មិត្តភក្តិជាមួយនឹងវៀតណាម

Chuck Searcy - ស្នាក់នៅដើម្បីយល់ដឹង ស្នាក់នៅដើម្បីក្លាយជាចំណែកមួយនៃប្រទេសវៀតណាម

អស់រយៈពេលជាច្រើនឆ្នាំ ប្រជាជននៅភូមិហាហូយ​ (Ha Hoi) (ហាណូយ) បានស៊ាំនឹងរូបភាពលោក Chuck Searcy ​ជាអតីតយុទ្ធជន​អាមេរិកម្នាក់។

អស់រយៈពេលជាច្រើនឆ្នាំ ប្រជាជននៅភូមិហាហូយ​ (Ha Hoi) (ហាណូយ) បានស៊ាំនឹងរូបភាពលោក Chuck Searcy ​ជាអតីតយុទ្ធជន​អាមេរិកម្នាក់ រស់នៅ​ស្ងប់​ស្ងាត់ និង​ស្និទ្ធស្នាលក្នុងជីវភាពប្រចាំថ្ងៃ។ បន្ទាប់ពីការងារដ៏មមាញឹក លោកតែងតែដើរលំហែ​កាយ និងសម្រាក​​នៅហាងកាហ្វេ ដែលលោកចូលចិត្ត ដើម្បីក្រេបរសជាតិកាហ្វេ​ ដូចជា​ផ្នែកមួយ​មិនអាចខ្វះបាន នៃចង្វាក់ជីវិត​នៅហាណូយ។

អស់រយៈពេលជាងបីទសវត្សរ៍ បាន​ផ្សារភ្ជាប់​នឹង​ប្រទេសវៀតណាម​ លោក Chuck Searcy បានជ្រើសរើសទីនេះ ជាស្រុកកំណើតទីពីររបស់ខ្លួន។ ក្នុងរូបថតនេះ ជារូបថត​ របស់លោក Chuck Searcy ដែលបានថតនៅក្នុងខែមេសា ឆ្នាំ២០២៦។ រូបថត៖ កុងដាត​/កាសែត​រូបភាពវៀតណាម

នារសៀលខែមេសាដែលមានពន្លឺថ្ងៃចែងចាំង នៅហាងកាហ្វេ Oia លើវិថី ត្រឹន​ ក្វឹក​ត្វ័ន​ (Tran Quoc Toan) លោកបានជួបអ្នកស្រី ង្វៀន​ ហាយ​អាញ (Nguyen Hai Anh) ជាមិត្តភក្តិជន​វៀតណាមដែល​កំពុងរស់នៅប្រទេសមីយ៉ាន់ម៉ា។ ពួកគាត់​ធ្លាប់ជួប​គ្នានៅទីនេះ​កាលពី៥​ឆ្នាំមុន។ ​ជំនួប​ដ៏សាមញ្ញ​តែមានភាពកក់ក្តៅនេះ បាន​បើក​នូវរឿងរ៉ាវ អំពីដំណើរនៃជីវិតនៃ​អតីតយុទ្ធជនអាមេរិកម្នាក់ ដែល​បានរកឃើញ ផ្ទះទីពីរនៅ​កណ្តាល​រដ្ឋធានី។

លោក Chuck Searcy កំពុងជជែកលេងជាមួយអ្នកស្រី ង្វៀន​ ហាយ​អាញ់​ ដែលជាមិត្តភក្តិជនជាតិវៀតណាម កំពុងរស់នៅប្រទេសមីយ៉ាន់ម៉ា។ ការជួបជុំ​បន្ទាប់ពីបែកគ្នាអស់រយៈពេលជាច្រើនឆ្នាំ បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏កក់ក្តៅ និងស្និទ្ធស្នាល​បំផុត​។ រូបថត៖ កុងដាត​/កាសែត​រូបភាពវៀតណាម
លោក Chuck Searcy នៅហាងកាហ្វេ​ជិត​ដិត​មួយ​ នៅលើវិថី ត្រឹន​ ក្វឹកត័ន​ (Tran Quoc Toan) ទីក្រុងហាណូយ។ ហាងតូចមួយនេះ បានក្លាយជាផ្នែកមួយ ដែលមិនអាចខ្វះបាន នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់លោក ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ រូបថត៖ កុងដាត​/កាសែត​រូបភាពវៀតណាម

