អូកែវ - បាថេ បានបើកលាក់ខ្លួននៅក្រោមស្រទាប់ដីល្បាប់ នៃតំបន់ណាមបូ (ភាគខាងត្បូងប្រទេសវៀតណាម) មជ្ឈមណ្ឌលពាណិជ្ជកម្មបុរាណមួយ កំពុងលេចចេញរូបរាងជាបណ្តើរៗ។ ចាប់ពីការកំណាយស្រាវជ្រាវវត្ថុបុរាណ រហូតដល់ការរៀបចំសំណុំឯកសារដាក់បញ្ជូនទៅកាន់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃសហប្រជាជាតិ (UNESCO) អូកែវ - បាថេ បានបើកដំណើរនាំយកបេតិកភណ្ឌវៀតណាមដាក់ចូលចរន្តនៃអរិយធម៌មនុស្សជាតិ។នៅកណ្តាលវាលស្រែដ៏ធំល្វឹងល្វើយនៃជើងភ្នំបាថេ (ខេត្តអានយ៉ាង) ពិតជាពិបាកនឹងស្រមៃថា ទីនេះធ្លាប់ជាទីក្រុងអ៊ូអរមួយ នាកាលជិតពីរពាន់ឆ្នាំមុន។ ប៉ុន្តែនៅក្រោមស្រទាប់ដីល្បាប់ស្ងប់ស្ងាត់ ស្លាកស្នាមនៃវប្បធម៌អូកែវ ដែលផ្សារភ្ជាប់ជាមួយអាណាចក្រហ្វូណន (សតវត្សទី១ - ៧) កំពុងត្រូវបានលាតត្រដាងជាបណ្តើរៗ តាមរយៈការធ្វើកំណាយនីមួយៗ។
តំបន់កេរដំណែលបុរាណ និងស្ថាបត្យកម្មសិល្បៈ អូកែវ - បាថេ ជាប្រជុំកេរដំណែលដ៏មានសារៈសំខាន់ពិសេស
ដែលឆ្លុះបញ្ចាំងពីវប្បធម៌អូកែវបុរាណ និងអាណាចក្រហ្វូណន។ រូបថត៖
ឡេមិញ/កាសែតរូបភាពវៀតណាម
ទិដ្ឋភាពនៃការ ធ្វើកំណាយបុរាណវិទ្យានៅស្ថានីយ Go Cay
Thi (ទួលដើមចន្ទ) ស្ថិតក្នុងប្រជុំកេរដំណែលអូកែវ
- បាថេ (ខេត្តអានយ៉ាង) ក្នុងឆ្នាំ១៩៤៤។ នេះគឺជាទីតាំងមួយក្នុងចំណោមទីតាំងសំខាន់បំផុត
ដែលជួយឱ្យអ្នកបុរាណវិទ្យា លោក Louis Malleret បញ្ជាក់ពីអត្ថិភាពនៃវប្បធម៌អូកែវដ៏រុងរឿង
ធ្លាប់ជាកំពង់ផែពាណិជ្ជកម្មដ៏មមាញឹក នៃអាណាចក្រហ្វុណន នាសម័យបុរាណ។ រូបថត៖ EFEO
វប្បធម៌អូកែវ ជាវប្បធម៌ដ៏ធំមួយក្នុងចំណោមវប្បធម៌ធំៗទាំងបីរបស់វៀតណាម រួមជាមួយវប្បធម៌ដុងសឺន (Dong Son) នៅភាគខាងជើង និងវប្បធម៌សាហ៊្វិញ (Sa Huynh) នៅភាគកណ្តាល។ មានអត្ថិភាពចាប់ពីសតវត្សទី២ ដល់សតវត្សទី៧ វប្បធម៌អូកែវ បានរីកចម្រើនយ៉ាងខ្លាំង នៅតំបន់ណាមបូ ក្នុងនោះតំបន់អូកែវ - បាថេ បានចាត់ទុកថាជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិមួយ ក្នុងចំណោមមជ្ឈមណ្ឌលអន្តរជាតិដ៏សំខាន់បំផុតនៅអាស៊ីអាគ្នេយ៍នាពេលនោះ។ ការរកឃើញខាងបុរាណវិទ្យា បានបង្ហាញថា ទីនេះធ្លាប់មានទំនាក់ទំនងពាណិជ្ជកម្មទូលំទូលាយ ជាមួយអរិយធម៌ធំៗជាច្រើនដូចជា ចិន ឥណ្ឌា និងរ៉ូម។
