សាស្ត្រាចារ្យរង បណ្ឌិត លោក ង្វៀន ជូហូយ - អតីតអគ្គនាយករង នៃអគ្គនាយកដ្ឋានសមុទ្រ
និងកោះវៀតណាម អនុប្រធានអចិន្ត្រៃយ៍
នៃសមាគមជលផលវៀតណាម។ រូបថត៖ ត្រឹន ថាញ់យ៉ាង/VNP
ទំព័រកាសែតរូបភាពវៀតណាម នៅតំបន់ត្រជាក់
ប្រការដែលចំណាប់អារម្មណ៍ ចំពោះសាស្ត្រាចារ្យរង បណ្ឌិត ង្វៀន ជូហូយ មិនត្រឹមតែជាឋានន្តរស័ក្តិ គោរមងារ ឬស្នាមជើងឆ្លងកាត់ ៧២ប្រទេសប៉ុណ្ណោះទេ ថែមទាំងជាប្រភពថាមពលរបស់មនុស្សម្នាក់ ដែលលះបង់ក្តីស្រឡាញ់ទាំងស្រុង ចំពោះសមុទ្រមាតុភូមិ។ ក្នុងវ័យ ៧៥ឆ្នាំ លោកនៅតែខិតខំប្រឹងប្រែងដើម្បីតភ្ជាប់សមុទ្រវៀតណាម ជាមួយនឹងមហាសមុទ្រពិភពលោក ដោយចំណូលចិត្តដែលមិនចេះរីងស្ងួត។
មានមនុស្សតិចណាស់ដែលដឹងថាដំណើរនោះ បានចាប់ផ្តើមពីអនុស្សាវរីយ៍ដ៏សាមញ្ញមួយ នៅទីក្រុងវ៉ាសូវី (Warszawa ប្រទេសប៉ូឡូញ) នៅដើមទសវត្សរ៍ឆ្នាំ១៩៨០។ កាលដែលគាត់នៅជាបេក្ខជនបណ្ឌិត ក្រៅពីម៉ោងសិក្សា លោកតែងតែយកកាសែតរូបភាពវៀតណាមជាច្រើនច្បាប់ទៅណែនាំដល់កុមារប៉ូឡូញ។
សាស្ត្រាចារ្យរង បណ្ឌិត លោកង្វៀន ជូហូយ ស្រាវជ្រាវឯកសារវិទ្យាសាស្ត្រនៅក្នុងទូសៀវភៅផ្ទាល់ខ្លួន ដែលលោកបានសន្សំទុកជាច្រើនទសវត្សរ៍។ រូបថត៖ ត្រឹន ថាញ់យ៉ាង/VNP
លោករំលឹកឡើងថា តាមរយៈរូបថត និងរឿងរ៉ាវអំពីប្រទេសជាតិ លោកចង់ឱ្យមិត្តអន្តរជាតិយល់ថា ប្រទេសវៀតណាមមិនត្រឹមតែមានសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែក៏មានប្រជាជនរួសរាយរាក់ទាក់ វប្បធម៌សម្បូរបែប និងប្រទេសមួយ ដែលពោរពេញដោយភាពរស់រវើកផងដែរ។ ទំព័រកាសែតរូបភាពនៅពេលនោះ មិនត្រឹមតែជាមធ្យោបាយព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាស្ពានវប្បធម៌ដំបូងគេ ដែលផ្សារភ្ជាប់មាតុភូមិជាមួយមិត្តអន្តរជាតិ។
ស្នាដៃស្រាវជ្រាវអំពីសមុទ្ររបស់សាស្ត្រាចារ្យរង បណ្ឌិត លោក ង្វៀន ជូហូយ។ រូបថត៖ ត្រឹន ថាញយ៉ាង/ VNP
នៅអាស៊ាន លោកបានបន្សល់ទុកនូវចំណាប់អារម្មណ៍តាមរយៈការគិតអំពីការគ្រប់គ្រងសមុទ្រប្រកបដោយភាពផ្សារភ្ជាប់គ្នា។ ឆ្លើយតបនឹងសំណួរអំពីតួនាទីរបស់ប្រទេសឡាវ - ដែលជាប្រទេសតែមួយគត់គ្មានសមុទ្រ នៅក្នុងតំបន់អាស៊ាន - លោកបានផ្តល់នូវអំណះអំណាងខ្លី ប៉ុន្តែមានអត្ថន័យជ្រាលជ្រៅថា៖ "ទន្លេរាប់រយហូរចេញសមុទ្រ"។ យោងតាមលោក ការគ្រប់គ្រងសមុទ្រមិនអាចកាត់ផ្តាច់ចេញពីការគ្រប់គ្រងអាងទន្លេបានឡើយ។ បរិស្ថានសមុទ្រ និងបរិស្ថានដីគោក តែងតែមានទំនាក់ទំនងគ្នាទៅវិញទៅមក។