Chuck Searcy ធ្លាប់បានឃើញសង្គ្រាមវៀតណាម - អាមេរិក ជាមួយនឹងភាព​សាហាវ​យង់​ឃ្នង​បំផុត។ វិល​ត្រឡប់មកកាន់ប្រទេស​​វៀតណាមវិញ បន្ទាប់ពីសង្គ្រាម ពេលចូលរួមក្នុងគម្រោង RENEW ដែលឧបត្ថម្ភដោយក្រសួងការបរទេសសហរដ្ឋអាមេរិក លោកបានត្រឡប់ទៅកាន់តំបន់ដែលធ្លាប់ជាសមរភូមិជាច្រើនដង ដើម្បីជួប និងស្ដាប់ប្រជាជនដែលទទួលរងគ្រោះដោយសារគ្រាប់មីន។ តាមរយៈដំណើរកម្សាន្តទាំងនោះ ចំណងមិត្តភាពស្ងប់ស្ងាត់មួយ ត្រូវបានបង្កើតឡើង។ ក្នុងឆ្នាំ១៩៩៥ លោកបានសម្រេចចិត្តប្ដូរមកស្នាក់នៅប្រទេសវៀតណាម ផ្សារភ្ជាប់ជីវិតនៅទីនេះ រហូតមក​ដល់បច្ចុប្បន្ន។

នៅពេលសួរថា ហេតុអ្វីបានជាមិនត្រឡប់ទៅអាមេរិកវិញ លោកបានចែករំលែកដោយស្មោះត្រង់ថា៖ ព្រោះខ្ញុំស្រឡាញ់វប្បធម៌ ស្រឡាញ់ប្រជាជនវៀតណាម ជាពិសេសវប្បធម៌ចេតភាព​នៃ​ជនជាតិវៀតណាម ជាអ្វីដែលខ្ញុំមិនអាចរកឃើញនៅអាមេរិក។ វាជាចំណងចងភ្ជាប់ខ្ញុំជាមួយទីនេះ។ ប្រសិនបើ គ្មានបញ្ហាសុខភាពតាមវ័យទេ ខ្ញុំនឹង​នៅទីនេះរហូត។ ចំពោះខ្ញុំ វៀតណាម​ជាកន្លែងដែលគួរឱ្យរស់នៅបំផុត

លំហនៃហាងកាហ្វេ Oia ជាមួយនឹងរូបភាពក្រុងហាណូយ កន្លែងតុបតែងជិតស្និទ្ធ និង​ភាពស្និទ្ធស្នាលនៃ​យុវវ័យ បានក្លាយជាផ្នែកមួយដែលស៊ាំក្នុងជីវិតរបស់លោក។ បុគ្គលិក​ហាងចងចាំច្បាស់នូវចំណូលចិត្តកាហ្វេ របស់ភ្ញៀវពិសេសរូបនេះ។ ពេលខ្លះ លោក​មកហាងពីរ ឬបីដងក្នុងមួយថ្ងៃ មិនមែនគ្រាន់តែដើម្បីផឹកកាហ្វេប៉ុណ្ណោះទេ ប៉ុន្តែដើម្បីសម្រប់​ខ្លួនក្នុងចង្វាក់ជីវិតដ៏សុខសាន្តនៃទីក្រុងនេះ។

 

បន្ទាប់ពីរស់នៅប្រទេសវៀតណាមអស់រយៈពេលជាង៣០ឆ្នាំ ប្រការ​​ដែលធ្វើឱ្យលោកមានអារម្មណ៍ថា យល់កាន់តែច្បាស់ នោះគឺដំណើរសាក្សី​ឃើញប្រទេសជាតិ មានការផ្លាស់ប្តូរ​។ នោះគឺជាខណៈពេល ដែលឃើញវៀតណាមមានការអភិវឌ្ឍ។ វិស័យ​ទេសចរណ៍​ បានតភ្ជាប់មនុស្សគ្រប់គ្នាដោយ​គ្មានព្រំដែន និង​នាំមកនូវមិត្តភក្តិថ្មីៗ​។ ជនជាតិ​វៀតណាមស្រឡាញ់​សន្តិភាព។ ខ្ញុំរីករាយណាស់ ដែលឃើញពួកគាត់​រួស​រាយ​រាក់​ទាក់ និងស្វាគមន៍មិត្តភក្តិជនជាតិអាមេរិក ដូចយើងខ្ញុំ​Chuck Searcy បាន​ពោល​ដូចនេះ​។​

