បន្ទាប់ពីរយៈពេលជាង២០ឆ្នាំបានបង្កើត ក្រុមហ៊ុនភាគហ៊ុនណាមវៀត (NAVICO) បានក្លាយជាសហគ្រាសផលិតកម្ម និងនាំចេញត្រីប្រាលំដាប់លេខ២លើពិភពលោក ហើយកំពុងថតូបនីយកម្មគោលដៅឆ្ពោះទៅរកលំដាប់លេខ១។
ទិដ្ឋភាពទាំងមូលនៃតំបន់ចិញ្ចឹមត្រីប្រារបស់ក្រុមហ៊ុន NAVICO នៅឃុំមីថើយ (My Thoi) ស្រុកឡុងស្វៀន (Long Xuyen) ខេត្តអានយ៉ាង (An Giang)។
NAVICO ជាសហគ្រាសមួយក្នុងចំណោមសហគ្រាសជលផល មានខ្សែសង្វាក់ផលិតបិទជិត តាំងពីបង្កាត់ពូជ ចិញ្ចឹម រហូតដល់ការផលិត និងកែច្នៃ ឆ្លើយតបតម្រូវការម៉ឹងម៉ាតពីអ្នកនាំចូល។ ផលិតផលត្រីប្រារបស់ក្រុមហ៊ុន NAVICO បាននាំចេញទៅកាន់ប្រទេសជាង១០០ នៅតាមទីផ្សារទ្វីបអាស៊ី ទ្វីបអ៊ឺរ៉ុប ទ្វីបអាមេរិក ដូចជាប្រេស៊ីស ម៉ិកស៊ិក រុស្សី សហភាពអ៊ឺរ៉ូប ចិន និងអូស្រ្តាលី។ល។
NAVICO បច្ចុប្បន្នជាសហគ្រាសផលិតកម្ម និងនាំចេញត្រីប្រាលំដាប់លេខ២ លើពិភពលោក ដោយមានតំបន់ចិញ្ចឹមប្រពៃណីចំនួន២៥០ហិកតា(ផ្គត់ផ្គង់ត្រីវត្ថុធាតុដើមឡើងដល់១២០.០០០តោនក្នុងមួយឆ្នាំ) តំបន់ចិញ្ចឹមត្រីបច្ចេកវិទ្យាខ្ពស់ ទើបនឹងវិនិយោគកាលពីឆ្នាំ២០១៨ ដែលមានផ្ទៃដីចំនួន៦០០ហិកតា (ផ្គត់ផ្គង់ត្រីវត្ថុធាតុឡើងដល់២៥០.០០០តោនក្នុងមួយឆ្នាំ)។
ចំណីត្រី៨០០.០០០តោនក្នុងមួយឆ្នាំ បានផលិតតាមបទដ្ឋានបិទជិត ដើម្បីបម្រើតម្រូវការនៃក្រុមហ៊ុន NAVICO។ សំណាកត្រីប្រានៅតំបន់ចិញ្ចឹមមីថើយ (My Thoi) ស្រុកឡុងស្វៀន (Long Xuyen) របស់ក្រុមហ៊ុន NAVICO។
សំណាកត្រីប្រានៅតំបន់ចិញ្ចឹមមីថើយ (My Thoi) ស្រុកឡុងស្វៀន (Long Xuyen) របស់ក្រុមហ៊ុន NAVICO។
NAVICO បច្ចុប្បន្នកំពុងដំណើរការរោងចក្រកែច្នៃជលផលចំនួន០៤ រួមមានរោងចក្របង្កកណាមវៀត (DL152) រោងចក្របង្កកប៉ាស៊ីហ្វីក (DL384) រោងចក្របង្កកមហាសមុទ្រឥណ្ឌា (DL18) រោងចក្របង្កកអាត្លងទិក (DL408) ដោយមានកម្លាំងផលិតកែច្នៃជលផលសរុប ឡើងដល់១.២០០តោនក្នុងមួយថ្ងៃ សម្រេចបានគ្រប់គ្រាន់បណ្ដាការទទទួលស្គាលគុណភាព ISO, Global GAP, HACCP, IFS, BRC, GMP និង HALAL។