សាស្ត្រាចារ្យរង បណ្ឌិត លោកង្វៀន ជូហូយ - ជារូបភាពតំណាងឱ្យអ្នកវិទ្យាសាស្ត្រសមុទ្រជំនាន់នាំមុខ
ដែលមានទាំងចំណេះដឹងទ្រឹស្តីច្បាស់លាស់ និងការយល់ដឹងស៊ីជម្រៅ អំពីការអនុវត្តយុទ្ធសាស្ត្រសមុទ្រជាតិ។ រូបថត៖ ត្រឹន ថាញយ៉ាង/ VNP
ទោះបីជាមានវ័យចំណាស់ក៏ដោយ ក៏សាស្ត្រាចារ្យរង បណ្ឌិត លោក ង្វៀន ជូ ហូយ នៅតែងប់ងល់នឹងការស្រាវជ្រាវវិទ្យាសាស្ត្រ។ រូបថត៖ ត្រឹន ថាញយ៉ាង/VNP
លោកបានស្នើឱ្យប្តូរឈ្មោះពី អនុគណៈកម្មាធិការវិទ្យាសាស្ត្រសមុទ្រ ទៅជា អនុគណៈកម្មាធិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសមុទ្រអាស៊ាន (SCMSAT) ដោយសង្កត់ធ្ងន់លើតួនាទីរបស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងការស្រាវជ្រាវ ការគ្រប់គ្រង និងការធ្វើអាជីវកម្មមហាសមុទ្រប្រកបដោយចីរភាព។
សាស្ត្រាចារ្យរង បណ្ឌិត លោកង្វៀន ជូហូយ ចែករំលែកអំពីបរិបទអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ
វៀតណាម នៅក្នុងសិក្ខាសាលាមួយ។ រូបថត៖ ឯកសារ
ក្រៅពីអាស៊ាន លោកក៏បានចូលរួមក្នុងគណៈកម្មាធិការដឹកនាំនៃវេទិកាមហាសមុទ្រសកល (GOF) ក្នុងតំណែងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិសម្រាប់គំនិតផ្តួចផ្តើមព្រៃទឹកប្រៃ ដើម្បីអនាគត (MFF) ក្នុងដំណាក់កាល ២០១០ - ២០១៥ ព្រមទាំងបានចូលរួមកសាងផែនការទូទៅ នៃតំបន់ឆ្នេរឈូងសមុទ្រហាឡុង (Ha Long) ក្នុងឆ្នាំ២០០៥ ផងដែរ។
ពីបេក្ខជនបណ្ឌិតម្នាក់នាំយកកាសែតរូបភាពវៀតណាម មកនិទានអំពីមាតុភូមិ នៅកណ្តាលរដូវរងានៅអឺរ៉ុប រហូតទៅជាអ្នកជំនាញម្នាក់ ដែលអាស៊ានជឿទុកចិត្តប្រគល់ភារកិច្ចសំខាន់ៗអស់រយៈពេលជាច្រើនឆ្នាំ សាស្ត្រាចារ្យរង បណ្ឌិត ង្វៀន ជូហូយ បានបង្ហាញឱ្យឃើញពីរឿងដ៏សាមញ្ញមួយ ប៉ុន្តែមានអត្ថន័យជ្រាលជ្រៅថា៖ សមុទ្រវៀតណាមតភ្ជាប់ទៅនឹងពិភពលោក មិនត្រឹមតែតាមរយៈគោលនយោបាយប៉ុណ្ណោះទេ នៅទាំងតាមរយៈមនុស្ស ដែលលះបង់ពេញមួយជីវិតរបស់គាត់ សម្រាប់ក្តីស្រឡាញ់ចំពោះមាតុភូមិ និងមហាសមុទ្រផងដែរ៕