 

អំណាន​សៀវភៅ ជាទម្លាប់មួយដែលលោក Chuck Searcy រក្សានៅអំឡុងពេលរស់នៅ​ជាច្រើនឆ្នាំ​ក្នុងប្រទេសវៀតណាម។ រូបថត៖ កុងដាត/កាសែត​រូបភាពវៀតណាម

សម្រាប់លោក ការយល់ដឹងមិនមែនកើតចេញពីអ្វីដែលធំដុំនោះទេ គឺ​ផ្តើម​ចេញពីជីវភាព​រស់នៅប្រចាំ​ថ្ងៃ។ លោក​អាចដើរកាត់តាមច្រកផ្លូវ​តូច​ៗ ជជែក​លេងជាមួយមនុស្សចាស់ យុវវ័យ និយាយភាសាវៀតណាម និងយល់ពី​អារម្មណ៍​អ្វីដែល​​អ្នកនៅចំពោះ​មុខ​ចង់ចែក​រំលែក​។ ក្នុងវប្បធម៌ និងសង្គមវៀតណាម លោកបានឃើញ​នូវ​ភាពស្មោះ​ត្រង់ និងការគោរព ​ជាគុណតម្លៃដែល​លោក​តែង​តែ​​ឱ្យ​​តម្លៃ​​។

លោក Chuck Searcy ជជែកគ្នាយ៉ាងស្និទ្ធស្នាលជាមួយអ្នកស្រុក នៅលើវិថី ត្រឹន​ ក្វឹកត័ន​ (Tran Quoc Toan)។ លោកប្រាស្រ័យទាក់ទងជាភាសាវៀតណាមធម្មតា​ ជិត​ស្និទ្ធ និងពោរពេញដោយភាពរួសរាយរាក់ទាក់។ រូបថត៖ កុងដាត​/កាសែត​រូបភាពវៀតណាម

លោកបន្តថា៖ ខ្ញុំមិនចូលចិត្តសង្គ្រាមទេ កាលពីមុនក៏អ៊ីចឹង ឥឡូវក៏អ៊ីចឹង។ ក្នុងថ្ងៃខែមេសាជាប្រវត្តិសាស្ត្រ នៅពេលដែលវៀតណាមប្រារព្ធពិធីបុណ្យទិវាឯករាជបង្រួបបង្រួមជាតិ ខ្ញុំក៏ចូលរួមក្នុងក្តីសប្បាយរីករាយនោះដែរ។ ខ្ញុំស្រឡាញ់សន្តិភាពនៅលើទឹកដីនេះ។ មានតែសន្តិភាពទេ ទើបបង្កើតឱ្យមានខណៈពេលសុខស្ងប់​ ប្រការ​ដែលខ្ញុំកំពុង​យល់​ច្បាស់​បំផុ​ត​នៅហាណូយ​

ក្នុងវ័យជរា នៅ​ពេលដែលមិត្តភក្តិជាច្រើនបានត្រឡប់ទៅអាមេរិកវិញ ឬបានចែកឋានទៅហើយក្តី លោកនៅតែជ្រើសរើសស្នាក់នៅបន្ត។ ទំនាក់ទំនងជាមួយអ្នកជិតខាង មិត្តភក្តិវៀតណាម មិត្តរួមការងារក្នុងគម្រោង RENEW និងអតីតយុទ្ធជនអាមេរិកដែលធ្វើសកម្មភាពក្នុងអង្គការអតីតយុទ្ធជនដើម្បីសន្តិភាព (VFP 160) បានក្លាយជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់បាន នៅក្នុងជីវិតរបស់លោក។

