បន្ទាប់ពីរយៈពេល ៥០ឆ្នាំ ដែលទទួលបានកិត្តិយស ដោយយកឈ្មោះ លោកប្រធាន ហូជីមិញ (១៩៧៦ - ២០២៦) មកដាក់ឈ្មោះទីក្រុងហូជីមិញ បាននិងកំពុងផ្លាស់ប្តូរមុខមាត់ថ្មី និងអភិវឌ្ឍខ្លួនមិនឈប់ឈរ។
បន្ទាប់ពីរយៈពេល ៥០ឆ្នាំ ដែលទទួលបានកិត្តិយស ដោយយកឈ្មោះ លោកប្រធាន ហូជីមិញ (១៩៧៦ - ២០២៦) មកដាក់ឈ្មោះទីក្រុងហូជីមិញ បាននិងកំពុងផ្លាស់ប្តូរមុខមាត់ថ្មី និងអភិវឌ្ឍខ្លួនមិនឈប់ឈរ។ ស្ថិតនៅចន្លោះសំណង់អគារទំនើបៗ និងចង្វាក់ជីវិតរស់រវើក លំហចាស់បុរាណជាច្រើន នៅតែបានអភិរក្សទុកដូចជាចំណែកមួយនៃអនុស្សាវរីយ៍ រួមចំណែកបង្កើតអត្តសញ្ញាណ និងព្រលឹងនៃទីក្រុងធំបំផុតមួយនេះ នៅប្រទេសវៀតណាម។
សាលាវិទ្យាល័យ ង្វៀន ធីមិញខាយ (Nguyen Thi Minh Khai) គឺជាសាលារៀនមួយ ក្នុងចំណោមសាលារៀនដែលមានស្ថាបត្យកម្មបុរាណ
និងចំណាស់ជាងគេបំផុតនៅសាយហ្គន។ បានចាប់ផ្តើមសាងសង់ឡើងក្នុងឆ្នាំ១៩១៣ បានទទួលស្គាល់ជាកេរដំណែលស្ថាបត្យកម្មសិល្បៈថ្នាក់ទីក្រុង
នៅក្នុងឆ្នាំ២០១២។ រូបថត៖ ត្រឹង ថេផុង
អនុស្សាវរីយ៍ទីក្រុងហូជីមិញ មិនត្រឹមតែមានវត្តមាននៅក្នុងទំព័រប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងនៅតែបង្ហាញខ្លួននៅតាមដងវិថី តាមច្រកតូចៗ និងលំហដែលធ្លាប់ជិតស្និទ្ធ រួមដំណើរជាមួយប្រជាជនជាច្រើនជំនាន់មកហើយ។ ក្នុងចំណោមការផ្លាស់ប្តូរឥតឈប់ឈរនៃទីក្រុង ទីកន្លែងទាំងនោះ នៅតែមានវត្តមានដោយស្ងៀមស្ងាត់ ក្នុងនាមជាសាក្សីនៃពេលវេលា។
នៅលើដងផ្លូវ ឡេឡើយ (Le Loi) ផ្ទះល្វែងលេខ២៦ នៅតែឈរស្ងៀមស្ងាត់ នៅចំកណ្តាលមជ្ឈមណ្ឌលក្រុងដ៏អ៊ូអរ។ នៅពីក្រោយផ្នែកខាងមុខដ៏សាមញ្ញ គឺជាចន្លោះអណ្តូងមេឃពោរពេញដោយពន្លឺថ្ងៃ ជាកន្លែងដែលជញ្ជាំងពណ៌ស និងឥដ្ឋការ៉ូចាស់ៗ រំលឹកឡើងនូវអនុស្សាវរីយ៍អំពីទីក្រុងស៊ីវិល័យមួយកាលពីច្រើនទសវត្សរ៍មុន។ នៅមិនឆ្ងាយពីទីនោះ បណ្ណាល័យវិទ្យាសាស្ត្រទូទៅទីក្រុងហូជីមិញ បែរជានិយាយអំពីសាច់រឿងមួយបែបផ្សេងទៀត។ នៅលើទីតាំងចាស់នៃគុកធំសាយហ្គន (Kham Lon Sai Gon) ដែលធ្លាប់ជាទីកន្លែងឃុំឃាំងអ្នកស្នេហាជាតិ នាពេលបច្ចុប្បន្ននេះ បានក្លាយជាទីលំហសម្រាប់រក្សាចំណេះដឹង ជាទីកន្លែងដែលអតីតកាល និងបច្ចុប្បន្នកាល បានជួបគ្នា នៅក្នុងសំណង់អគារមួយ ដែលពោរពេញទៅដោយតម្លៃវប្បធម៌។
កាលពីមុន ផ្នែកខាងមុខនៃអគារផ្ទះល្វែងចាស់ៗ នៅទីក្រុងហូជីមិញ បានទាញយកផលប្រយោជន៍ ដើម្បីធ្វើជាហាងលក់ដូរ និងការធ្វើអាជីវកម្ម។
រូបថត៖ ត្រឹង ថេផុង
ជីវភាពរស់នៅរបស់ប្រជាជន នៅសងខាងដងទន្លេសាយហ្គន ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ២០០០។ រូបថត៖ ត្រឹង ថេផុង