ចាប់តាំងពីអ្នកបុរាណវិទូ លោក Louis Malleret បានរកឃើញទីតាំងនេះ ក្នុងឆ្នាំ១៩៤៤ អូកែវ - បាថេ បានក្លាយជាចំណុចសំខាន់បំផុតមួយ ក្នុងការស្រាវជ្រាវអំពីប្រវត្តិសាស្ត្របុរាណ នៅតំបន់អាស៊ីអាគ្នេយ៍។ ស្រទាប់អវសាទ ដែលមើលទៅហាក់ដូចជាគ្មានវិញ្ញាណទាំងនោះ បែរជាផ្ទុកនូវរឿងរ៉ាវធំធេង អំពីការដោះដូរពាណិជ្ជកម្ម ការតភ្ជាប់ និងការអភិវឌ្ឍ។
ភស្តុតាងនៃការស្រាវជ្រាវវត្ថុបុរាណ ចាប់ពីសតវត្សដំបូងនៃគ្រិស្តសករាជ ទីនេះបានកកើតជាទីក្រុងអភិវឌ្ឍជាមួយនឹងសកម្មភាពផលិតកម្ម និងការដោះដូរទំនិញយ៉ាងកុះករ។ ស្ថិតនៅលើអ័ក្សតភ្ជាប់ រវាងមហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក តាមរយៈច្រកសមុទ្រ Kra តំបន់អូកែវ - បាថេ ធ្លាប់ដើរតួនាទីជា "ស្ថានីយផ្ទេរទំនិញ" ក្នុងបណ្តាញពាណិជ្ជកម្មខាងកើត - ខាងលិច។
ក្រុមអ្នកបុរាណវិទ្យា កំពុងសិក្សាអំពីទីតាំងកំណាយវប្បធម៌អូកែវ លើតុខ្សាច់សិប្បនិម្មិត។ រូបថត៖ EFEO
រណ្តៅកំណាយនៅស្ថានីយ Go Cay Thi (ទួលដើមចន្ទ) ស្ថិតក្នុងប្រជុំតំបន់កេរដំណែលអូកែវ
- បាថេ។ រូបថត៖ ថុងថៀន/កាសែតរូបភាពវៀតណាម
នៅក្នុងរណ្តៅកំណាយ បំណែកក្អមឆ្នាំងរាប់លានគ្រឿង ត្រូវបានរកឃើញ ដែលជាបំណែកតូចៗ ប៉ុន្តែបង្កប់នូវស្លាកស្នាមនៃដំណើរដ៏ឆ្ងាយ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញវត្ថុបុរាណជាច្រើន ដែលមានប្រភពមកពី រ៉ូម ឥណ្ឌា ចិន និងអាស៊ីខាងលិច ឆ្លុះបញ្ចាំងពីបណ្តាញពាណិជ្ជកម្មលាតសន្ធឹង ចាប់ពីសមុទ្រមេឌីទែរ៉ាណេ រហូតដល់អាស៊ីបូព៌ា។
យោងតាមសាស្រ្តាចារ្យ បណ្ឌិត ប៊ូយ មិញទ្រី (Bui Minh Tri) ប្រធានវិទ្យាស្ថានស្រាវជ្រាវអរិយធម៌អាស៊ី បានឱ្យដឹងថា ការរកឃើញគ្រឿងកុលាលភាជន៍នាំចូលពីក្រៅប្រទេស នៅតាមទីតាំងនានាដូចជា Nen Chua (គ្រឹះស្ថានវត្ត) ឡុងឡើន (Lung Lon) ឬ Go Giong Cat (ទួលផ្នោរខ្សាច់) គឺជាភស្តុតាងដ៏ច្បាស់លាស់ សម្រាប់វត្តមាននៃចរន្តពាណិជ្ជកម្មឆ្លងតំបន់។
បើពិនិត្យឱ្យទូលំទូលាយ សាស្ត្រាចារ្យ ង្វៀន វ៉ាន់គីម (Nguyen Van Kim) សមាជិកនៃគណៈកម្មការបេតិកភណ្ឌជាតិ បានលើកឡើងថា៖ “ការរកឃើញតាមបែបវិទ្យាសាស្ត្រ ទាំងនោះគឺជាភស្តុតាងគួរឱ្យទុកចិត្ត និងជាក់ស្តែងបំផុត អំពីតួនាទី សមត្ថភាពក្នុងការប្រមូលផ្តុំ និងការសាយភាយ ក៏ដូចជាលក្ខណៈសមុទ្រ ផ្នត់គំនិតឆ្ពោះទៅរកសមុទ្រ និងលក្ខណៈពាណិជ្ជកម្មដ៏លេចធ្លោ នៃមជ្ឈមណ្ឌលសេដ្ឋកិច្ច - វប្បធម៌អូកែវ និងអាណាចក្រភ្នំ”។
