ព័ត៌មាន

APEC វៀតណាម ឆ្នាំ ២០២៧៖ សកម្មភាពជាង ២០០ ឆ្ពោះទៅរកលទ្ធផលសហប្រតិបត្តិការជាក់ស្តែងនិងយូរអង្វែង

វៀតណាមកំពុងត្រៀមរៀបចំសកម្មភាពជាង ២០០ រួមទាំងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី និងកិច្ចសន្ទនាកម្រិតខ្ពស់ចំនួន ១១ រួមជាមួយនឹងគំនិតផ្តួចផ្តើមសហប្រតិបត្តិការជាច្រើនលើវិស័យផ្សេងៗគ្នា សម្រាប់ឆ្នាំ APEC ២០២៧។

សន្និសីទសារព័ត៌មានអន្តរជាតិស្តីពីឆ្នាំ APEC ២០២៧។ (រូបថត៖ VNA))

ក្រៅពីសកម្មភាពជំរុញការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់វៀតណាម ក៏គ្រោងនឹងរៀបចំព្រឹត្តិការណ៍វប្បធម៌ សិល្បៈជាច្រើន ដើម្បីផ្សព្វផ្សាយរូបភាពនៃទឹកដី មនុស្សវៀតណាម ទៅកាន់មិត្តភក្តិអន្តរជាតិផងដែរ។ ទាំងនេះគឺជាព័ត៌មានដែលត្រូវបានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានអន្តរជាតិស្តីពីឆ្នាំ APEC ២០២៧ ដែលរៀបចំដោយគណៈកម្មាធិការជាតិ APEC ២០២៧ នាព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា នៅទីក្រុងហាណូយ។

អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសលោក Nguyen Minh Vu ប្រធានលេខាធិការដ្ឋានជាតិសម្រាប់ APEC ២០២៧ បានបញ្ជាក់ថា ដោយបន្តភាពជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះពីរដងក្នុងឆ្នាំ ២០០៦ និង ២០១៧ ឆ្នាំ APEC ២០២៧ គឺជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងដំណើរជិត ៣០ ឆ្នាំរបស់វៀតណាមក្នុងការចូលរួមវេទិកានេះ។ ដោយ​ផ្អែក​លើ​សមិទ្ធផល​នៃ​ APEC ២០២៦ និង​ឆ្ពោះទៅ​រក​ការអនុវត្តចក្ខុវិស័យ APEC ២០៤០ ប្រទេស​វៀតណាម​បាន​ជ្រើសរើស​ប្រធានបទ "រួមគ្នា​ស្ថាបនា​យុគសម័យ​ថ្មី​នៃ​ភាព​ធន់ នវានុវត្តន៍ និង​វិបុលភាព​រួម" ព្រមទាំង​បាន​ស្នើឡើង​អាទិភាព​ចំនួន ៣ ​សម្រាប់​កិច្ច​សហប្រតិបត្តិការ៖ ការ​បង្កើន​ផលិតភាព​សេដ្ឋកិច្ច; ការ​ជំរុញ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ក្នុង​តំបន់; ការបង្កើន​ភាព​ធន់ ភាព​ស្វាហាប់​នៃ​សេដ្ឋកិច្ច និង​គុណភាព​ជីវភាព​របស់​ប្រជាជន។

សកម្មភាព​ជាង ២០០ ក្នុង​អំឡុង​ឆ្នាំ APEC ២០២៧ នឹង​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ក្នុង​ខេត្ត និង​ក្រុង​ចំនួន ៧។ សប្តាហ៍​កិច្ចប្រជុំ​កំពូល APEC គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០២៧ នៅ​ ភូក្វុក ខេត្ត​អានយ៉ាង។ សប្តាហ៍​កិច្ចប្រជុំ​កំពូល APEC ២០២៧ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទទួលស្វាគមន៍​ប្រតិភូ​ជាង ១០ ពាន់នាក់ និង​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក និង​អន្តរជាតិ​ជាង ៣ ពាន់នាក់៕


top