នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (នៃទីក្រុងហាណូយ) អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញទទួលជួបជាមួយប្រធានាធិបតីប៊ុលហ្គារីលោក Rumen Radev ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម។
ទិដ្ឋភាពនៃជំនួបរវាងលោកអគ្គលេខាបក្ស លោក តូ ឡឹម ជាមួយប្រធានាធិបតីប៊ុលហ្គារី (រូបថត៖ VOV)
ក្នុងជំនួបនេះ អគ្គលេខាបក្ស លោក តូ ឡឹមបានអះអាងថា វៀតណាមជានិច្ចកាលផ្តោតការយកចិត្តទុកដាក់ក្នុងការថែរក្សា និងពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្តភក្តិប្រពៃណី ក្នុងនោះមានប៊ុលហ្គារី ដោយចាត់ទុកប៊ុលហ្គារីជាច្រកទ្វារដ៏សំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនង ជាមួយសហភាពអឺរ៉ុប (EU) ព្រមទាំង អះអាងថា វៀតណាមត្រៀមខ្លួនរួចជាស្រេច ធ្វើជាស្ពានតភ្ជាប់រវាងប៊ុលហ្គារីនិងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។
អញ្ជើញវាយតម្លៃខ្ពស់ចំពោះលទ្ធផលល្អនៃកិច្ចពិភាក្សា និងជំនួបសវនាការរវាងប្រធានាធិបតីប៊ុលហ្គារីជាមួយថ្នាក់ដឹកនាំវៀតណាម ក៏ដូចជាការវិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងវៀតណាម-ប៊ុលហ្គារី អគ្គលេខាបក្ស លោក តូ ឡឹម បានពិភាក្សាជាមួយលោកប្រធានាធិបតី Rumen Radev នូវទិសដៅនិងវិធានការសំខាន់ៗមួយចំនួនដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ឆ្ពោះទៅកម្ពស់ថ្មីនិងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសលើវិស័យដែលប៊ុលហ្គារីនិងវៀតណាមមានតម្រូវការខ្លាំងដូចជា៖ កសិកម្ម ឧស្សាហកម្ម វិស្វកម្មអេឡិចត្រូនិច បច្ចេកវិទ្យាព័ត៌មាន បញ្ញាសិប្បនិម្មិត ការស្រាវជ្រាវអវកាស...។
រីឯខ្លួនវិញ លោកប្រធានាធិបតី Rumen Radev បានជម្រាបជូនលោកអគ្គលេខាបក្សអំពីលទ្ធផលល្អនៃកិច្ចពិភាក្សាជាមួយប្រធានរដ្ឋ លោក លឿង គឿង ដោយអះអាងថា ប៊ុលហ្គារីជានិច្ចកាលគោរពនូវទំនាក់ទំនងមិត្តភាពប្រពៃណីល្អរវាងប្រទេសទាំងពីរ ដោយចាត់ទុកវៀតណាមជាដៃគូនាំមុខរបស់ប៊ុលហ្គារីនៅអាស៊ីអាគ្នេយ៍ ចាត់ទុកកិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយប៊ុលហ្គារី និងបក្សកុម្មុយនិស្តវៀតណាមជាបណ្តាញដ៏សំខាន់មួយក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី។ លោកប្រធានាធិបតី Rumen Radev ក៏បានឯកភាពជាមួយវិធានការសំខាន់ៗដែលលោកអគ្គលេខាបក្សវៀតណាមបានលើកឡើង សំដៅជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពជាងទៀត៕