វត្ថុបុរាណដែលមានអាយុកាលតាំងពីសតវត្សទី១ ដល់ទី៧ ត្រូវបានដាក់តាំងបង្ហាញនៅតំបន់កេរដំណែលអូកែវ។ រូបថត៖ ង្វៀនឡឹន/កាសែតរូបភាពវៀតណាម
មិនត្រឹមតែជាមជ្ឈមណ្ឌលពាណិជ្ជកម្មប៉ុណ្ណោះទេ អូកែវ - បាថេ ក៏ជាកន្លែងរស់នៅដែលមានទ្រង់ទ្រាយធំផងដែរ។ ស្លាកស្នាមនៃសំណង់ស្ថាបត្យកម្ម តំបន់លំនៅឋាន រោងជាងសិប្បកម្ម រួមជាមួយប្រព័ន្ធប្រឡាយទឹកបុរាណ បានគូរឡើងនូវរូបភាពដ៏រស់រវើក អំពីជីវភាពរស់នៅនៃអ្នកស្រុកបុរាណ។
វត្ថុបុរាណចំនួន ៣.៣៤៥ នៃតំបន់កេរដំណែលបុរាណអូកែវ - បាថេ ត្រូវបានដាក់តាំងបង្ហាញនៅក្នុងអគារតាំងពិពណ៌វប្បធម៌អូកែវ។
រូបថត៖ ខាញ់ហ្វា/VNA
ប្រឡាយទឹកបុរាណទាំងនោះ សព្វថ្ងៃនៅតែបន្សល់ស្នាមនៅលើវាលស្រែ ធ្លាប់ជា "សរសៃឈាម" តំណភ្ជាប់ទីក្រុង។ វាមិនត្រឹមតែបម្រើដល់វិស័យកសិកម្មប៉ុណ្ណោះទេ ថែមទាំងបើកផ្លូវដឹកជញ្ជូនតាមផ្លូវទឹក តភ្ជាប់តំបន់លំនៅឋាន ទៅនឹងបណ្តាញពាណិជ្ជកម្មដ៏ធំទូលាយ។ ប្រព័ន្ធនេះហើយ បានរួមចំណែកកំណត់តួនាទីរបស់អូកែវ ជាតំណភ្ជាប់ដ៏សំខាន់មួយ នៅក្នុងពាណិជ្ជកម្មតំបន់។
លំហវប្បធម៌អូកែវ មិនមែនកំណត់កម្រិតតែខេត្តអានយ៉ាងប៉ុណ្ណោះទេ ប៉ុន្តែវាបានលាតសន្ធឹងពាសពេញតំបន់ដីសណ្តទន្លេមេគង្គ និងឈានទៅដល់តំបន់ភូមិភាគខាងត្បូង នៃភូមិភាគកណ្តាលវៀតណាម។ ស្ថានីយនានានៅខេត្ត ដុងថាប (Dong Thap) អានយ៉ាង ក្រុងកឹនធើ ខេត្តឡឹមដុង (Lam Dong)។ល។ សឱ្យឃើញាថា នេះគឺជាប្រព័ន្ធវប្បធម៌អន្តរតំបន់ ទីដែលមជ្ឈមណ្ឌលជាច្រើនរួមរស់នៅ និងតភ្ជាប់គ្នា។
នៅក្រុងកឹនធើ ជាពិសេសនៅតំបន់ញើនងៀ (Nhơn Nghĩa) ការរកឃើញវត្ថុបុរាណ បានបំពេញបន្ថែមបំណែករូបភាពដ៏សំខាន់។ ស្ថានីយលំនៅឋាន ស្លាកស្នាមផលិតកម្ម និងវត្ថុបុរាណលក្ខណៈពិសេស បង្ហាញថាទីនេះធ្លាប់ចូលរួមបណ្តាញសេដ្ឋកិច្ច - សង្គមដ៏ធំទូលាយ នៃវប្បធម៌អូកែវ។
