន្ធបទបញ្ញត្តិសម្រាប់ទីផ្សារទំនិញ; ជំរុញការផ្លាស់ប្តូរឌីជីថលនិងការស្តារបៃតង; បង្កើនឯករាជ្យភាពនិងស្វ័យភាពនៃខឿនសេដ្ឋកិច្ចនាពេលអនាគត៕


top