Doveco ជាសហគ្រាសឈានមុខក្នុងវិស័យកែច្នៃ និង នាំចេញកសិផលរបស់វៀតណាម។ ជាមួយការសាងសង់រោងចក្រកែច្នៃ ដែលមានទំហំធំ និង ទំនើបបំផុតវៀតណាម នៅខេត្តយ៉ាឡាយ (Gia Lai)...
មជ្ឈមណ្ឌលកែច្នៃរបស់ Dovecoនៅខេត្តយ៉ាឡាយ ជាមូលដ្ឋានកែច្នៃកសិផលលំដាប់នៅតំបន់តីង្វៀន រៀងរាល់ឆ្នាំអាចប្រមូលទិញ និង កែច្នៃបន្លែផ្លែឈើគ្រប់ប្រភេទរាប់រយពាន់តោន។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
Doveco ជាសហគ្រាសឈានមុខក្នុងវិស័យកែច្នៃ និង នាំចេញកសិផលរបស់វៀតណាម។ ជាមួយការសាងសង់រោងចក្រកែច្នៃ ដែលមានទំហំធំ និង ទំនើបបំផុតវៀតណាម នៅខេត្តយ៉ាឡាយ (Gia Lai) Doveco មិនត្រឹមតែសង្ឃឹមនឹងបើកទូលាយទីផ្សារ លើកកម្ពស់តម្លៃនាំចេញ នៅទាំងបង្កើតបានការងារចីរភាព សម្រាប់ប្រជាកសិកររាប់ពាន់នាក់នៅតំបន់តីង្វៀន (Tay Nguyen) ពេលចូលរួមខ្សែសង្វាក់ផលិតកម្ម ផ្គត់ផ្តង់កសិផលសម្រាប់រោងចក្រ។
តីង្វៀន (Tay Nguyen) ជាតំបន់ដីដែលមានសក្តានុពលធំ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកសិកម្ម ជាពិសេសគឺបន្លែ មើម ផ្លែឈើគ្រប់ប្រភេទសម្រាប់នាំចេញ។ ទន្ទឹមនោះ នេះក៏ជាតំបន់សំខាន់ដែលបានរដ្ឋាភិបាលកំណត់ ជំរុញការវិនិយោគអភិវឌ្ឍយ៉ាងខ្លាំង ដើម្បីលំនឹងការរកស៊ី លើកកម្ពស់ការរស់នៅជូនប្រជាកសិករ ជាពិសេសគឺបងប្អូនជនជាតិភាគតិចរស់នៅក្នុងតំបន់។
ហេតុនេះ ប៉ុន្មានឆ្នាំថ្មីៗនេះ ទន្ទឹមការជំរុញវិនិយោគជួយប្រជាជន បង្វែទម្រង់សេដ្ឋកិច្ច អភិវឌ្ឍមុខរបរចិញ្ចឹមសត្វ ដាំដុះ តាំងពីទម្រង់តូចទៅជាទម្រង់កសិដ្ឋានធំជាមួយនឹងកូនពូជមានតម្លៃសេដ្ឋកិច្ចខ្ពស់ សម្រាប់នាំចេញ រដ្ឋាភិបាល និង រដ្ឋអំណាចមូលដ្ឋាន នៅអំពាវនាវសហគ្រាសជាច្រើន ដែលមានសក្តានុពល មកកាន់ខេត្តយ៉ាឡាយ (Gia Lai) សិក្សាវិនិយោគ ដើម្បីរួមអភិវឌ្ឍ។
នៅតីង្វៀន (Tay Nguyen) Doveco Gia Lai មានផ្ទៃដីដាំក្រូចផាសិនគុណភាពខ្ពស់រាប់រយហិកតា ដើម្បីបម្រើសំណូមពរកែច្នៃនាំចេញ។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ចាប់យកឱកាសនោះ ឆ្នាំ២០១៨ ក្រុមហ៊ុនភាគហ៊ុនស្បៀងអាហារនាំចេញដុងយ៉ាវ (Dong Giao) (Doveco) សហគ្រាសកែច្នៃ និង នាំចេញកសិផលលំដាប់របស់វៀតណាម បានវិនិយោគសាងសង់ឆាប់រហ័សនូវមជ្ឈមណ្ឌលកែច្នៃកសិផលមួយ ដែលមានទំហំធំ និង ទំនើបបំផុតវៀតណាម នៅតំបន់ឧស្សាហកម្ម និង សិប្បឧស្សាហកម្មតូចស្រុកម៉ាងយ៉ាង (Mang Yang) ខេត្តយ៉ាឡាយ (Gia Lai) ដែលមានផ្ទៃដីជិត៦ហិកតា។
