ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ប្រាថ្នាចង់ឱ្យបណ្តាសាជីវកម្មរបស់អាមេរិកពង្រីកការវិនិយោគនិងកិច្ចសហប្រតិបត្តិការនៅវៀតណាម

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួមសម័យពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី ៨១ និងអនុវត្តន៍សកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក នារសៀលថ្ងៃទី ២១ ខែកញ្ញា (តាមម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានទទួលជួបជាមួយសាជីវកម្មមួយចំនួនរបស់សហរដ្ឋអាមេរិក។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ទទួលជួបលោក Chip Kaye ប្រធានក្រុមហ៊ុន Warburg Pincus (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ក្នុងជំនួបជាមួយលោក Tim Cook នាយកប្រតិបត្តិនៃសាជីវកម្ម Apple លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹមបានបញ្ជាក់ច្បាស់ថា វៀតណាមប្រាថ្នាចង់ឱ្យ Apple បន្តរួមដំណើរ ពង្រីកកិច្ចសហប្រតិបត្តិការ និងរួមចំណែកកាន់តែច្រើនថែមទៀតក្នុងដំណើរការលើកកម្ពស់សមត្ថភាពបច្ចេកវិទ្យា គុណភាពប្រភពធនធានមនុស្ស និងឋានៈរបស់វៀតណាមនៅក្នុងខ្សែសង្វាក់តម្លៃសកល; ស្នើឱ្យ Apple បន្តយកចិត្តទុកដាក់ ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមតាមទិសដៅជាក់ស្តែង យូរអង្វែង និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ចំពោះខ្លួនវិញ លោក Tim Cook បានឱ្យដឹងថា Apple ប្រាថ្នាចង់បន្តពង្រីកវត្តមានរបស់ខ្លួននៅវៀតណាម បង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាដៃគូ អភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ បណ្តុះបណ្តាលប្រភពធនធានមនុស្ស និងរួមចំណែកក្នុងដំណើរការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍របស់វៀតណាម។

ក្នុងជំនួបជាមួយលោក Chip Kaye ប្រធានក្រុមប្រឹក្សាភិបាលនៃសាជីវកម្ម Warburg Pincus លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសម្តែងនូវការប្រាថ្នាចង់ឲ្យសាជីវកម្ម Warburg Pincus បន្តជួយវៀតណាមក្នុងការបង្កើតឡើងនូវបណ្តាសហគ្រាសដែលមានទ្រង់ទ្រាយធំជាង មានសមត្ថភាពគ្រប់គ្រងខ្ពស់ជាង និងអាចឈានទៅរកទីផ្សារទុនអន្តរជាតិបានល្អជាង; ទន្ទឹមនឹងនោះ រួមចំណែកក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ និងការវិនិយោគទំនើបនៅវៀតណាម។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានស្នើឲ្យសាជីវកម្ម Warburg Pincus ផ្តល់អាទិភាពដល់ការពង្រីកការវិនិយោគ និងរួមគ្នាអភិវឌ្ឍបណ្តាសហគ្រាសវៀតណាម។

ក្នុងជំនួបជាមួយលោក Brendan Nelson AO ប្រធានសាជីវកម្ម Boeing លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឲ្យអាជីវកម្ម Boeing ផ្តល់អាទិភាពក្នុងការលើកកម្ពស់ឋានៈរបស់វៀតណាមនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ Boeing; ជួយសហគ្រាសវៀតណាមឱ្យសម្រេចបាននូវស្តង់ដារអន្តរជាតិអំពីគុណភាព សុវត្ថិភាព ការតាមដានប្រភពដើម និងការគ្រប់គ្រងការផលិត…៕


top