NAVICO ក៏ជាម្ចាស់កម្មសិទ្ធិត្រីមេពូជចំនួន២០.០០០ក្បាល មានសមត្ថភាពបង្កើតកូនត្រីចំនូន១៤ពាន់លានក្បាល។ ជាមួយបច្ចេកវិទ្យាជ្រើសរើសហ្សែន មកពីប្រទេសន័រវេស សមត្ថភាពត្រីរស់ដែលបង្កើតដោយក្រុមហ៊ុនកូនពូជ បានវាយតម្លៃមានភាពលំនឹង។ បច្ចុប្បន្ន ផ្ទៃដីប្រើប្រាស់សម្រាប់បង្កាត់ពូជរបស់ក្រុមហ៊ុន NAVICO មានផ្ទៃ១៥០ហិកតា នៅតំបន់ចិញ្ចឹមបច្ចេកវិទ្យាខ្ពស់ប៊ិញភូ (Binh Phu) (ឃុំប៊ិញភូ - Binh Phu ស្រុកចូវភូ - Chau Phu ខេត្តអានយ៉ាង - An Giang)។ រោងចក្រផលិតចំណីត្រី របស់ក្រុមហ៊ុនមានពលានុភាពឡើងដល់៨០០.០០០តោនក្នុងមួយឆ្នាំ ផ្គត់ផ្គង់១០០%តម្រូវការនៃតំបន់ចិញ្ចឹមរបស់ក្រុមហ៊ុន NAVICO។
នៅខែមេសា ឆ្នាំ២០២៣ NAVICO និង ក្រុមហ៊ុន Amicogen Inc (កូរេខាងត្បូង) សម្ពោធឆ្លងរោងចក្រ Aminavico នៅតំបន់ឧស្សាហកម្មថូតណូត (Thot Not) - ទីក្រុងកឹនធើ ដែលមានផ្ទៃដីជាង៩.៦០០ម៉ែត្រការេ។ រោងចក្រ Aminavico ជារោងចក្រឧស្សាហកម្មបច្ចេកវិទ្យាជីវសាស្រ្តស្វ័យប្រវត្តិ ខ្សែសង្វាក់ផលិត Collagen និង Gelatine ចេញពីស្បែកត្រី តាមបច្ចេកវិទ្យាប្រទេសកូរេខាងត្បូង បច្ចុប្បន្នជារោងចក្រមួយនៃរោងចក្រទាំងពីររបស់ប្រទេសវៀតណាម ដែលផលិតបាន Collagen peptide។ នេះចាត់ទុកជាព្រឹត្តិការណ៍សំខាន់មួយ គូសបញ្ជាក់ការកែច្នៃគ្រឿងបន្ទាប់បន្សំមកពីត្រីប្រា ក្លាយជាផលិតផលនាំចេញ ដែលមានតម្លៃរាប់លានដូល្លាអាមេរិក នៃសហគ្រាសវៀតណាម។
តាមលោក យ័ន តើយ (Doan Toi) អគ្គនាយកក្រុមហ៊ុន NAVICO កាលពីឆ្នាំ២០០០ ស្បែកត្រីប្រា លក់បានដោយតម្លៃត្រឹម៣០០០ដុងក្នុងមួយគីឡូក្រាមតែប៉ុណ្ណោះ តែឥឡូវ ពេលបានកែច្នៃក្លាយជា Collagen និង Gelatine តម្លៃទំនិញពេលទៅដល់ដៃអតិថិជនរបស់រោងចក្រ Amicogen នៅប្រទេសកូរេខាងត្បូង មានតម្លៃជិត៣លានដុងក្នុងមួយគីឡូក្រាម។ សព្វថ្ងៃមានអតិថិជនចំនួន១៥ ដែលបានចុះបញ្ជីទិញផលិតផលនេះពីរោងចក្រ។ ដោយសមត្ថភាពកម្លាំងផលិតវត្ថុធាតុដើមប្រហែល៤៥០តោនក្នុងមួយថ្ងៃដូចសព្វថ្ងៃ រៀងរាល់ថ្ងៃរោងចក្រកែច្នៃ NAVICO អាចផ្គត់ផ្គង់បរិមាណស្បែកត្រីប្រាចំនួនធំ សម្រាប់ផលិត Collagen និង Gelatine។