គម្រោងការរួមមានក្រុមសម្ពន្ធរោងចក្រចំនួន៣ ដែលមានឧបករណ៍ និង បច្ចេកវិទ្យាទំនើប ផលិតដោយប្រទេសអ៊ីតាលី អាល្លឺម៉ង់ ជប៉ុន។ ក្នុងនោះមានរោងចក្រកែច្នៃទឹកផ្លែឈើខាប់ និង វត្ថុធាតុកិនស្រាប (puree) កម្លាំងផលិត ១០.០០០តោនក្នុងមួយឆ្នាំ រោងចក្រកែច្នៃបន្លែ ផ្លែឈើបង្កក កម្លាំងផលិត ១០.០០០តោនក្នុងមួយឆ្នាំ និង រោងចក្រកែច្នៃបន្លែ ផ្លែឈើប្រអប់ កម្លាំងផលិត ១០.០០០តោនក្នុងមួយឆ្នាំ។
ប្រភពវត្ថុធាតុដើមសម្បូរបែប Doveco Gia Lai ឆ្លើយតបតម្រូវការនាំចេញទាំងស្រុង ទៅកាន់ប្រទេសជាច្រើនលើពិភពលោក។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម និង ឯកសារ Doveco
ក្រោយពេលដំណើរការ មជ្ឈមណ្ឌលអាចកែច្នៃវត្ថុធាតុដើមក្រូចផាសិន បានប្រហែល៣០០តោនក្នុងមួយថ្ងៃ ម្នាស់៥០០តោនក្នុងមួយថ្ងៃ និង ស្វាយ២០០តោនក្នុងមួយថ្ងៃ។ ក្រៅពីនោះ មជ្ឈមណ្ឌលនៅអាចកែច្នៃរាប់រយតោន ចេក បឺ ស្រកានាគ ពោត ពោតបារាំង ដំឡូងជ្វា។ល។ គំរូដូចឆ្នាំ២០២១ ទោះបីស្ថានភាពសេដ្ឋកិច្ចជួបលំបាកដោយសារផលប៉ះពាល់ជំងឺកូវិដ - ១៩ ប៉ុន្តែមជ្ឈមណ្ឌលនៅតែផលិតបានផលិតផលបន្លែ ផ្លែឈើគ្រប់ប្រភេទជាង៣២.៨០០តោន តម្លៃនាំចេញសម្រេច ៦៨,៩៥លានដូល្លាអាមេរិក។
ដើម្បីធានាប្រភពវត្ថុធាតុដើមលំនឹង និង បង្កើតឱកាសសម្រាប់ប្រជាជនចូលរួមខ្សែសង្វាក់ផលិតកម្ម ដំបូង Doveco បានផ្តោតអភិវឌ្ឍលើតំបន់វត្ថុធាតុដើម ដែលមានលក្ខណៈចីរភាព។
ជាមួយទិសស្លោកធានាសម្រប់ផលប្រយោជន៍រវាងគូភាគី បំផុតគឺផលប្រយោជន៍នៃពលករ Doveco បានចុះហត្ថលេខាសហការនឹងប្រជាកសិករជាង៥០០គ្រួសារ ដាំដំណាំគ្រប់ប្រភេទដូចជា៖ ក្រូចផាសិន ម្នាស់ ចេក សណ្តែកសៀង ទំពាំងផ្អែមនៅលើផ្ទៃដីជិត៤.០០០ហិកតា ប្រមូលផ្តុំនៅភូមិសាស្រ្តមូលដ្ឋានដូចជា៖ ស្រុកភូថៀន (Phu Thien) ស្រុកកុងច្រ (Kong Chro) ស្រុកអៀប៉ា (Ia Pa) ស្រុកដាកប៉ឺ (Dak Po) ស្រុកអៀក្រាយ (Ia Grai) ស្រុកដាកដ័រ (Dak Doa) ស្រុកម៉ាងយ៉ាង (Mang Yang) ស្រុកក្បាង (Kbang) ទីរួមស្រុកអានខេ (An Khe) នៃខេត្តយ៉ាឡាយ (Gia Lai) និងតំបន់វត្ថុធាតុជាច្រើន នៅតាមខេត្តកនតុម (Kon Tum) ដាក់ឡាក់ (Dak Lak) ដាក់ណុង (Dak Nong) ឡឹមដុង (Lam Dong)។
