អស់រយៈពេលជាច្រើនឆ្នាំ ប្រជាជននៅភូមិហាហូយ (Ha Hoi) (ហាណូយ) បានស៊ាំនឹងរូបភាពលោក Chuck Searcy ជាអតីតយុទ្ធជនអាមេរិកម្នាក់។
អស់រយៈពេលជាច្រើនឆ្នាំ ប្រជាជននៅភូមិហាហូយ (Ha Hoi) (ហាណូយ) បានស៊ាំនឹងរូបភាពលោក Chuck Searcy ជាអតីតយុទ្ធជនអាមេរិកម្នាក់ រស់នៅស្ងប់ស្ងាត់ និងស្និទ្ធស្នាលក្នុងជីវភាពប្រចាំថ្ងៃ។ បន្ទាប់ពីការងារដ៏មមាញឹក លោកតែងតែដើរលំហែកាយ និងសម្រាកនៅហាងកាហ្វេ ដែលលោកចូលចិត្ត ដើម្បីក្រេបរសជាតិកាហ្វេ ដូចជាផ្នែកមួយមិនអាចខ្វះបាន នៃចង្វាក់ជីវិតនៅហាណូយ។
អស់រយៈពេលជាងបីទសវត្សរ៍ បានផ្សារភ្ជាប់នឹងប្រទេសវៀតណាម លោក Chuck Searcy បានជ្រើសរើសទីនេះ ជាស្រុកកំណើតទីពីររបស់ខ្លួន។ ក្នុងរូបថតនេះ ជារូបថត របស់លោក
Chuck Searcy ដែលបានថតនៅក្នុងខែមេសា ឆ្នាំ២០២៦។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
នារសៀលខែមេសាដែលមានពន្លឺថ្ងៃចែងចាំង នៅហាងកាហ្វេ Oia លើវិថី ត្រឹន ក្វឹកត្វ័ន (Tran Quoc Toan) លោកបានជួបអ្នកស្រី ង្វៀន ហាយអាញ (Nguyen Hai Anh) ជាមិត្តភក្តិជនវៀតណាមដែលកំពុងរស់នៅប្រទេសមីយ៉ាន់ម៉ា។ ពួកគាត់ធ្លាប់ជួបគ្នានៅទីនេះកាលពី៥ឆ្នាំមុន។ ជំនួបដ៏សាមញ្ញតែមានភាពកក់ក្តៅនេះ បានបើកនូវរឿងរ៉ាវ អំពីដំណើរនៃជីវិតនៃអតីតយុទ្ធជនអាមេរិកម្នាក់ ដែលបានរកឃើញ “ផ្ទះទីពីរ” នៅកណ្តាលរដ្ឋធានី។
លោក Chuck Searcy កំពុងជជែកលេងជាមួយអ្នកស្រី ង្វៀន ហាយអាញ់ ដែលជាមិត្តភក្តិជនជាតិវៀតណាម កំពុងរស់នៅប្រទេសមីយ៉ាន់ម៉ា។
ការជួបជុំបន្ទាប់ពីបែកគ្នាអស់រយៈពេលជាច្រើនឆ្នាំ
បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏កក់ក្តៅ និងស្និទ្ធស្នាលបំផុត។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
លោក Chuck Searcy នៅហាងកាហ្វេជិតដិតមួយ នៅលើវិថី ត្រឹន ក្វឹកត័ន (Tran Quoc Toan) ទីក្រុងហាណូយ។ ហាងតូចមួយនេះ បានក្លាយជាផ្នែកមួយ ដែលមិនអាចខ្វះបាន
នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់លោក ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
Chuck Searcy ធ្លាប់បានឃើញសង្គ្រាមវៀតណាម - អាមេរិក ជាមួយនឹងភាពសាហាវយង់ឃ្នងបំផុត។ វិលត្រឡប់មកកាន់ប្រទេសវៀតណាមវិញ បន្ទាប់ពីសង្គ្រាម ពេលចូលរួមក្នុងគម្រោង RENEW ដែលឧបត្ថម្ភដោយក្រសួងការបរទេសសហរដ្ឋអាមេរិក លោកបានត្រឡប់ទៅកាន់តំបន់ដែលធ្លាប់ជាសមរភូមិជាច្រើនដង ដើម្បីជួប និងស្ដាប់ប្រជាជនដែលទទួលរងគ្រោះដោយសារគ្រាប់មីន។ តាមរយៈដំណើរកម្សាន្តទាំងនោះ ចំណងមិត្តភាពស្ងប់ស្ងាត់មួយ ត្រូវបានបង្កើតឡើង។ ក្នុងឆ្នាំ១៩៩៥ លោកបានសម្រេចចិត្តប្ដូរមកស្នាក់នៅប្រទេសវៀតណាម ផ្សារភ្ជាប់ជីវិតនៅទីនេះ រហូតមកដល់បច្ចុប្បន្ន។
