ព័ត៌មាន

អនុប្រធាន WB ៖ វៀតណាមគឺជាគំរូជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ច

ភាពធន់និងកម្លាំងពលំរបស់ប្រជាជនវៀតណាម គឺជាប្រភពនៃការបំផុសគំនិតដ៏អស្ចារ្យ - នេះជាការបញ្ជាក់របស់លោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោក (WB) ទទួលបន្ទុកតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក នៅពេលឆ្លើយបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម ក្នុងឱកាសដែលលោកស្រីមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។
លោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ រូបថត៖ Van Diep/TTXVN

លោកស្រី Ferro បានសង្កត់ធ្ងន់ថា វៀតណាមគឺជាគំរូជោគជ័យក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ វៀតណាមមានខឿនសេដ្ឋកិច្ចទំនើប ដោយទាក់ទាញការវិនិយោគពីបរទេសជាច្រើន។ សមិទ្ធិផលទាំងនេះគឺអាចធ្វើទៅបានដោយមានភាពធន់ និងភាពស៊ាំរបស់ប្រជាជន។ កត្តាចម្បងដែលជំរុញកំណើននិងបង្កើនប្រាក់ចំណូលរបស់វៀតណាមរហូតមកដល់ពេលនេះ គឺកម្លាំងពលកម្មដ៏សម្បូរបែប និងតម្លៃថាមពលទាប។

យោងតាមលោកស្រី Manuela V. Ferro ដើម្បីក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥ វៀតណាមត្រូវផ្តោតលើការកែលម្អឋានៈរបស់ខ្លួននៅក្នុងខ្សែសង្វាក់តម្លៃសកល និងពង្រឹងទំនាក់ទំនងរវាងសហគ្រាសក្នុងស្រុក និងសហគ្រាសបរទេសដែលមានផលិតភាពខ្ពស់។ ផ្នែកសេវាកម្មក៏មានសក្ដានុពលក្នុងការក្លាយជាកត្តាជំរុញកំណើនបន្ថែម ជាពិសេសនៅពេលដែលត្រូវបានជំរុញដោយការវិនិយោគនិងការប្រកួតប្រជែងកើនឡើង។ ទន្ទឹមនឹងនេះ ការកាត់បន្ថយការបំភាយកាបូន ជាពិសេសក្នុងវិស័យថាមពល នឹងក្លាយជាកត្តាសំខាន់ក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែង និងកាត់បន្ថយការបំភាយឧស្ម័ននៃ GDP។ ធនាគារពិភពលោកត្រៀមខ្លួនជាស្រេច ផ្តល់មូលនិធិដល់គម្រោងវិនិយោគមានលក្ខណៈទម្លុះទម្លាយ ក្នុងវិស័យដូចជា ការដឹកជញ្ជូន ឌីជីថលភាវូបនីយកម្ម បង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការលើកកំពស់ផលិតភាពកសិកម្ម រួមចំណែកជួយវៀតណាមសម្រេចបាននូវគោលដៅនេះ៕


top