ជាមួយនឹងទឹកចិត្តដ៏ស្មោះស្មគ្រ របស់មនុស្សម្នាក់ ដែលបានផ្សារភ្ជាប់នឹងប្រទេសវៀតណាម អំឡុងពេលជាង១២ឆ្នាំ លោក Christian Levon ជាអ្នកឯកទេសសេដ្ឋកិច្ចមួយរូប មិនបញ្ឈប់ការសិក្សា ស្វែងយល់ បម្លាស់ប្តូរថ្មី និងទឹកចិត្តប្តេជ្ញា ក្នុងការជំរុញវប្បធម៌តម្លាភាពនៅប្រទេសវៀតណាម ពិសេសគឺក្នុងស្រទាប់យុវជននិងសហគ្រាស។
ជំនួបប្តីប្រពន្ធ លោក Christian Levon នៅហាណូយ ខ្ញុំកាន់តែយល់និងស្រឡាញ់ការងារ ដែលអ្នកទាំងពីរកំពុងធ្វើ។ លោក Christian Levon និងលោកស្រី កេវវៀន (Kieu Vien) បានរួមគ្នាឆ្លងកាត់នូវព្រឹត្តិការណ៍ជាច្រើន លើដំណើរពោរពេញទៅដោយឧបសគ្គ របស់អង្គការឆ្ពោះទៅកាន់តម្លាភាពនៅវៀតណាម - Towards Transparency (TT) ជាអង្គការមិនរកប្រាក់ចំណេញ សកម្មភាពជាមួយនឹងវាសនាជំរុញខឿនវប្បធម៌តម្លាភាព និងភាពច្បាស់លាស់នៅប្រទេសវៀតណាម។
នៅឆ្នាំ២០០៨ ពេលលោក Christian Levon កំពុងធ្វើជាទីប្រឹក្សាសេដ្ឋកិច្ច នៃស្ថានទូតបារាំងប្រចាំនៅប្រទេសវៀតណាម លោកមាននិស្ស័យបានធ្វើការជាមួយនឹងលោកស្រី កេវវៀន (Kieu Vien) អំពីបញ្ហាតម្លាភាព។ ពេលដឹងថាលោកស្រី កេវវៀន (Kieu Vien) កំពុងមានបំណងឡើងផែនការ បង្កើតក្រុមហ៊ុនប្រឹក្សាពីគ្រោះមិនរកប្រាក់ចំណេញ ស្តីពីការបង្ការប្រឆាំងអំពើពុករលួយនៅប្រទេសវៀតណាម លោកតែងមានចិត្តកោតសរសើរនិងគាំទ្រចំពោះលោកស្រី លើការអនុវត្តគោលបំណងនេះ ពីព្រោះលោកយល់ឃើញថាអំពើពុករលួយ កំពុងជាបញ្ហារ៉ាំរ៉ៃនៅលើប្រទេសជាច្រើន លើពិភពលោក ក្នុងនោះមានប្រទេសវៀតណាម។
លោក Christian Levon ជាទីប្រឹក្សាជាន់ខ្ពស់អន្តរជាតិ របស់អង្គការឆ្ពោះទៅកាន់តម្លាភាពប្រចាំនៅប្រទេសវៀតណាម។ រូបថត៖ វៀតគឿង
ប្តីប្រពន្ធលោក Christian Levon ជាមួយនឹងដូងចិត្តតែមួយ “ដើម្បីវៀតណាមមួយ តម្លាភាពនិងភាពច្បាស់លាស់”។ រូបថត៖ វៀតគឿង
លោក Christian Levon តំណាងឱ្យអង្គការប្រចាំនៅប្រទេសវៀតណាម ចូលរួមបទបង្ហាញនៅសន្និសីទអន្តរជាតិ ក្រោមប្រធានបទ “ជនល្មើសហិរញ្ញវត្ថុសកលលោក” នៅប្រទេសសិង្ហបូរី។ រូបថត៖ ឯកសារ
លោក Christian Levon នៅសន្និសីទអន្តរជាតិ ស្តីពីការប្រឆាំងអំពើពុករលួយ (IACC) ឆ្នាំ២០១៨ នៅប្រទេសដាណឺម៉ាក។ រូបថត៖ ឯកសារ
លោក Christian Levon ឧទ្ទេសនាមអំពីសំណង់សិក្សារបស់ខ្លួន នៅពិធីប្រកាសការសិក្សាតម្លាភាព លើយុវជនវៀតណាមឆ្នាំ២០១៩។ រូបថត៖ ឯកសារ
ប្តីប្រពន្ធ លោក Christian Levon រួមនឹងសមាជិករបស់អង្គការ TT បានរៀបចំសកម្មភាពជាច្រើន “ដើម្បីវៀតណាមមួយគ្មានអំពើពុករលួយ”។ រូបថត៖ វៀតគឿង
