ព័ត៌មាន

Dak Nong ទទួលកិត្តិនាមឧទ្យានភូគម្ភសាស្ត្រសកលរបស់ UNESCO ជាលើកទីពីរ

ពិធីទទួលកិត្តិនាមជាឧទ្យានភូគព្ភសាស្ត្រសកល UNESCO Dak Nong លើកទី២ បានប្រព្រឹត្តទៅកាលពីយប់ថ្ងៃទី២៦ ខែធ្នូ នៅទីក្រុង Gia Nghia។
Dak Nong ទទួលកិត្តិនាមឧទ្យានភូគម្ភសាស្ត្រសកលរបស់ UNESCO ជាលើកទីពីរ។ (រូបថត៖ TTXVN)

នៅខែកក្កដា ឆ្នាំ ២០២០ ឧទ្យានភូគម្ភសាស្ត្រ Dak Nong ត្រូវបានអង្គការ UNESCO ទទួលស្គាល់ថាជាឧទ្យានភូគម្ភសាស្ត្រសកល។ គិតមកទល់នឹងពេលនេះ ក្រោយរយៈពេល ៤ឆ្នាំ ឧទ្យានភូគម្ភសាស្ត្រ Dak Nong បានទទួលកិត្តិនាមនេះជាលើកទី២ សម្រាប់ដំណាក់កាល ២០២៤-២០២៧។ ព្រឹត្តិការណ៍នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ មិនត្រឹមតែជួយ Dak Nong ពង្រឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍តាមគំរូនិរន្តរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃរបៀបវារៈឆ្នាំ ២០៣០ ដែលអង្គការសហប្រជាជាតិបានដាក់ចេញផងដែរ។ ក្នុងនោះ លើកទឹកចិត្តដល់ការអភិរក្សធនធានធម្មជាតិ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ កាត់បន្ថយហានិភ័យគ្រោះមហន្តរាយធម្មជាតិ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយផ្អែកលើភាពសុខដុមរមនាជាមួយធម្មជាតិ និងវប្បធម៌ប្រពៃណី។ លោក Ho Van Muoi ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dak Nong បានឲ្យដឹងថា៖

ការចូលរួមសកម្មភាពនៃបណ្តាញឧទ្យានភូគម្ភសាស្ត្រសកលបានរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់សហគមន៍អំពីឧទ្យានភូគម្ភសាស្ត្រ បង្កើនបន្តិចម្តងៗនូវឋានៈរបស់ Dak Nong នៅលើផែនទីទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ។ ចំពោះឧទ្យានភូគព្ភសាស្ត្រសកល UNESCO Dak Nong យើងខ្ញុំមានមោទនភាពក្នុងការកសាងម៉ាកយីហោ "ទឹកដីនៃភ្លេង" ដែលភ្នំនីមួយ ទន្លេនីមួយ សំឡេងគងឃ្មោះនីមួយៗ លាយឡំទៅជាបទភ្លេងវេទមន្ត ដែលបង្ហាញសារពីភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ

ជាមួយនឹងផ្ទៃដី ៤៧៦០ គីឡូម៉ែត្រការ៉េ ដែលលាតសន្ធឹងលើស្រុក និងទីក្រុងចំនួន ៦ ជាមួយនឹងទីតាំងបេតិកភណ្ឌភូគម្ភសាស្ត្រចំនួន ៦៥ រួមទាំងប្រព័ន្ធនៃរូងភ្នំជិត ៥០ ដែលមានប្រវែងសរុបជាង ១ ម៉ឺនម៉ែត្រ ព្រមទាំងរណ្ដៅភ្នំភ្លើង និងល្បាក់ទឹក ឧទ្យានភូគព្ភសាស្ត្រ Dak Nong គឺជាកន្លែងដែលរក្សានូវតម្លៃដ៏វិសេសវិសាលនៃជីវចម្រុះ លក្ខណៈពិសេសផ្នែកវប្បធម៌ ភូគម្ភសាស្ត្រ ធម្មជាតិ ក៏ដូចជាស្លាកស្នាមនៃសកម្មភាពរបស់មនុស្សសម័យបុរេប្រវត្តិ៕


top