វត្ថុបុរាណដែលធ្វើពីមាស ត្បូងមានតម្លៃ កែវ ឬលោហៈ មិនត្រឹមតែបង្ហាញពីបច្ចេកទេសដ៏ប៉ិនប្រសប់ប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីជីវភាពសម្ភារៈដ៏សម្បូរបែបរបស់អ្នកស្រុកបុរាណផងដែរ។ ទន្ទឹមនឹងនោះ វត្តមាននៃវត្ថុបុរាណនាំចូលពីក្រៅប្រទេស បន្តបង្ហាញពីភាពបើកចំហ និងសមត្ថភាពតភ្ជាប់យ៉ាងខ្លាំងក្លានៃវប្បធម៌នេះ។
ភ្ញៀវទេសចរចូលទស្សនារតនភណ្ឌជាតិនៃវប្បធម៌អូកែវ ដែលដាក់តាំងបង្ហាញនៅសារមន្ទីរខេត្តអានយ៉ាង។ រូបថត៖ ង្វៀនឡឹន/កាសែតរូបភាពវៀតណាម
ខេត្តអានយ៉ាង មានរតនភណ្ឌជាតិចំនួន១០ ពាក់ព័ន្ធនឹងវប្បធម៌អូកែវ ដែលបាននាយករដ្ឋមន្ត្រីទទួលស្គាល់ ក្នុងនោះគណៈគ្រប់គ្រងតំបន់វប្បធម៌អូកែវ រក្សាទុករតនភណ្ឌចំនួន ៤ គឺ៖ រូបចម្លាក់ព្រះពុទ្ធ ឡិញសឺនបាក់ (Linh Son Bac) ចិញ្ចៀនរូបគោនន្ទិន Giong Cat (ផ្នោរខ្សាច់) ព្រះសិរសាពុទ្ធបដិមា ឡិញសឺនបាក់ (Linh Son Bac) និង Mo Vo (ផ្នូរក្រឡ) Go Cay Tram (ទួលដើមព្រីង)។ សារមន្ទីរខេត្តអានយ៉ាងរក្សាទុករតនភណ្ឌចំនួន៦ផ្សេងទៀត ដែលលេចធ្លោជាងគេគឺ រូបសំណាកព្រះព្រហ្ម កម្ពស់ ៣៧,៥សង់ទីម៉ែត្រ កាលបរិច្ឆេទសតវត្សទី ៦ - ៧ និងរូបសំណាកព្រះពុទ្ធ ធ្វើពីឈើ សតវត្សទី ៤ - ៦។
ជ្រុងស៊ីជម្រៅមួយទៀត ជីវភាពស្មារតីនៃអ្នកស្រុកអូកែវ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការធ្វើសមាហរណកម្មវប្បធម៌។ រូបសំណាកព្រះពុទ្ធ រូបសំណាកព្រះអាទិទេព ឬសំណាកលិង្គ - យោនី សឱ្យឃើញថាមានវត្តមានទាំងពុទ្ធសាសនា និងព្រហ្មញ្ញសាសនា បង្ហើបពីទស្សនៈពិភពពិពិធ និងបើកចំហមួយ។
សព្វថ្ងៃនេះ វត្ថុបុរាណរាប់លានគ្រឿង ដែលពាក់ព័ន្ធនឹងវប្បធម៌អូកែវ កំពុងត្រូវបានរក្សាទុក និងស្រាវជ្រាវ។ ក្នុងនោះ វត្ថុបុរាណជាច្រើន បានទទួលស្គាល់ជា "រតនភណ្ឌជាតិ" ហើយបានក្លាយជា "បំណែករូបភាព" ដ៏សំខាន់ក្នុងការជួយកសាងឡើងវិញ នូវរចនាសម្ពន្ធនៃខឿនអរិយធម៌មួយ ដែលធ្លាប់រីកចម្រើនរុងរឿង នៅតំបន់ណាមបូ។
ទន្ទឹមនឹងនោះ ការងារអភិរក្សកំពុងផ្លាស់ប្តូរពី "ការរក្សាទុក" ទៅជា "ការដាស់ឱ្យភ្ញាក់"។ ទម្រង់អភិរក្សនៅនឹងកន្លែង ដូចជាសារមន្ទីរលំហខាងក្រៅ កំពុងបានសិក្សា និងអនុវត្ត ដើម្បីនាំយកបេតិកភណ្ឌឱ្យមកជិតនឹងសាធារណជន។ ប្រជាជនមូលដ្ឋាន ផ្តើមពីរស់នៅក្បែរស្ថានីយ ទៅជាកំពុងក្លាយជាអង្គសំខាន់ ចូលរួមការពារបេតិកភណ្ឌ។