|
ក្រោយមួយរយៈពេលធ្វើការ រហូតដល់ឆ្នាំ២០១១ លោក Christian Levon និងលោកស្រី កេវវៀន (Kieu Vien) បានរកឃើញសទិសភាពលើការគិតនិងផ្នត់គំនិតមួយ ដូច្នេះបានសម្រេចិត្តក្លាយជាមិត្តរួមគំនិត កើតជាប្តីប្រពន្ធ។ បន្ទាប់ពីបានជាគ្នា ប្តីប្រពន្ធលោកបានធ្វើដំណើរបេសកកម្មជាច្រើនកន្លែង នៅលើពិភពលោក។ ដល់ឆ្នាំ២០១៦ ឃើញប្រពន្ធដាក់ចិត្តគំនិតលើបញ្ហាតម្លាភាពនិងភាពច្បាស់លាស់របស់ប្រទេសវៀតណាម លោក Christian Levon សម្រេចចិត្តឆាប់ចូលនិវត្តន៍ ដើម្បីរួមជាមួយនឹងប្រពន្ធវិលត្រឡប់មកប្រទេសវៀតណាមវិញ ព្រមទាំងជួយដល់ប្រពន្ធសម្រេចបានគោលបំណងរបស់ខ្លួន។
ពេល៣៥ឆ្នាំ ធ្វើទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបារាំង លោក Christian Levon បានធ្វើការនៅច្រើនប្រទេសដូច វៀតណាម អ៊ីស្រាអែល កូរេខាងត្បូង អាល្លីម៉ង់ Litva និងបែលហ្ស៊ិក។ លោកក៏មានពេល៥ឆ្នាំ តំណាងអចិន្រ្តៃយ៍បារាំងនៅសហព័ន្ធអ៊ឺរុប និងមានពេល៥ឆ្នាំបំពេញការងារនៅគណៈកម្មការអ៊ឺរុប (ចូលរួមចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី - FTAs ពាក់ព័ន្ធដល់ទិញរបស់រដ្ឋ)។ ពិសេស ក្នុងអំឡុងពេលបំពេញការងារនៅស្ថានទូតបារាំងប្រចាំនៅប្រទេសវៀតណាម (២០០៨ - ២០១២) លោកបានចូលរួមចំណែកយ៉ាងសកម្ម លើការជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី រវាងវៀតណាមនិងបារាំង។
|
បន្ទាប់ពីត្រឡប់មកដល់ប្រទេសវៀតណាម លោក Christian Levon បានចូលរួមធ្វើការនៅអង្គការ TT ព្រួតដៃនឹងប្រពន្ធលើដំណើរការជំរុញតម្លាភាពនិងភាពច្បាស់លាស់នៅប្រទេសវៀតណាម។ នេះជាស្ថាប័នតម្រុយនៃអង្គការតម្លាភាពអន្តរជាតិ (TI) - ជាចលនាសកលលោកមួយ ស្តីពីការបង្ការប្រឆាំងនឹងអំពើពុករលួយ ដោយមានអង្គការជាសមាជិកជាង១០០ លើពិភពលោក នៅប្រទេសវៀតណាម។
ប្រការពិសេស គឺលោក Christian Levon បានចូលរួមអង្គការ TT ដោយមានតួនាទីជាទីប្រឹក្សាជាន់ខ្ពស់អន្តរជាតិ របស់អង្គការឆ្ពោះទៅកាន់តម្លាភាពប្រចាំនៅប្រទេសវៀតណាម តែលោកធ្វើការលើស្មារតីស្មគ្រចិត្ត មិនយកប្រាក់ខែ។ បទពិសោធន៍ ចំណេះវិជ្ជាទាំងអស់ លោកបានផ្ញើទុកនៅលើអង្គការ TT នេះ។
