ការទូតឆ្នើមម្នាក់..
ក្នុងលំហូរនៃប្រវត្តិសាស្ត្រវៀតណាមនាសម័យទំនើប លោកស្រី ង្វៀន ធីប៊ិញ (Nguyen Thi Binh) អតីតអនុប្រធានរដ្ឋជាឥស្សរជនលេចធ្លោមួយរូប ជាអ្នកការទូតឆ្នើមម្នាក់ ជានិមិត្តរូបនៃបញ្ញា ភាពអង់អាចក្លាហាន និងកិត្យានុភាពនៃស្ត្រីវៀតណាម នៅលើឆាកអន្តរជាតិ។
· អតីតអនុប្រធានរដ្ឋ ង្វៀន ធីប៊ិញ (Nguyen Thi Binh) (ខែសីហា ឆ្នាំ២០២៥)។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
លោកស្រីង្វៀន ធីប៊ិញ (Nguyen Thi Binh) មានឈ្មោះកំណើតជា ង្វៀន ធីចូវសា (Nguyen Thi Chau Sa) កើតនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩២៧ នៅខេត្តក្វាងណាម (Quang Nam) (បច្ចុប្បន្នជាទីក្រុងដាណាំង) ក្នុងគ្រួសារមួយដែលមានប្រពៃណីស្នេហាជាតិ។ ជាចៅស្រីរបស់លោក ផាន ចូវត្រិញ (Phan Chau Trinh) ដែលជាអ្នកស្នេហាជាតិ និងជាអ្នកធ្វើកំណែទម្រង់ដ៏អស្ចារ្យនៅដើមសតវត្សរ៍ទី២០ លោកស្រីបានបណ្តុះស្មារតីឯករាជ្យ គំនិតជឿនលឿន និងឧត្តមគតិបម្រើជាតិមាតុភូមិតាំងពីក្មេង។
· ថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៧៣ នៅទីក្រុងប៉ារីស (បារាំង) លោកស្រី ង្វៀន ធីប៊ិញ (Nguyen Thi Binh) រដ្ឋមន្ត្រីការបរទេស នៃរដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្ន នៃសាធារណរដ្ឋវៀតណាមខាងត្បូង បានចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការបញ្ចប់សង្គ្រាម និងការស្តារសន្តិភាពឡើងវិញនៅវៀតណាម។ រូបថត៖ វ៉ាន់លឿង – ទីភា្នក់ងារសារព័ត៌មានវៀតណាម
ចាប់ពីឆ្នាំ១៩៤៥ លោកស្រីបានចូលរួមចលនាដណ្តើមអំណាចនៅទីក្រុងសាយហ្គន សកម្មក្នុងសកម្មភាពបដិវត្តន៍ ហើយបានក្លាយជាសមាជិកគណៈកម្មាធិការប្រតិបត្តិនារីសង្គ្រោះជាតិ។ នៅឆ្នាំ១៩៤៨ លោកស្រីបានចូលជាសមាជិកបក្សកុម្មុយនិស្តវៀតណាម។ ដំណាក់កាលដែលត្រូវបានពួកអាណានិគមបារាំង ចាប់ឃុំឃាំងនៅពន្ធនាគារជីហ្វ័រ (Chi Hoa) (១៩៥១ - ១៩៥៣) បានដុសខាត់ឆន្ទៈ និងភាពអង់អាចក្លាហានរបស់លោកស្រីបន្ថែមទៀត ឱ្យក្លាយជាអ្នកបដិវត្តន៍ដ៏អង់អាចក្លាហាននិងរឹងមាំមួយរូប។
អគ្គលេខាធិការបក្ស លោក តូ ឡឹម បានផ្តល់កិត្តិនាមជាវីរពលកម្ម ជូន សមមិត្ត ង្វៀន ធីប៊ិញ (Nguyen Thi Binh) អតីតសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អតីតអនុប្រធានរដ្ឋ និងអតីតរដ្ឋមន្ត្រីក្រសួងការបរទេស នៃរដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្ន នៃសាធារណរដ្ឋវៀតណាមខាងត្បូង។ រូបថត៖ ផាមហាយ
បុព្វហេតុការទូតរបស់លោកស្រីង្វៀន ធីប៊ិញ (Nguyen Thi Binh) បានផ្សារភ្ជាប់ជាមួយនឹងដំណាក់កាលលំបាកបំផុត នៃប្រវត្តិសាស្ត្រជាតិ - សង្គ្រាមតស៊ូប្រឆាំងនឹងចក្រពត្តិអាមេរិក។ បន្ទាប់ពីការវាយលុកទូទៅ និងការបះបោរនាចូលឆ្នាំវក១៩៦៨ ក្រោមសម្ពាធកាន់តែកើនឡើងពីមតិសាធារណៈអន្តរជាតិ សហរដ្ឋអាមេរិកបង្ខំឱ្យមានការទទួលយកការចរចា ជាមួយតំណាងវៀតណាម។ ក្នុងបរិបទនោះ លោកស្រីង្វៀន ធីប៊ិញ (Nguyen Thi Binh) ត្រូវបានតែងតាំងជាប្រធានគណៈប្រតិភូចរចានៃរណសិរ្សជាតិរំដោះវៀតណាមខាងត្បូង នៅឯសន្និសីទប៉ារីស។
