នេះគឺជាការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅក្នុងកិច្ចប្រជុំបន្ទាន់ពិសេសមួយ តាមរយៈអនឡាញ ធ្វើឡើងដោយប្រទេសម៉ាឡេស៊ី...
នេះគឺជាការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅក្នុងកិច្ចប្រជុំបន្ទាន់ពិសេសមួយ តាមរយៈ អនឡាញ ធ្វើឡើងដោយប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន ឆ្នាំ២០២៥ ឮដើម្បីឆ្លើយតបទៅនឹងការរញ្ជួយដីកម្រិត ៧,៧ រិចទ័រ ដែលបានអង្រួនរង្គើដល់មីយ៉ាន់ម៉ា និងថៃ កាលពីថ្ងៃទី២៨ ខែមីនា។
ក្រុមបេសកកម្មសង្គ្រោះអាស៊ាន បានថតរូបទុកជាអនុស្សាវរីយ៍ មុនពេលចេញដំណើរទៅកាន់មីយ៉ាន់ម៉ា។ រូបថត៖ VNA ផ្សាយ
សេចក្តីថ្លែងការណ៍រួមបានឆ្លុះបញ្ចាំងពី ការឯកភាព និងសាមគ្គីភាពរបស់អាស៊ាន។ អាស្រ័យហេតុនេះ រដ្ឋមន្ត្រីការបរទេសអាស៊ានជាថ្មីម្តងទៀត បានសម្តែងការរំលែកទុក្ខ និងការយោគយល់អធ្យាស្រ័យយ៉ាងជ្រាលជ្រៅបំផុត ចំពោះមីយ៉ាន់ម៉ា និងថៃ ជាពិសេសជនរងគ្រោះដែលរងផលប៉ះពាល់។ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានអះអាងសារជាថ្មី នូវការគាំទ្រយ៉ាងខ្លាំង និងសាមគ្គីភាពជាមួយមីយ៉ាន់ម៉ា និងថៃ ហើយបានសង្កត់ធ្ងន់ថា អាស៊ានក្រៀកស្មាជាមួយប្រទេសទាំងពីរក្នុងជម្នះផលវិបាកនៃការរញ្ជួយដី។
ក្រុមជួយសង្គ្រោះ ស្វែងរកអ្នកបាត់ខ្លួន បន្ទាប់ពីការរញ្ជួយដី នៅទីក្រុង Mandalay នៃប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៥។ រូបថត៖ VNA ផ្សាយ
ដោយយល់ដឹងនូវតម្រូវការបន្ទាន់អំពីជំនួយសប្បុរសធម៌ អាស៊ានបានបញ្ជាក់ថា នឹងគាំទ្រសម្រាប់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងការស្តារឡើងវិញ តាមរយៈយន្តការផ្សេងៗ ដូចជា ក្រុម វាយតម្លៃ និងសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ (ERAT) ប្រព័ន្ធភស្តុភារសម្រាប់សង្រ្គោះបន្ទាន់ពីគ្រោះមហន្តរាយរបស់អាស៊ាន (DELSA) និងការគាំទ្រសម្រាប់ការស្វែងរក និងជួយសង្គ្រោះទីក្រុង (USAR)។ ការជួយគាំទ្រនេះ នឹងផ្អែកលើអាទិភាព ដែលមីយ៉ាន់ម៉ា និងថៃ បានដាក់ចេញ។
ថ្លែងមតិក្នុងកិច្ចប្រជុំ លោកអនុរដ្ឋមន្ត្រីការបរទេស ដូ ហ៊ុងវៀត (Do Hung Viet) បានអះអាងថា វៀតណាមនឹងកៀកស្មាជាមួយប្រទេសទាំងពីរ ដើម្បីឆ្លងកាត់លំបាក នាពេលបច្ចុប្បន្ន។ មិនយូរប៉ុន្មាន ក្រុមបេសកកម្មសង្គ្រោះនៃក្រសួងការពារប្រទេស និងក្រសួងនគរបាល
វៀតណាមចំនួន ១០៦ នាក់ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ផាមវ៉ាន់ទី (Pham Van Ty) អនុប្រធាននាយកដ្ឋានស្វែងរក និងជួយសង្គ្រោះ (អគ្គសេនាធិការដ្ឋាន) នៃក្រសួងការពារប្រទេស និងលោកវរសេនីយ៍ឯក ង្វៀន មិញខឿង (Nguyen Minh Khuong) អនុប្រធាននាយកដ្ឋានប៉ូលីសបង្ការ និងពន្លត់អគ្គីភ័យ នៃក្រសួងនគរបាល រួមជាមួយទំនិញជំនួយបានចុះចត នៅអាកាសយានដ្ឋាន Yangon ប្រទេសមីយ៉ាន់ម៉ា។
កម្លាំងជួយសង្គ្រោះមកពីវៀតណាម មីយ៉ាន់ម៉ា និងតួកគី បញ្ជូនជនរងគ្រោះទៅកាន់រថយន្តសង្គ្រោះ។ រូបថត៖ វូហ៊ុង - VNA
