ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម៖ សេចក្តីសម្រេចចិត្តយុទ្ធសាស្ត្រចំនួន ៤ សម្រាប់ប្រទេសជាតិស្ទុះឈានទៅមុខ

នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ការិយាល័យនយោបាយនិងលេខាធិការដ្ឋានបានបើកសន្និសីទថ្នាក់ជាតិដើម្បីជ្រួតជ្រាប និងអនុវត្តសេចក្តីសម្រេចចិត្តលេខ ៦៦ របស់ការិយាល័យនយោបាយស្តីពីការនវានុវត្តន៍ក្នុងការបង្កើតច្បាប់ និងការអនុវត្តច្បាប់ សំដៅឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ប្រទេសជាតិក្នុងយុគសម័យថ្មី និងសេចក្តីសម្រេចចិត្តលេខ ៦៨ របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន។
អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថត៖ VOV)

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចូលរួមសន្និសីទ។ អញ្ជើញចូលរួមសន្និសីទនេះផងដែរ មានវត្តមានប្រធានរដ្ឋ លោក លឿង គឿង, នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន។ សន្និសីទនេះធ្វើឡើងផ្ទាល់ពីសាលប្រជុំ យៀន ហុង នៃរដ្ឋសភា និងតភ្ជាប់បណ្តាញអ៊ីនធឺណែតទៅកាន់សាលប្រជុំចំនួន ៣៧.០០០ កន្លែង នៅថ្នាក់មជ្ឈិម ខេត្ត ស្រុក ឃុំ ទីភ្នាក់ងារ និងអង្គភាពទូទាំងប្រទេស។ គណៈប្រតិភូជាង ១,៥ លាននាក់បានចូលរួមសន្និសីទនៅតាមសាលប្រជុំនានា។

អញ្ជើញថ្លែងមតិនៅសន្និសីទ អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា នាពេលថ្មីៗនេះ វៀតណាមកំពុងអនុវត្តនវានុវត្តន៍ និងកំណែទម្រង់ ដោយផ្តោតលើរបកគំហើញចំនួន ៤ រួមមាន៖ សេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ៖ ជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍; សេចក្តីសម្រេចចិត្តលេខ ៥៩ ស្តីពីសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម; សេចក្តីសម្រេចចិត្តលេខ ៦៨ ស្តីពីការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា វិស័យសេដ្ឋកិច្ចឯកជន; សេចក្តីសម្រេចចិត្តលេខ ៦៦ ស្តីពីការច្នៃប្រឌិតដ៏ទូលំទូលាយក្នុងការបង្កើតច្បាប់ និងការអនុវត្តច្បាប់។ រហូតមកដល់ពេលនេះ សេចក្តីសម្រេចចិត្តទាំង ៤ នេះ គឺជា “សសរស្តម្ភបួន” បង្កើតសន្ទុះយ៉ាងរឹងមាំដើម្បីនាំវៀតណាមស្ទុះឈានទៅមុខក្នុងយុគសម័យថ្មី និងសម្រេចបាននូវចក្ខុវិស័យនៃការអភិវឌ្ឍ និងប្រាក់ចំណូលខ្ពស់របស់វៀតណាមនៅឆ្នាំ ២០៤៥។

អញ្ជើញពិនិត្យឡើងវិញខ្លឹមសារស្នូលនៃសេចក្តីសម្រេចិត្ត អគ្គលេខាបក្ស លោក តូ ឡឹមសង្កត់ធ្ងន់ថា សេចក្តីសម្រេចចិត្តលេខ ៦៨ បានដាក់មូលដ្ឋានគ្រឹះសម្រាប់ការផ្លាស់ប្តូរយ៉ាងទូលំទូលាយក្នុងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន៖ ពី “ការទទួលស្គាល់” ទៅជា “ការការពារ ការលើកទឹកចិត្ត ជំរុញ” ពី “ការគាំទ្រ” ទៅជា “ដឹកនាំការអភិវឌ្ឍ” ។ នេះគឺជាជម្រើសយុទ្ធសាស្ត្ររយៈពេលវែងដ៏ត្រឹមត្រូវ បន្ទាន់ សំដៅសម្រេចនូវសេចក្តីប្រាថ្នានៃការអភិវឌ្ឍប្រទេសដ៏រឹងមាំមួយនៅពាក់កណ្តាលសតវត្សរ៍ទី ២១។ សេចក្តីសម្រេចលេខ ៥៧ ត្រូវបានកំណត់ថា ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ និងជាកម្លាំងចលករដ៏សំខាន់សម្រាប់ឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសជាតិ។ សេចក្តីសម្រេចចិត្តលេខ ៦៦ គឺជាការអំពាវនាវឱ្យមានកំណែទម្រង់ស្ថាប័នយ៉ាងស៊ីជម្រៅ ដើម្បីកសាងប្រព័ន្ធច្បាប់ដ៏ទំនើប និងសំខាន់ដែលបម្រើប្រជាពលរដ្ឋ។ ទន្ទឹមនឹងនោះ បង្កើតសន្ទុះនិរន្តរភាពសម្រាប់ការកសាងប្រទេសវៀតណាម។ សេចក្តីសម្រេចចិត្តលេខ ៥៩ គឺជាគោលនយោបាយឈានមុខគេមួយ សម្គាល់ចំណុចរបត់ប្រវត្តិសាស្ត្រក្នុងដំណើរការសមាហរណកម្មអន្តរជាតិរបស់ប្រទេសជាតិ កំណត់សមាហរណកម្មជាកម្លាំងចលករយុទ្ធសាស្ត្រសម្រាប់វៀតណាមឈានចូលយុគសម័យថ្មី។ លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា សេចក្តីសម្រេចចិត្តធំៗទាំងបួនរបស់ការិយាល័យនយោបាយបង្កើតឡើងសកម្មភាពយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រទេសក្នុងយុគសម័យថ្មី។ សេចក្តីសម្រេចចិត្តទាំងបួនបានឯកភាពគ្នាលើគោលដៅ៖ កសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័សប្រកបដោយនិរន្តរភាព និងក្លាយជាប្រទេសអភិវឌ្ឍន៍ មានចំណូលខ្ពស់នៅឆ្នាំ២០៤៥។

មុននេះផងដែរនៅក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានបង្ហាញប្រធានបទអំពីខ្លឹមសារស្នូលនៃសេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៦៨  ចុះថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៥ របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន និងផែនការសកម្មភាពរបស់រដ្ឋាភិបាលដើម្បីអនុវត្តសេចក្តីសម្រេចចិត្ត។ ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់មិន បានបង្ហាញប្រធានបទ “ខ្លឹមសារសំខាន់ៗ នៃសេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៦៦  ចុះថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ របស់ការិយាល័យនយោបាយ ស្តីពីការច្នៃប្រឌិតក្នុងការបង្កើតច្បាប់ និងការអនុវត្តច្បាប់ ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍប្រទេសជាតិក្នុងយុគសម័យថ្មី និងផែនការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៦៦៕


top