ព័ត៌មាន

អនុម័តលើ​បញ្ជីឈ្មោះបេក្ខជនដែលជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤

នាថ្ងៃទី ២២ ខែមករា មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនីស្តវៀតណាម បានពិភាក្សានិងអនុវត្តន៍ខ្លឹមសារនានាអំពីការងារបុគ្គលិកសម្រាប់គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៤។

លោកអគ្គលេខាបក្ស តូ ឡឹម និងលោកប្រធានរដ្ឋ លឿង គឿង បោះឆ្នោតជ្រើសរើសសមាជិកពេញសិទ្ធិនិងសមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនិតិកាលទី១៤។ រូបថត៖ VNA

លោកអគ្គលេខាបក្ស តូ ឡឹម តាងនាមគណៈប្រធាន បានដឹកនាំសម័យប្រជុំ។ លោក ឡេ មិញហឹង សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស និងជាប្រធានគណៈចាត់តាំងមជ្ឈិម តាងនាមគណៈប្រធាន បានបង្ហាញរបាយការណ៍របស់គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៣ ស្តីពីការងារបុគ្គលិកសម្រាប់គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៤។

មហាសន្និបាតបានធ្វើការពិភាក្សា និងបោះឆ្នោតអនុម័តលើចំនួនសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៤ គឺ ២០០ រូប ដែលក្នុងនោះរួមមានសមាជិកពេញសិទ្ធិចំនួន ១៨០ រូប និងសមាជិកបំរុងចំនួន ២០ រូប។

គណៈប្រធានបានស្តាប់បណ្តាប្រធានក្រុមប្រតិភូ ជម្រាបអំពីលទ្ធផលនៃការពិភាក្សារបស់ក្រុមប្រតិភូនីមួយៗ ចំពោះរបាយការណ៍ស្តីពីការងារបុគ្គលិកសម្រាប់គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤; ការឈរឈ្មោះ ការឧទ្ទេសនាម និងករណីសុំដកឈ្មោះចេញពីបញ្ជីបេក្ខភាពនៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាល ទី ១៤។

គណៈប្រធានបានរាយការណ៍ជូនមហាសន្និបាត និងបោះឆ្នោតអនុម័តលើបញ្ជីឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៤; បោះឆ្នោតជ្រើសរើសគណៈកម្មការរាប់សន្លឹកឆ្នោត; គណៈកម្មការរាប់សន្លឹកឆ្នោតបានណែនាំអំពីនីតិវិធីបោះឆ្នោត។ មហាសន្និបាតបានដំណើរការបោះឆ្នោត ប្រកាសលទ្ធផល និងអនុម័តលើបញ្ជីឈ្មោះបេក្ខជនដែលបានជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៤។

នាព្រឹកថ្ងៃទី ២៣ ខែមករា គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៤ នឹងប្រារព្ធសន្និបាតលើកទី ១។ នារសៀលថ្ងៃដដែល មហាសន្និបាតនឹងប្រារព្ធសម័យប្រជុំបិទជាផ្លូវការ៕


top