នៅពេលសួរថា ហេតុអ្វីបានជាមិនត្រឡប់ទៅអាមេរិកវិញ លោកបានចែករំលែកដោយស្មោះត្រង់ថា៖ “ព្រោះខ្ញុំស្រឡាញ់វប្បធម៌ ស្រឡាញ់ប្រជាជនវៀតណាម ជាពិសេសវប្បធម៌ចេតភាពនៃជនជាតិវៀតណាម ជាអ្វីដែលខ្ញុំមិនអាចរកឃើញនៅអាមេរិក។ វាជាចំណងចងភ្ជាប់ខ្ញុំជាមួយទីនេះ។ ប្រសិនបើ គ្មានបញ្ហាសុខភាពតាមវ័យទេ ខ្ញុំនឹងនៅទីនេះរហូត។ ចំពោះខ្ញុំ វៀតណាមជាកន្លែងដែលគួរឱ្យរស់នៅបំផុត”។
លំហនៃហាងកាហ្វេ Oia ជាមួយនឹងរូបភាពក្រុងហាណូយ កន្លែងតុបតែងជិតស្និទ្ធ និងភាពស្និទ្ធស្នាលនៃយុវវ័យ បានក្លាយជាផ្នែកមួយដែលស៊ាំក្នុងជីវិតរបស់លោក។ បុគ្គលិកហាងចងចាំច្បាស់នូវចំណូលចិត្តកាហ្វេ របស់ភ្ញៀវពិសេសរូបនេះ។ ពេលខ្លះ លោកមកហាងពីរ ឬបីដងក្នុងមួយថ្ងៃ មិនមែនគ្រាន់តែដើម្បីផឹកកាហ្វេប៉ុណ្ណោះទេ ប៉ុន្តែដើម្បីសម្រប់ខ្លួនក្នុងចង្វាក់ជីវិតដ៏សុខសាន្តនៃទីក្រុងនេះ។
បន្ទាប់ពីរស់នៅប្រទេសវៀតណាមអស់រយៈពេលជាង៣០ឆ្នាំ ប្រការដែលធ្វើឱ្យលោកមានអារម្មណ៍ថា “យល់” កាន់តែច្បាស់ នោះគឺដំណើរសាក្សីឃើញប្រទេសជាតិ មានការផ្លាស់ប្តូរ។ “នោះគឺជាខណៈពេល ដែលឃើញវៀតណាមមានការអភិវឌ្ឍ។ វិស័យទេសចរណ៍ បានតភ្ជាប់មនុស្សគ្រប់គ្នាដោយគ្មានព្រំដែន និងនាំមកនូវមិត្តភក្តិថ្មីៗ។ ជនជាតិវៀតណាមស្រឡាញ់សន្តិភាព។ ខ្ញុំរីករាយណាស់ ដែលឃើញពួកគាត់រួសរាយរាក់ទាក់ និងស្វាគមន៍មិត្តភក្តិជនជាតិអាមេរិក ដូចយើងខ្ញុំ”។ Chuck Searcy បានពោលដូចនេះ។
អំណានសៀវភៅ ជាទម្លាប់មួយដែលលោក Chuck
Searcy រក្សានៅអំឡុងពេលរស់នៅជាច្រើនឆ្នាំក្នុងប្រទេសវៀតណាម។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
សម្រាប់លោក ការយល់ដឹងមិនមែនកើតចេញពីអ្វីដែលធំដុំនោះទេ គឺផ្តើមចេញពីជីវភាពរស់នៅប្រចាំថ្ងៃ។ លោកអាចដើរកាត់តាមច្រកផ្លូវតូចៗ ជជែកលេងជាមួយមនុស្សចាស់ យុវវ័យ និយាយភាសាវៀតណាម និងយល់ពីអារម្មណ៍អ្វីដែលអ្នកនៅចំពោះមុខចង់ចែករំលែក។ ក្នុងវប្បធម៌ និងសង្គមវៀតណាម លោកបានឃើញនូវភាពស្មោះត្រង់ និងការគោរព ជាគុណតម្លៃដែលលោកតែងតែឱ្យតម្លៃ។
លោក Chuck Searcy ជជែកគ្នាយ៉ាងស្និទ្ធស្នាលជាមួយអ្នកស្រុក នៅលើវិថី ត្រឹន ក្វឹកត័ន (Tran Quoc Toan)។
លោកប្រាស្រ័យទាក់ទងជាភាសាវៀតណាមធម្មតា ជិតស្និទ្ធ និងពោរពេញដោយភាពរួសរាយរាក់ទាក់។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
លោកបន្តថា៖ “ខ្ញុំមិនចូលចិត្តសង្គ្រាមទេ កាលពីមុនក៏អ៊ីចឹង ឥឡូវក៏អ៊ីចឹង។ ក្នុងថ្ងៃខែមេសាជាប្រវត្តិសាស្ត្រ នៅពេលដែលវៀតណាមប្រារព្ធពិធីបុណ្យទិវាឯករាជបង្រួបបង្រួមជាតិ ខ្ញុំក៏ចូលរួមក្នុងក្តីសប្បាយរីករាយនោះដែរ។ ខ្ញុំស្រឡាញ់សន្តិភាពនៅលើទឹកដីនេះ។ មានតែសន្តិភាពទេ ទើបបង្កើតឱ្យមានខណៈពេលសុខស្ងប់ ប្រការដែលខ្ញុំកំពុងយល់ច្បាស់បំផុតនៅហាណូយ”។