លោកឧត្តមសេនីយឯកបំរុង ហ្វ៊ីញ ចៀនថាំង ( Huynh Chien Thang) អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម បានមានប្រសាសន៍ថា ការបញ្ជូនកងទ័ពប្រជាជនវៀតណាម ទៅចូលរួមក្នុងការសង្គ្រោះគ្រោះមហន្តរាយ នៅមីយ៉ាន់ម៉ា គឺបង្ហាញពីទំនួលខុសត្រូវខ្ពស់របស់បក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះសហគមន៍អន្តរជាតិ។ ថែមទាំងអះអាងនូវកិត្យានុភាព ទំនួលខុសត្រូវ និងសមត្ថភាពរបស់កងទ័ពប្រជាជនវៀតណាម ក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ដើម្បីជួយមីយ៉ាន់ម៉ា ជម្នះផលវិបាកនៃគ្រោះរញ្ជួយដី វៀតណាមបានសម្រេចចិត្តផ្តល់ជំនួយសង្គ្រោះបន្ទាន់ តាមសំណើរបស់មីយ៉ាន់ម៉ា ដោយថវិកាជំនួយចំនួន ៣០០.០០០ USD ។
តាមផែនការ ក្រុមបេសកកម្មសង្គ្រោះវៀតណាម នឹងបំពេញភារកិច្ចជួយសង្គ្រោះ នៅតំបន់ដែលរងគ្រោះរញ្ជួយដី។ ទំនិញជំនួយក៏ត្រូវបានបញ្ជូនទៅដល់ប្រជាជន នៅតំបន់រងគ្រោះផងដែរ។ ប្រធានក្រុមបេសកកម្មវៀតណាម បានអះអាងថា ក្រុមវៀតណាមនាំមកនូវស្មារតីប្ដេជ្ញាចិត្ត មិនខ្លាចការលំបាក ហើយត្រៀមខ្លួនទទួលយក និងអនុវត្តរាល់ភារកិច្ច ដើម្បីជួយប្រជាជន និងមីយ៉ាន់ម៉ា។ផលវិបាកនៃការរញ្ជួយដីនៅទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៥។ រូបថត៖ THX/VNA
លើសពីនេះ ម៉ាឡេស៊ីបានដាក់ពង្រាយក្រុមជំនួយដំបូងរបស់ខ្លួន ដែលមានអ្នកជំនាញចំនួន ១០ នាក់ មកពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NADMA) ទៅកាន់ទីក្រុង Yangon នៃមីយ៉ាន់ម៉ា ដើម្បីវាយតម្លៃស្ថានភាព និងផ្តល់ជំនួយបច្ចេកទេស។ ក្រុមទីពីរមានសមាជិកចំនួន ៤០ នាក់ ក៏មានវត្តមាននៅក្នុងមីយ៉ាន់ម៉ាដើម្បីសង្គ្រោះស្រប តាមអាទិភាពដែលបានកំណត់។
លើសពីនេះ ចិន ឥណ្ឌា ឡាវ និងរុស្ស៊ី បានបញ្ជូនកម្លាំងទៅជួយមីយ៉ាន់ម៉ា។ រដ្ឋាភិបាលចិនបាននិយាយថា ចិនត្រៀមជាស្រេច ក្នុងការផ្តល់ជំនួយ សង្គ្រោះបន្ទាន់ និងជួយមីយ៉ាន់ម៉ាក្នុងការងារសង្គ្រោះ និងជម្នះផលវិបាកនៃគ្រោះមហន្តរាយ។ ក្រសួងការបរទេសចិន បានសង្កត់ធ្ងន់លើបំណងប្រាថ្នារបស់ខ្លួន គឺការជួយប្រជាជនមីយ៉ាន់ម៉ាឆ្លងកាត់ការលំបាក និងបញ្ជាក់ពីទំនាក់ទំនងមិត្តភាពរឹងមាំរវាងប្រទេសទាំងពីរ។
ប្រជាជនបានបាត់បង់ផ្ទះសម្បែង បន្ទាប់ពីការរញ្ជួយដី នៅទីក្រុង Mandalay នៃប្រទេសមីយ៉ាន់ម៉ា។ រូបថត៖ THX/TTXVN
អង្គការសហប្រជាជាតិ បានចំណាយថវិកាចំនួន ៥លាន USD ពីមូលនិធីជំនួយបន្ទាន់ថ្នាក់មជ្ឈិម (CERF) ដើម្បីគាំទ្រមីយ៉ាន់ម៉ាជំនះផលវិបាកនៃគ្រោះរញ្ជួយដីកម្រិត ៧,៧ រ៉ិចទ័រ ខណៈពេលដែលវាយតម្លៃបន្ថែមនូវតម្រូវការជំនួយសង្គ្រោះ និងសម្របសម្រួលការឆ្លើយតបមនុស្សធម៌។អង្គការសុខាភិបាលពិភពលោក (WHO) បានវាយតម្លៃថា គ្រោះរញ្ជួយដីនៅក្នុងមីយ៉ាន់ម៉ាជាស្ថានភាពបន្ទាន់ក្នុងកម្រិតខ្ពស់បំផុត ហើយបានអំពាវនាវជំនួយសង្គ្រោះបន្ទាន់ចំនួន ៨ លាន USD ដើម្បីសង្គ្រោះមនុស្ស និងទប់ស្កាត់ការផ្ទុះឡើងនៃអាសន្នរោគនៅមីយ៉ាន់ម៉ា ក្នុងរយៈពេល ៣០ថ្ងៃខាងមុខ៕
អត្ថបទ៖ VNP រូបថត៖ VNA ប្រែសម្រួលដោយង្វៀនយ៉ាង