ព័ត៌មាន

អនុវត្តន៍ជាក់ស្តែងនូវគោលដៅកំណើនខ្ពស់ ប្រកបដោយចីរភាព

ខ្លឹមសារមួយដែលបានលើកឡើងដោយលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នៅក្នុងសុន្ទរកថាបើកសន្និបាតលើកទី ៣ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤ នៅព្រឹកថ្ងៃទី ២០ ខែកក្កដា នៅទីក្រុងហាណូយ គឺការបង្កើតគំរូកំណើនដោយផ្អែកលើផលិតភាព បញ្ញា បច្ចេកវិទ្យា និងធនធានមនុស្ស។
វៀតណាមខិតខំសម្រេចបានគោលដៅកំណើនពីរខ្ទង់ ក្នុងដំណាក់កាលឆ្នាំ ២០២៦-២០៣០។ រូបថត៖ Hong Dat /VNA

ការជំរុញឧស្សាហូបនីយកម្មនិងទំនើបកម្ម ដោយយក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាកម្លាំង​ចលករចម្បង រួមជាមួយនឹងការធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការកែលម្អផលិតភាព គុណភាព ប្រសិទ្ធភាព តម្លៃបន្ថែម និងសមត្ថភាពប្រកួតប្រជែងនៃសេដ្ឋកិច្ច ត្រូវបានចាត់ទុកជា "ត្រីវិស័យ​" ដើម្បី​សម្រេចបាន​គោលដៅនៃកំណើនពីរខ្ទង់ក្នុង​ដំណាក់កាល ២០២៦-២០៣០​។ លោក ផាម វ៉ាន់ ក្វាន់ អនុប្រធាននាយកដ្ឋានឧ​ស្សាហកម្ម (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) បាន​ឱ្យដឹងថា៖ “នាពេល​កន្លងមក វៀតណាមផ្តោតសំខាន់លើការធ្វើអាជីវកម្មរ៉ែឆៅ និងការកែច្នៃបឋម​។ ឥឡូវនេះ ប្រសិនបើយើងចង់បង្កើនតម្លៃ គឺត្រូវតែផ្តោត​ការវិនិយោគលើ​វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសម្រាប់ការកែច្នៃរ៉ែយ៉ាងស៊ីជម្រៅ ពីព្រោះធនធាន​រ៉ែរួមចំណែកយ៉ាងឆាប់រហ័សនិងដោយផ្ទាល់ដល់កំណើនពីរខ្ទង់។ ការធ្វើ​ជាម្ចាស់លើ​បច្ចេកវិទ្យា​នឹងរួមចំណែកដោយផ្ទាល់ដល់ GDP ​និងដោះស្រាយបញ្ហាទីពីរគឺធ្ចើជា​ម្ចាស់លើ​វត្ថុធាតុដើមនិងឧបករណ៍ផងដែរ​។ នេះ​ក៏ជាតថភាពជាក់ស្តែងមួយ ស្តីពីការផ្លាស់ប្តូរគំរូកំណើនសេដ្ឋកិច្ច»​។​

វិស័យសេដ្ឋកិច្ច​ដែលមានការវិនិយោគផ្ទាល់ពីបរទេស (FDI) រួមចំណែកជាង ៨៥​% នៃចំណូលនាំចេញសរុបរបស់ប្រទេសទាំងមូល ដោយផ្តោតសំខាន់លើទំនិញឧស្សាហកម្មកែច្នៃ និងបច្ចេកវិទ្យាខ្ពស់ ប៉ុន្តែខ្សែសង្វាក់ផ្គត់ផ្គង់នៅតែមានកម្រិត។ សេដ្ឋវិទូ លោកបណ្ឌិត ឡេ យី ប៊ិញ នាយក Economica វៀតណាម បានចាត់ទុកថា៖ «យើងទើបតែនាំចូលបច្ចេកវិទ្យាប៉ុណ្ណោះ ហើយនវានុវត្តន៍ផ្នែកបច្ចេកវិទ្យានៅមានកម្រិត។ សេចក្តីសម្រេចចិត្តរបស់បក្ស ស្តីពីការផ្លាស់ប្តូរថ្មីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បានចង្អុល​បង្ហាញពីចំណុចខ្វះខាតនៃខឿនសេដ្ឋកិច្ចរបស់យើងនាពេលបច្ចុប្បន្ន និងបានជំរុញកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍ធុរកិច្ច ក៏ដូចជាស្ថាប័ន​គ្រប់គ្រង ដើម្បីរួមគ្នាមានវិធានការជួយឱ្យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្លាយជាគន្លឹះពិតប្រាកដ ដើម្បីជំរុញបន្ថែមទៀតនូវការស្រូបយកបច្ចេកវិទ្យា ការផ្សព្វផ្សាយបច្ចេកវិទ្យា និងឆ្ពោះ​ទៅរកការបង្កើតបច្ចេកវិទ្យា​»​។​

វៀតណាមបាន​កំណតើគោល​ដៅក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានមូលដ្ឋាន​ឧស្សាហកម្មទំនើប និងមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ហើយចក្ខុវិស័យដល់​ឆ្នាំ២០៤៥ នឹង​ក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមាន​ប្រាក់ចំណូលខ្ពស់​៕


top