អនុស្សាវរីយ៍ទីក្រុង ក៏មានវត្តមាននៅគ្រប់ទីលំហរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ទីក្រុងផងដែរ។ នៅលើផ្លូវ ហាយ បាត្រឹង (Hai Ba Trung) ផ្សារ តឹងឌិញ (Tan Dinh) ដែលមានប្រវត្តិជិតមួយសតវត្សរ៍មកហើយនោះ នៅតែជាផ្សារប្រពៃណីមួយ ក្នុងចំណោមផ្សារដែលមានភាពរស់រវើកបំផុត ក្នុងទីក្រុងហូជីមិញ។ មិនត្រឹមតែជាកន្លែងទិញលក់ទំនិញប៉ុណ្ណោះទេ ផ្សារនេះនៅតែរក្សាបានវប្បធម៌ពិសេសនៃទីក្រុង និងជាអាសយដ្ឋានទាក់ទាញ សម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិផងដែរ។
ផ្នែកខាងមុខដែលពោរពេញទៅដោយរចនាបថស្ថាបត្យកម្មបារាំងយ៉ាងលេចធ្លោ នៃផ្សារ តឹនឌីញ (Tan Dinh)។ រូបថត៖ ង្វៀនឡឹន/VNP
ទីក្រុងហូជីមិញ ជាកន្លែងដែលមានច្រកតូចៗល្បីល្បាញ ដោយសារមុខម្ហូបអាហារបែបប្រជាប្រិយ ដូចជាគុយទាវ បាយចុងអង្ករ និងនំបញ្ចុកប្រហុក។ល។ រូបថត៖ ត្រឹង ថេផុង
តូបលក់កាសែតចាស់មួយកន្លែង នៅលើដងផ្លូវទីក្រុងហូជីមិញ។ រូបថត៖ ត្រឹង ថេផុង
នៅជ្រុងមួយផ្សេងទៀត ហាងកាហ្វេ ជេវលេវ (Cheo Leo) នៅតែរក្សាវិធីឆុងកាហ្វេដោយប្រើក្រណាត់ និងកំសៀវដីដុត ដែលជាលក្ខណៈពិសេសដ៏កម្រមានមួយ ចំកណ្តាលចង្វាក់ជីវិតដ៏ទំនើប។ ទីលំហដ៏សាមញ្ញ និងក្លិនក្រអូប នៃកាហ្វេ បានធ្វើឱ្យអតិថិជនមានអារម្មណ៍ដូចជា កំពុងបានត្រឡប់ទៅកាន់ទីក្រុង នៃឆ្នាំចំណាស់មុនៗ។
ធ្វើដំណើរទៅឆ្ងាយបន្តិចឆ្ពោះទៅកាន់តំបន់ ធូឌឹក (Thu Duc) រោងជាងដែក ភឿង (Phuong) នៅតែបន្លឺសំឡេងញញួរជារៀងរាល់ថ្ងៃ។ ឆ្លងកាត់បួនជំនាន់មកហើយ ជាងដែកនៅទីនេះ នៅតែរក្សាមុខរបរសិប្បកម្មប្រើដៃផ្ទាល់ និងបទពិសោធន៍ដែលបន្សល់ទុកពីដូនតា។ នៅយុគសម័យគ្រឿងចក្រ និងស្វ័យប្រវត្តូបនីយកម្ម ភ្លើងពណ៌ក្រហម នៃរោងជាងដែក បានក្លាយជានិមិត្តរូបនៃការតស៊ូ និងការស៊ូទ្រាំនៃតម្លៃប្រពៃណី។
វិថីបុរាណមួយនៅទីក្រុងហូជីមិញ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ២០០០។ រូបថត៖ ត្រឹង ថេផុង
នាឱកាសរំលឹកខួបអនុស្សាវរីយ៍៥០ឆ្នាំ ទីក្រុងហូជីមិញដាក់ឈ្មោះ តាមឈ្មោះលោកប្រធាន ហូជីមិញ ទីលំហចាស់បុរាណទាំងនោះ រំលឹកឡើងថា ភាពទាក់ទាញនៃទីក្រុង មិនត្រឹមតែមកពីសំណង់អគារទំនើបៗ ឬល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចនោះទេ។ អនុស្សាវរីយ៍ដែលបានថែរក្សាឆ្លងកាត់ពេលវេលាទាំងនោះ ជាការរួមចំណែកបង្កើតនូវអត្តសញ្ញាណ និងព្រលឹងនៃទីក្រុងមួយ តែងតែឆ្ពោះទៅរកអនាគត ប៉ុន្តែមិនបានបំភ្លេចអតីតកាលឡើយ៕
អត្ថបទ៖ ង្វៀនឡឹន/VNP
រូបថត៖ ង្វៀនឡឹន/VNP ត្រឹន ថេផុង
ប្រែសម្រួល៖ រីកើង