គម្រោងចម្រាញ់ Collagen និង Gelatine ចេញពីស្បែកត្រីប្រា ជាខ្សែសង្វាក់មួយនៃសម្ព័ន្ធខ្សែសង្វាក់ប្រព័ន្ធផលិតបិទជិត ដោយមានទ្រង់ទ្រាយធំ នៃក្រុមហ៊ុន NAVICO។ នេះក៏ជាគម្រោងយុទ្ធសាស្រ្តក្នុងផែនការបង្វែរចនាសម្ព័ន្ធ ទៅជាផលិតផលឱ្យមានតម្លៃខ្ពស់ ដោយមានបច្ចេកទេសខ្ពស់ជាច្រើនរបស់ក្រុមហ៊ុន NAVICO។ ហេតុនេះ ទិសដៅថ្មីរបស់ក្រុមហ៊ុន NAVICO អំពីការផលិតកែច្នៃ Collagen និង Gelatine តាមបច្ចេកវិទ្យាថ្មី សមស្រប់ទាំងស្រុងជាមួយនឹងទិសដៅអភិវឌ្ឍវិទ្យាសាស្រ្តបច្ចេកវិទ្យានៃរដ្ឋាភិបាល រួមចំណែកលើកកម្ពស់គុណភាពជីវភាពរស់នៅនៃប្រជាជន និងកំណើនសេដ្ឋកិច្ច។
គម្រោងចម្រាញ់ Collagen និង Gelatine ចេញពីស្បែកត្រីប្រា ជាខ្សែសង្វាក់មួយនៃសម្ព័ន្ធខ្សែសង្វាក់ប្រព័ន្ធផលិតបិទជិត ដោយទ្រង់ទ្រាយធំ នៃក្រុមហ៊ុន NAVICO។
NAVICO មានដើមកំណើតគឺក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតណាមវៀត សកម្មភាពខាងវិស័យកសាងស៊ីវិល និងឧស្សាហកម្ម។ មើលឃើញសក្តានុពលនៃខឿនសេដ្ឋកិច្ចជលផលនៅវៀតណាម កាលពីឆ្នាំ២០០០ លោក យ័ន តើយ (Doan Toi) បានហ៊ានវិនិយោគ បើកទូលាយវិសាលភាពសកម្មភាពទៅកាន់ទីផ្សារជលផល។ រោងចក្របង្កកណាមវៀត ឯកទេសកែច្នៃត្រីប្រា ត្រីបាសា បានបង្កើតឡើង ជាគំនូសស្នាមមួយឈានចូលទីផ្សារនៃក្រុមហ៊ុន NAVICO។ ក្រុមហ៊ុនណាមវៀត ដំឡើងឯកភាវូបនីយកម្មភាគហ៊ុនជាផ្លូវការនៅឆ្នាំ២០០៦ និងចុះបញ្ជីនៅលើទីផ្សារ HoSE ឆ្នាំ២០០៧។
មហិច្ឆិតារបស់ក្រុមហ៊ុន NAVICO ផ្តើមពីថ្ងៃបង្កើតដំបូង នោះគឺបានរួមចំណែកជំរុញខឿនសេដ្ឋកិច្ច ផ្លាស់ប្តូរជីវភាពរស់នៅនៃនេសាទករ។ បេសកកម្មដែលលោក យ័ន តើយ (Doan Toi) ចង់ឱ្យក្រុមហ៊ុន NAVICO អនុវត្តបាន នោះគឺនាំមកជូនប្រភពស្បៀងអាហារស្អាតបំផុត ល្អបំផុត ដើម្បីសុខភាពអ្នកប្រើប្រាស់ក្នុងស្រុកនិងបរទេស។
មកដល់សព្វថ្ងៃ ឆ្លងកាត់រយៈពេលជាង២០ឆ្នាំបង្កបង្កើត ជាមួយនឹងទីជំហជាសហគ្រាសនាំចេញត្រីប្រាធំលំដាប់លេខ២ លើពិភពលោក ក្រុមហ៊ុន NAVICO នៅតែបន្តស្រាវជ្រាវ សិក្សាផលិតបាននូវស្បៀងអាហារស្អាត និងប្រភេទផលិតផលបៃតងជាច្រើនថែមទៀត ឆ្ពោះទៅរកខឿនផលិតកម្មវដ្តមួយ ក្នុងអនាគតឆាប់ៗនេះ៕
អត្ថបទ៖ ថាវវី រូបថត៖ វូ ខាញឡុង
ប្រែសម្រួល៖
រីកើង