 
បន្ទាប់ពីឆ្លងកាត់នៃសង្គ្រាម និងដំណើរផ្សារភ្ជាប់​ជាមួយ​ប្រទេសវៀតណាម លោកបានសម្រេច​ចិត្តស្នាក់​នៅទីនេះ មិនត្រឹមតែដើម្បីរស់នៅប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីស្វែងយល់ និងក្លាយជាផ្នែកមួយនៃទឹកដីនេះ។ រូបថត៖ កុងដាត​/កាសែត​រូបភាពវៀតណាម

*ដំណើរជីវិតរបស់លោក Chuck Searcy៖​

- ៦/១៩៦៧ - ៦/១៩៦៨៖Chuck Searcy បានចូលរួមធ្វើសង្គ្រាមនៅវៀតណាម ស្ថិតក្នុងកងវរសេនាតូចចារកម្មយោធា ៥១៩ ប្រចាំការនៅសាយហ្គន។

- ១៩៦៩៖ ត្រឡប់ទៅអាមេរិកវិញ សិក្សានៅសាកលវិទ្យាល័យ Georgia និងចូលរួមក្នុង​ចលនាអតីតយុទ្ធជនអាមេរិក ប្រឆាំងសង្គ្រាមវៀតណាម (VVAW)។

- ១៩៩២៖ ត្រឡប់មកវៀតណាមវិញ បន្ទាប់ពីឃ្លាតឆ្ងាយជាច្រើនឆ្នាំ។

- ១៩៩៥ – បច្ចុប្បន្ន៖ សម្រេចចិត្តរស់នៅ និងធ្វើការយូរអង្វែងនៅវៀតណាម

- ជាសហស្ថាបនិក​នៃគម្រោង RENEW នៅ​ខេត្តក្វាងទ្រី (Quang Tri)​។ តំណាងមូលនិធិ​អតីតយុទ្ធជនអាមេរិកនៅប្រទេស​វៀតណាម (VVAF)។ ប្រធាន​អង្គការអតីតយុទ្ធជន​ដើម្បីសន្តិភាព (VFP 160)។

- ២០០៣៖ បានរដ្ឋាភិបាលវៀតណាម ប្រគល់គ្រឿងឥស្សរិយយស មិត្តភាព។

ប្រការ​​ដែលធ្វើឱ្យខ្ញុំស្នាក់​នៅប្រទេស​វៀតណាម គឺខណៈពេលដែលខ្ញុំបាន​ជួបប្រទះ តាំងពី​ជីវភាពរស់​នៅប្រចាំថ្ងៃ រហូតដល់​មនុស្សដែលខ្ញុំរស់នៅ​ជាមួយ។ ប្រការ​ទាំងនោះហើយ ដែលធ្វើ​ឱ្យ​ខ្ញុំ​សម្រេចចិត្តនៅទីនេះ។ ចំពោះលោក និយមន័យនៃពាក្យថាស្រុកកំណើត ពិតជា​​សាមញ្ញណាស់៖ ទីកន្លែងណាដែលមានមនុស្សស្រឡាញ់យើង ទីកន្លែង​នោះ គឺជាផ្ទះ។

ខណៈពេលដែលមនុស្សវ័យក្មេងជាច្រើនជ្រើសរើសកន្លែងរស់នៅផ្អែកលើឱកាស និងផលប្រយោជន៍ លោក Chuck Searcy បែរជាមានជម្រើសផ្សេងមួយទៀត៖ រស់នៅបែបយឺតៗ សម្របខ្លួន រីករាយនឹងភាពសុខសាន្តនៃទីក្រុងហាណូយ។ សាមញ្ញ និងរួសរាយរាក់ទាក់ លោកបានក្លាយជាចំណែកមួយនៃទីក្រុង ដូចជារបៀប​ដែល​​លោកជ្រើសរើសការស្នាក់នៅ៖ ដើម្បីយល់ ហើយ​ក្រោយ​មក​ ដើម្បីក្លាយជាទីចំណុះ​៕

អត្ថបទ៖ ប៊ិច​វឹន​ រូបថត៖ កុងដាត​/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


top