រៀងរាល់ថ្ងៃ Doveco Gia Lai អាចប្រមូលទិញ និង កែច្នៃផ្លែឈើគ្រប់ប្រភេទរាប់រយតោន។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ដើម្បីជួយប្រជាជនមានទំនុកចិត្តចូលរួមខ្សែសង្វាក់ផលិតកម្ម Doveco បានផ្គត់ផ្គង់ពូជ សម្ភារ ជី បង្វែបច្ចេកទេសជូនប្រជាកសិករ។ ទន្ទឹមនោះ ណែនាំប្រជាជនផលិតតាមបទដ្ឋានធានាសុវត្ថិភាពអនាម័យស្បៀងអាហារ ដើម្បីបង្កើតបានផលិតផលត្រូវតាមស្តង់ដារ ចាប់ពីវគ្គផលិតរហូតដល់កែច្នៃ និង នាំចេញ។ ជាពិសេស Doveco នៅមានគោលនយោបាយជំនួយក្នុងករណីហានិភ័យ គ្រោះធម្មជាតិ និង សន្យាម៉ៅទិញផលិតផល។
ទន្ទឹមនឹងការសហការជាមួយប្រជាជន Doveco នៅកសាងតំបន់វត្ថុធាតុដើមដោយឡែកដោយខ្លួនឯង ដើម្បីម្ចាស់ការបម្រើកែច្នៃនាំចេញ។ តាមនោះ Doveco បានជួលដី២៥០ហិកតា ដើម្បីដាំក្រូចផាសិននៅស្រុកអៀក្រាយ (Ia Grai)។ ពង្រាយទម្រង់ដាំសណ្តែកសៀង នៅស្រុកដាកដ័រ (Dak Doa) ភូថៀន (Phu Thien) អៀនប៉ា (Ia Pa)។ ដាំម្នាស់នៅស្រុកអៀនប៉ា (Ia Pa) ដាំពោត ស្ពៃជើងទានៅស្រុកម៉ាងយ៉ាង (Mang Yang) និង ឃុំអានភូ (An Phu) (ទីក្រុងប៉្លីគូ - Pleku)។
ប្រភេទផលិតផលទាំងអស់របស់ DovecoGia Lai សុទ្ធតែអាចរកឃើញប្រភពដើម ដើម្បីត្រួតពិនិត្យ និង បញ្ជាក់ព័ត៌មានផលិតផល។ រូបថត៖ ឯកសារ Doveco
ជាមួយនឹងប្រភពវត្ថុធាតុដើមសម្បូរបែប និង សមត្ថភាពផលិតកម្មធំ បច្ចុប្បន្នផលិតផលរបស់ Doveco បាននាំចេញទៅកាន់ប្រទេសចំនួន៥០ ប្រមូលផ្តុំបណ្ដាទីផ្សារដូចជា៖ ជប៉ុន (១០%) អាមេរិក (១៣%) អ៊ិស្រាអែល (២៧%) អ៊ឺរ៉ុប (៣៣%)។ល។ ផលិតផលនាំចេញយុទ្ធសាស្រ្តរបស់ Doveco ចម្បងដូចជា៖ ម្នាស់បង្កក ១៤,៦% ម្នាស់ប្រអប់ ១៣,៨% ទឹកម្នាស់ខាប់ ២៥% ទឹកក្រូចផាសិនខាប់ ២៤% គូលេន ៨,៥% ផ្លែព្រូន Apricot បង្កក ៣,៨% ស្ពៃជើងទា ៣,១% ប្រភេទផ្សេងៗ ៧,២%។ នៅទីផ្សារក្នុងស្រុក ផលិតផល Doveco បានមានវត្តមាននៅស្ទើរគ្រប់ផ្សារទំនើបតូចធំ និង កំពុងស្រូបយកទីផ្សារភាគធំ៕
Doveco Gia Lai បច្ចុប្បន្ន មានតំបន់វត្ថុធាតុដើមជាង១៣.០០០ហិកតា នៅខេត្តយ៉ាឡាយ (Gia Lai) កនតុម (Kon Tum) ដាក់ឡាក់ (Dak Lak) ដាក់ណុង (Dak Nong) ឡឹមដុង(Lam Dong)។ ជាមួយទម្រង់ដូចខាងលើ រៀងរាល់ឆ្នាំមជ្ឈមណ្ឌលកែច្នៃនៃDovecoនៅខេត្តយ៉ាឡាយ (Gia Lai) អាចប្រមូលទិញ និង កែច្នៃបន្លែ ផ្លែឈើ រាប់រយពាន់តោនជារៀងរាល់ឆ្នាំ។ រៀងរាល់ឆ្នាំប្រាក់ចំណូលដោយប៉ាន់ស្មាន២.០០០ពាន់លានដុង តម្លៃនាំចេញ៨០ - ៩០ លានដូល្លាអាមេរិក។ បង្កើតការងារជូនពលករមូលដ្ឋានរាប់ពាន់នាក់ ធ្វើការនៅវិស័យកសិកម្ម និង ពលករធ្វើការផ្ទាល់នៅរោងចក្រប្រហែល១.០០០នាក់។
អត្ថបទ៖ ថាញហ្វ័រ រូបថត៖ ថាញហ្វ័រ - ឯកសារ Doveco
ប្រែសម្រួល៖ រីកើង