ពេលមកដល់ទីក្រុងប៉ារីស នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ១៩៦៨ ភ្លាម លោកស្រីបានបង្កចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះមតិសាធារណៈអន្តរជាតិ ជាមួយនឹងសុន្ទរកថាបកបង្ហាញអំពីដំណោះស្រាយ ៥ ចំណុច នៃរណសិរ្សជាតិរំដោះវៀតណាមខាងត្បូង។ របៀបបញ្ចេញមតិត្រង់ៗ ហេតុផលមុតស្រួច និងអាកប្បកិរិយាប្រកបដោយទំនុកចិត្តរបស់លោកស្រី ធ្វើឱ្យសារព័ត៌មានលោកខាងលិច មិនសរសើរមិនបាន ហើយហៅលោកស្រី ដោយគោរពថា “Madame Binh”។
ថ្នាក់ដឹកនាំគណបក្ស និងរដ្ឋ បានប្រគល់បាច់ផ្កា សម្តែងការដឹងគុណ ចំពោះអតីតអនុប្រធានរដ្ឋ ង្វៀន ធីប៊ិញ (Nguyen Thi Binh) ក្នុងឱកាសពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ឆ្នាំ នៃទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការបញ្ចប់សង្គ្រាម និងការស្តារសន្តិភាពឡើងវិញនៅវៀតណាម (២៧/០១/១៩៧៣ - ២៧/០១/២០២៣)។ រូបថត៖ ផាមហាយ
ក្នុងរយៈពេលជិត៥ឆ្នាំ នៃការចរចាតានតឹង លោកស្រីង្វៀន ធីប៊ិញ (Nguyen Thi Binh) គឺជាតំណាងនៃសម្លេងសន្តិភាព ការពារខ្ជាប់ខ្ជួននូវជំហរត្រឹមត្រូវរបស់ជាតិ។ ជាមួយនឹងភាពអង់អាចក្លាហាន ភាពបត់បែន និងសិល្បៈនៃការចរចាប៉ិនប្រសប់ លោកស្រីបានរួមចំណែកបង្កើតសម្ពាធអន្តរជាតិ បង្ខំឱ្យសហរដ្ឋអាមេរិកចរចាយ៉ាងម៉ឺងម៉ាត់ បន្ធូរជំហានម្តងមួយៗ។
នៅថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៧៣ លោកស្រីគឺជាស្ត្រីតែម្នាក់គត់ក្នុងចំណោមតំណាងទាំងបួននាក់ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស - ជាឯកសារដែលមានអត្ថន័យប្រវត្តិសាស្ត្រដ៏សំខាន់ បានបញ្ចប់សង្រ្គាមជាផ្លូវការ និងស្តារសន្តិភាពនៅវៀតណាម។ រូបភាពលោកស្រី ង្វៀន ធីប៊ិញ (Nguyen Thi Binh) នៅក្នុងពិធីចុះហត្ថលេខា មិនត្រឹមតែជានិមិត្តរូបនៃវិស័យការទូតវៀតណាមប៉ុណ្ណោះទេ នៅទាំងជានិមិត្តរូបនៃស្ត្រីវៀតណាមនៅលើឆាកអន្តរជាតិផងដែរ។
ជីវិត និងបុព្វហេតុរបស់លោកស្រី ង្វៀន ធីប៊ិញ (Nguyen Thi Binh) នឹងនៅតែជាប្រភពបំផុសគំនិតដ៏មានតម្លៃ សម្រាប់មនុស្សជំនាន់ក្រោយ ដែលមិនត្រឹមតែដាស់ស្មារតីមោទនភាពជាតិប៉ុណ្ណោះទេ នៅទាំងជាមេរៀនមួយ អំពីស្មារតីសាមគ្គីភាព ភាពអង់អាច និងសេចក្តីស្រឡាញ់ជាតិផងដែរ។ រូបថត៖ កុងដាត/ VNP
ចំពោះប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច លោកស្រីបានគេផ្តល់រហស្សនាមថា “ផ្កាកុលាបរាំ នៅកណ្តាលហ្វូងចចក” ដែលជារូបភាពប្រៀបធៀបដ៏ជ្រាលជ្រៅមួយ ដើម្បីសរសើរពីភាពទន់ភ្លន់តែអង់អាចក្លាហាន ស្រគត់ស្រគំតែខ្លាំងក្លា។ លោកស្រីមានទាំងភាពប៉ិនប្រសប់ក្នុងការគិតបែបយុទ្ធសាស្ត្រ ភាពស្ងប់ស្ងាត់ក្នុងការដោះស្រាយស្ថានការណ៍ និងសមត្ថភាពបញ្ចុះបញ្ចូលដ៏កំពូល - គុណសម្បត្តិដែលធ្វើឱ្យលោកស្រីក្លាយជាអ្នកការទូតដ៏ឆ្នើមម្នាក់។
អតីតអនុប្រធានរដ្ឋ ង្វៀន ធីប៊ិញ (Nguyen Thi Binh) ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ឆ្នាំ នៃទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការបញ្ចប់សង្គ្រាម និងការស្តារសន្តិភាពឡើងវិញ នៅវៀតណាម (២៧/០១/១៩៧៣ - ២៧/០១/២០២៣)។ រូបថត៖ ផាមហាយ
បន្ទាប់ពីទទួលបានជោគជ័យនៅសន្និសីទទីក្រុងប៉ារីស លោកស្រីង្វៀន ធីប៊ិញ (Nguyen Thi Binh) គាត់នៅតែទទួលបានការទុកចិត្តឱ្យកាន់តំណែងសំខាន់ៗជាច្រើន៖ រដ្ឋមន្ត្រីក្រសួងអប់រំ អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា ជាពិសេស តំណែងអនុប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងអំឡុងឆ្នាំ១៩៩២ - ឆ្នាំ២០០២។
តាងនាមការអនុញ្ញាតពីអគ្គលេខាធិការ និងជាប្រធានរដ្ឋឡាវ លោក Khamphao Ernthavanh ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម បានប្រគល់ដោយគោរពនូវគ្រឿងឥស្សរិយយសសេរីភាព (គ្រឿងឥស្សរិយយស Itxala) របស់រដ្ឋឡាវ ជូនអតីតអនុប្រធានរដ្ឋ ង្វៀន ធីប៊ិញ (Nguyen Thi Binh) (ខែឧសភា ឆ្នាំ២០២៥)។ រូបថត៖ ផាមហាយ
តាងនាមការអនុញ្ញាតពីអគ្គលេខាធិការ និងជាប្រធានរដ្ឋឡាវ លោក Khamphao Ernthavanh ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម បានប្រគល់ដោយគោរពនូវគ្រឿងឥស្សរិយយសសេរីភាព (គ្រឿងឥស្សរិយយស Itxala) របស់រដ្ឋឡាវ ជូនអតីតអនុប្រធានរដ្ឋ ង្វៀន ធីប៊ិញ (Nguyen Thi Binh) (ខែឧសភា ឆ្នាំ២០២៥)។ រូបថត៖ ផាមហាយ
សូម្បីចូលនិវត្តន៍ក៏ដោយ លោកស្រីនៅតែបន្តការលះបង់តាមរយៈសកម្មភាពការទូតប្រជាជន។ ចាប់ពីឆ្នាំ២០០៣ មកទល់បច្ចុប្បន្ន លោកស្រីគឺជា ប្រធានមូលនិធិសន្តិភាព និងការអភិវឌ្ឍវៀតណាម សកម្មក្នុងការជំរុញសកម្មភាពមនុស្សធម៌ ការអប់រំ និងកិច្ចសន្ទនាសន្តិភាព បន្តបេសកកម្មតភ្ជាប់វៀតណាមជាមួយមិត្តភក្តិអន្តរជាតិក្នុងទម្រង់ការទូតទន់ភ្លន់ រឹងមាំ និងមានប្រសិទ្ធភាព។
អតីតអនុប្រធានរដ្ឋ ង្វៀន ធីប៊ិញ (Nguyen Thi Binh) គឺជាគំរូដ៏រស់រវើកមួយ អំពីសេចក្តីស្រឡាញ់ជាតិ ប្រាជ្ញា និងតួនាទីរបស់ស្ត្រីវៀតណាម នៅក្នុងបុព្វហេតុកសាង និងការពារប្រទេសជាតិ ក្នុងរយៈពេល៨០ឆ្នាំកន្លងមក។ រូបថត៖ កុងដាត / VNP
លោកស្រី ង្វៀន ធីប៊ិញ (Nguyen Thi Binh) មិនត្រឹមតែជាអ្នកនយោបាយប៉ុណ្ណោះទេ នៅទាំងជាជំពូកពិសេសមួយក្នុងប្រវត្តិសាស្ត្រវៀតណាមនាសម័យទំនើបផងដែរ។ ជីវិត និងបុព្វហេតុរបស់លោកស្រី គឺជាការរួមបញ្ចូលរវាងឆន្ទៈបដិវត្តន៍ និងស្មារតីជាតិ រវាងគំនិតយុទ្ធសាស្ត្រ និងក្តីមេត្តាធម៌ជ្រាលជ្រៅ។ ចំពោះលោកស្រី យើងឃើញរូបភាពនៃវិស័យការទូតវៀតណាមមួយ មានភាពអង់អាចក្លាហាន ខ្ជាប់ខ្ជួនតែទន់ភ្លន់ ម៉ឹងម៉ាត់តែមនុស្សធម៌។ លោកស្រីគឺជាគំរូរស់រវើកនៃក្តីស្នេហាជាតិ ប្រាជ្ញា និងតួនាទីរបស់ស្ត្រីក្នុងបុព្វហេតុកសាង និងការពារប្រទេសជាតិ អស់រយៈពេល៨០ឆ្នាំកន្លងមក៕
អត្ថបទ៖ ថាវវី រូបថត៖ កុងដាត ឯកសារតួអង្គផ្តល់ជូន
ប្រែសម្រួល៖ រីកើង