ប៉ុន្មានថ្ងៃដំបូង ដើម្បីពង្រាយគម្រោងការអំពីតម្លាភាពរបស់អង្គការ TT គឺមិនមានភាពងាយស្រួលនោះទេ ពីព្រោះនេះជាវិស័យថ្មីមួយនៅប្រទេសវៀតណាម។ លោក Christian Levon ចែករំលែកថា៖ លោកបានខិតខំប្រឹងប្រែងយ៉ាងច្រើន ដើម្បីអាចឆ្លងកាត់របងភាសា ដើម្បីសិក្សាស្រាវជ្រាវ និងចែករំលែកជាមួយនឹងដៃគូ អំពីប្រធានបទតម្លាភាព។ ក្រៅពីការងារទីប្រឹក្សា លោក Christian Levon នៅមានការងារផ្សេងៗដូចជា ស្រាវជ្រាវ សរសរព័ត៌មាន គន្លឹះពីគ្រោះ រៀបចំវគ្គហ្វឹកហាត់អំពីតម្លាភាព ជូនក្រុមហ៊ុននិងអង្គការផ្សេងៗ។ លោកជានាយកនិពន្ធនិងកែសម្រួលស្នាដៃដូចជា៖ វិភាគហានិភ័យអំពើពុករលួយចំពោះវិនិយោគិនប្រចាំនៅប្រទេសវៀតណាម។ សិក្សាអំពីតម្លាភាពលើសមាជិកវៀតណាម របាយការណ៍ការសិក្សាតម្លាភាពធ្វើអាជីវកម្ម នៅតាមតំបន់បច្ចេកវិទ្យាខ្ពស់នៅប្រទេសវៀតណាម។ល។ ការសិក្សាទាំងនេះ ទុកជាប្រភពឯកសារពីគ្រោះដែលមានប្រយោជន៍សម្រាប់ស្ថាប័ន ទីភ្នាក់ងារ ក្នុងបទដ្ឋានវាយតម្លៃការងារបង្ការប្រឆាំងអំពើពុករលួយនៅប្រទេសវៀតណាម។
ប៉ុន្មានឆ្នាំថ្មីៗនេះ លោកនិងសហការីនៅអង្គការ TT បានអនុវត្តសិក្សាអំពីបញ្ហាតម្លាភាពលើយុវជនវៀតណាម (YIS)។ នេះជាប្រភពឯកសារសំខាន់ ជំនួយឱ្យរដ្ឋាភិបាល និងមូលដ្ឋានអប់រំកែសម្រួលកម្មវិធីបង្រៀន ស្តីពីបញ្ហាតម្លាភាពនិងបង្ការប្រឆាំងអំពើពុករលួយ សម្រាប់យុវជន។ ទន្ទឹមនោះ លោក Christian Levon ក៏បានអញ្ជើញមកចែករំលែកនិងបង្រៀន អំពីប្រធានបទធ្វើអាជីវកម្មតម្លាភាព នៅតាមសកលវិទ្យាល័យ ពិសេសគឺវគ្គសិក្សាសួនបណ្តុះពន្លកតម្លាភាព (VIS) ដឹកនាំដោយអង្គការជារៀងរាល់ឆ្នាំ។ វគ្គសិក្សានេះ បង្កលក្ខណៈជូនយុវជនវៀតណាម ស្វែងយល់និងអនុវត្តតម្លៃតម្លាភាព ដូចជាការអភិវឌ្ឍគោលគំនិតនិងគម្រោងការជំរុញតម្លាភាព នៅក្នុងសហគមន៍។ សព្វថ្ងៃ វគ្គសិក្សាបានទាក់ទាញសមាជិកជាង៣០០នាក់ មកពីគ្រប់ទិសទីនៃប្រទេសជាតិ។
លោក Christian Levon បាននាំយកតម្លៃតម្លាភាព ចូលទៅបណ្តាសហគ្រាសដោយចំណាយពេលវេលាយ៉ាងច្រើន។ លោកសង្ឃឹមថា អំឡុងពេល៥ឆ្នាំខាងមុខ ពេលវៀតណាមចូលសមាហរណកម្មស៊ីជម្រៅ ចូលទីផ្សារអន្តរជាតិ សហគ្រាសនឹងមានការយល់ដឹងប្រសើរជាង អំពីតួនាទីសំខាន់នៃតម្លាភាព ក្នុងការធ្វើអាជីវកម្ម។ ក្នុងដំណាក់កាលខាងមុខ អង្គការ TT នឹងវិនិយោគធនធានមនុស្ស ដើម្បីអនុវត្តសិក្សាស៊ីជម្រៅនិងរៀបចំវគ្គបណ្តុះបណ្តាល អំពីអាជីវកម្មតម្លាភាព ដែលមានភាពជាក់ស្តែងខ្ពស់។ លោក Christian Levon និងសហការីអង្គការ TT បានខិតខំប្រឹងប្រែងជារៀងរាល់ថ្ងៃ ដើម្បីឆ្ពោះទៅកាន់វៀតណាមមួយ គ្មានអំពើពុករលួយ ទីកន្លែងមួយដែលប្រជាជនតែងទទួលបានសមភាពសង្គម តម្លាភាព និងភារកិច្ចបកស្រាយនៅរាល់វិស័យជីវភាពរស់នៅ៕
អត្ថបទ៖ ប៊ិចវឹន
រូបថត៖ វៀតគឿង និងឯកសារ
ប្រែសម្រួល៖ រីកើង