ក្នុងវ័យជរា នៅពេលដែលមិត្តភក្តិជាច្រើនបានត្រឡប់ទៅអាមេរិកវិញ ឬបានចែកឋានទៅហើយក្តី លោកនៅតែជ្រើសរើសស្នាក់នៅបន្ត។ ទំនាក់ទំនងជាមួយអ្នកជិតខាង មិត្តភក្តិវៀតណាម មិត្តរួមការងារក្នុងគម្រោង RENEW និងអតីតយុទ្ធជនអាមេរិកដែលធ្វើសកម្មភាពក្នុងអង្គការអតីតយុទ្ធជនដើម្បីសន្តិភាព (VFP 160) បានក្លាយជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់បាន នៅក្នុងជីវិតរបស់លោក។
បន្ទាប់ពីឆ្លងកាត់នៃសង្គ្រាម និងដំណើរផ្សារភ្ជាប់ជាមួយប្រទេសវៀតណាម លោកបានសម្រេចចិត្តស្នាក់នៅទីនេះ
មិនត្រឹមតែដើម្បីរស់នៅប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីស្វែងយល់ និងក្លាយជាផ្នែកមួយនៃទឹកដីនេះ។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
*ដំណើរជីវិតរបស់លោក Chuck Searcy៖
- ៦/១៩៦៧ - ៦/១៩៦៨៖Chuck Searcy បានចូលរួមធ្វើសង្គ្រាមនៅវៀតណាម ស្ថិតក្នុងកងវរសេនាតូចចារកម្មយោធា ៥១៩ ប្រចាំការនៅសាយហ្គន។
- ១៩៦៩៖ ត្រឡប់ទៅអាមេរិកវិញ សិក្សានៅសាកលវិទ្យាល័យ Georgia និងចូលរួមក្នុងចលនាអតីតយុទ្ធជនអាមេរិក ប្រឆាំងសង្គ្រាមវៀតណាម (VVAW)។
- ១៩៩២៖ ត្រឡប់មកវៀតណាមវិញ បន្ទាប់ពីឃ្លាតឆ្ងាយជាច្រើនឆ្នាំ។
- ១៩៩៥ – បច្ចុប្បន្ន៖ សម្រេចចិត្តរស់នៅ និងធ្វើការយូរអង្វែងនៅវៀតណាម
- ជាសហស្ថាបនិកនៃគម្រោង RENEW នៅខេត្តក្វាងទ្រី (Quang Tri)។ តំណាងមូលនិធិអតីតយុទ្ធជនអាមេរិកនៅប្រទេសវៀតណាម (VVAF)។ ប្រធានអង្គការអតីតយុទ្ធជនដើម្បីសន្តិភាព (VFP 160)។
- ២០០៣៖ បានរដ្ឋាភិបាលវៀតណាម ប្រគល់គ្រឿងឥស្សរិយយស មិត្តភាព។
“ប្រការដែលធ្វើឱ្យខ្ញុំស្នាក់នៅប្រទេសវៀតណាម គឺខណៈពេលដែលខ្ញុំបានជួបប្រទះ តាំងពីជីវភាពរស់នៅប្រចាំថ្ងៃ រហូតដល់មនុស្សដែលខ្ញុំរស់នៅជាមួយ។ ប្រការទាំងនោះហើយ ដែលធ្វើឱ្យខ្ញុំសម្រេចចិត្តនៅទីនេះ”។ ចំពោះលោក និយមន័យនៃពាក្យថាស្រុកកំណើត ពិតជាសាមញ្ញណាស់៖ ទីកន្លែងណាដែលមានមនុស្សស្រឡាញ់យើង ទីកន្លែងនោះ គឺជាផ្ទះ។
ខណៈពេលដែលមនុស្សវ័យក្មេងជាច្រើនជ្រើសរើសកន្លែងរស់នៅផ្អែកលើឱកាស និងផលប្រយោជន៍ លោក Chuck Searcy បែរជាមានជម្រើសផ្សេងមួយទៀត៖ រស់នៅបែបយឺតៗ សម្របខ្លួន រីករាយនឹងភាពសុខសាន្តនៃទីក្រុងហាណូយ។ សាមញ្ញ និងរួសរាយរាក់ទាក់ លោកបានក្លាយជាចំណែកមួយនៃទីក្រុង ដូចជារបៀបដែលលោកជ្រើសរើសការស្នាក់នៅ៖ ដើម្បីយល់ ហើយក្រោយមក ដើម្បីក្លាយជាទីចំណុះ៕
អត្ថបទ៖ ប៊ិចវឹន រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង