យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ការសម្រេចចិត្តនេះបានដាក់ប្រទេសវៀតណាមនៅក្នុងក្រុមដូចគ្នាជាមួយនឹងសេដ្ឋកិច្ចធំៗ នៅក្នុងបញ្ជីចំណាត់ថ្នាក់របស់ FTSE Russell ដូចជាប្រទេសចិន ឥណ្ឌា ឥណ្ឌូនេស៊ី និងហ្វីលីពីន។
យោងតាមលោក David Sol នាយកផ្នែកគោលនយោបាយសកលនៅ FTSE Russell ការដំឡើងថ្នាក់នេះឆ្លុះបញ្ចាំងពីការកែលម្អសំខាន់ៗនៅក្នុងហេដ្ឋារចនាសម្ព័ន្ធទីផ្សាររបស់វៀតណាម។ ចាប់តាំងពីត្រូវបានបញ្ចូលទៅក្នុងបញ្ជីឃ្លាំមើលក្នុងខែកញ្ញា ឆ្នាំ ២០១៨ មក វៀតណាមបានអនុវត្តកំណែទម្រង់ដ៏ទូលំទូលាយជាច្រើន ដើម្បីឲ្យស្របតាមស្តង់ដារអន្តរជាតិ។ FTSE Russell ព្យាករណ៍ថា ការដំឡើងថ្នាក់ អាចទាក់ទាញទុនបរទេសរហូតដល់ ៦ ពាន់លានដុល្លារចូលមកប្រទេសវៀតណាម។ ធ្វើអត្ថាធិប្បាយពីការដំឡើងថ្នាក់វៀតណាមទៅជាទីផ្សារកំពុងរីកចម្រើន លោកស្រី Wanming Du ប្រធានគោលនយោបាយសន្ទស្សន៍នៅ FTSE Russell បានវាយតម្លៃថា៖ "នៅក្នុងសន្ទស្សន៍ដើមទុននៃទីផ្សារកំពុងរីកចម្រើន របស់ FTSE (FTSE Emerging All Cap Index) យើងរំពឹងថាវៀតណាមនឹងមានប្រហែល 0.៣% នៃសន្ទស្សន៍នេះ។ នេះមិនមែនជាតួរលេខតិចតួចទេ បើពិចារណាដល់សមាសភាពនៃសន្ទស្សន៍នេះ។ នៅទ្វីបអាស៊ី អត្រារបស់វៀតណាមគឺនៅពីក្រោយប្រទេសហ្វីលីពីនតែប៉ុណ្ណោះ ហើយនៅទូទាំងពិភពលោក វាបាននាំមុខទីផ្សារដូចជាកូឡុំប៊ី និងសាធារណរដ្ឋឆេកទៀតផង"៕