ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម៖ ទំនាក់ទំនងវៀតណាម-ឈីលីនឹងឈានដល់កម្រិតថ្មីមួយដ៏ស៊ីជម្រៅនិងជាក់ស្ដែង

នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងប្រធានាធិបតីឈីលី លោក José Antonio Kast បានជួបជាមួយសារព័ត៌មាន ដើម្បីប្រកាសលទ្ធផលនៃកិច្ចពិភាក្សាការងារក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីឈីលី (ថ្ងៃទី១៥-១៧ ខែវិច្ឆិកា)។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងប្រធានាធិបតីឈីលី លោក José Antonio Kast នៅសន្និសីទសារព័ត៌មាន។ រូបថត៖ VNA

ថ្លែងនៅទីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បានសម្តែងជំនឿជាក់ថា ទំនាក់ទំនងវៀតណាម-ឈីលីនឹងឈានដល់កម្រិតថ្មីមួយ កាន់តែស៊ីជម្រៅ ជាក់ស្ដែង និងមានប្រសិទ្ធភាពជាងមុន ដោយរួមចំណែកយ៉ាងជាក់ស្តែងដល់បុព្វហេតុអភិវឌ្ឍន៍របស់ប្រជាជាតិទាំងពីរ៖

“ដោយផ្អែកលើសមិទ្ធផលដ៏ធំធេងដែលភាគីទាំងពីរសម្រេចបាន រួមជាមួយនឹងចក្ខុវិស័យយុទ្ធសាស្ត្រ រួមគ្នាឆ្ពោះទៅរកសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍដ៏រុងរឿងនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឯកឧត្តមប្រធានាធិបតី និងខ្ញុំ មានសេចក្តីសោមនស្សរីករាយដោយប្រកាសថា ភាគីទាំងពីរបានសម្រេចចិត្តលើកកំពស់ទំនាក់ទំនងទ្វេភាគី ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងនោះកំណត់ទិសដៅ គោលដៅ គោលការណ៍ និងសសរស្តម្ភជាក់លាក់ចំនួនប្រាំមួយនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ រួមមាន៖ នយោបាយ និងការទូត; សេដ្ឋកិច្ច និងពាណិជ្ជកម្ម; កសិកម្ម; វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា; អប់រំ និងវប្បធម៌; ការពារជាតិ និងសន្តិសុខ។ ដោយផ្អែកលើក្របខ័ណ្ឌទំនាក់ទំនងថ្មី យើងបានឯកភាពគ្នាពង្រីកប្រៀបខ្លាំងនៃភូមិសាស្ត្រសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ បង្កើនការតភ្ជាប់ក្នុងការដឹកជញ្ជូន ភស្តុភារ លំហូរហិរញ្ញវត្ថុ និងខ្សែសង្វាក់ផ្គត់ផ្គង់រវាងអាស៊ីបូព៌ា និងអាមេរិកឡាទីន តាមនោះបង្កើតឱកាសកាន់តែច្រើនសម្រាប់សហគ្រាសនៅក្នុងប្រទេសទាំងពីរ”។

រីឯខ្លួនវិញ ប្រធានាធិបតីឈីលី លោក José Antonio Kast បានឲ្យដឹងថា ឈីលីស្វាគមន៍វិនិយោគិនវៀតណាម ហើយបានស្នើឱ្យសហគ្រាសវៀតណាម និងឈីលីធ្វើការរួមគ្នាដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា ពង្រីកទីផ្សារសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសទាំងពីរឲ្យបានសក្តិសមនឹងការរំពឹងទុក៕


top