បុគ្គលិកនៃគណៈគ្រប់គ្រងតំបន់កេរដំណែលអូកែវ - បាថេ កំពុងត្រួតពិនិត្យ និងរាប់ចំនួនវត្ថុបុរាណ ដើម្បីបម្រើដល់ការងារស្រាវជ្រាវវិទ្យាសាស្ត្រ។
រូបថត៖ ថុងថៀន/កាសែតរូបភាពវៀតណាម
សេចក្តីសម្រេចលេខ80-NQ/TW ចុះថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម ខិតខំសម្រេចបន្ថែមបេតិកភណ្ឌវប្បធម៌ឱ្យបានចំនួន៥ទៀត បានអង្គការ UNESCO ទទួលស្គាល់ និងចុះបញ្ជី។ បេតិកភណ្ឌវប្បធម៌អូកែវ ជាទង់ជ័យឈានមុខក្នុងការអនុវត្តសេចក្តីសម្រេចដ៏សំខាន់នេះ។
ចំណុចរបត់ដ៏សំខាន់មួយបានបង្កើតឡើង នៅដើមឆ្នាំ២០២៦ នៅពេលប្រទេសវៀតណាម បានដាក់បញ្ជូនសំណុំឯកសារជាផ្លូវការ តំបន់កេរដំណែលបុរាណ អូកែវ - បាថេ ទៅកាន់អង្គការ UNESCO ដើម្បីសុំការទទួលស្គាល់ជាបេតិកភណ្ឌពិភពលោក។ សំណុំឯកសារបានសង្កត់ធ្ងន់លើតម្លៃដ៏ឆ្នើម ជាសកលនៃបេតិកភណ្ឌ ជាពិសេសក្នុងតួនាទីតំណភ្ជាប់ពាណិជ្ជកម្ម និងការធ្វើសមាហរណកម្មវប្បធម៌ក្នុងប្រវត្តិសាស្ត្រតំបន់។
ជាមួយនឹងតំបន់ស្នូលប្រហែល ៤០០ហិកតា ក្នុងផ្ទៃដីសរុបជាង ១.៤០០ហិកតា បច្ចុប្បន្នបេតិកភណ្ឌនេះ កំពុងឈានចូលដំណាក់កាលវាយតម្លៃអន្តរជាតិ។ នេះគឺជាដំណើរបំពេញបែបបទ ដែលទាមទារមិនត្រឹមតែភស្តុតាងវិទ្យាសាស្ត្រដ៏រឹងមាំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសមត្ថភាពអភិរក្ស និងការគ្រប់គ្រងជាក់ស្តែងផងដែរ។
រាល់ព័ត៌មានលម្អិតនៃសំណុំឯកសារ កំពុងបានសម្រេចឱ្យបានពេញលេញតាមស្តង់ដារអន្តរជាតិ ខណៈដែលការងាររៀបចំនៅទីវាលត្រូវបានពន្លឿន ដើម្បីត្រៀមខ្លួនទទួលស្វាគមន៍ គណៈកម្មការវាយតម្លៃ។
ផ្តើមពីស្រទាប់អវសាទ រហូតដល់ជំហាននៃសមាហរណកម្ម អូកែវ - បាថេ កំពុងផ្លាស់ប្តូរខ្លួនបន្តិចម្តងៗ ពីស្ថានីយកំណាយ ទៅជាបេតិកភណ្ឌរស់រវើក។ ប្រសិនបើ បានចុះបញ្ជីដោយអង្គការ UNESCO ទីនេះនឹងមិនត្រឹមតែជាមោទនភាពរបស់វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចំណុចតភ្ជាប់ការចងចាំរួមនៃមនុស្សជាតិ ទីកន្លែងដែលអរិយធម៌នានា ធ្លាប់បានប្រមូលគ្នា និងបន្សល់ទុកនូវស្លាកស្នាមក្នុងចរន្តប្រវត្តិសាស្ត្រ៕
អត្ថបទ៖ហ្វីញ ត្រុងខាញ់ រូបថត៖ ឡេមិញ ថុងថៀន ង្វៀនឡឹន/កាសែតរូបភាពវៀតណាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម និង EFEO
ប្រែសម្រួល៖ រីកើង