នាថ្ងៃទី ២៤ ខែកក្កដា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (ទីក្រុងហាណូយ) ក្រោយរយៈពេលប្រាំថ្ងៃធ្វើការ សន្និបាតលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤ បានសម្រេចរបៀបវារៈដែលបានដាក់ចេញ។
គណៈកម្មាធិការមជ្ឈិមបានពិភាក្សាយ៉ាងហ្មត់ចត់អំពីខ្លឹមសារនានា; មានការឯកភាពខ្ពស់លើគោលជំហរ និងគោលនយោបាយសំខាន់ៗជាច្រើនទាក់ទងនឹងការកសាងបក្ស ប្រព័ន្ធនយោបាយ ការអភិវឌ្ឍ និងការពារប្រទេសជាតិ។
នៅក្នុងសុន្ទរកថាបិទសន្និបាត អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានសង្ខេបលទ្ធផលសំខាន់ៗនៃសន្និបាត ព្រមទាំងសង្កត់ធ្ងន់លើក្រុមការងារស្នូលចំនួនប្រាំ ដើម្បីនាំយកគោលនយោបាយរបស់មជ្ឈិមចូលក្នុងជីវភាព។ យោងតាមលោកអគ្គលេខាបក្ស ប្រធានរដ្ឋ ចំណុចថ្មីៗត្រូវបានបង្ហាញនៅក្នុងការសម្រេចចិត្តនីមួយៗនិងនៅក្នុងវិធីសាស្រ្តដឹកនាំ នោះគឺ៖ មើលត្រង់ទៅលើមូលហេតុចម្បង រៀបចំធនធានតាមគោលដៅរួម តភ្ជាប់ការសម្រេចចិត្តជាមួយនឹងការអនុវត្ត និងការដាក់ផលប្រយោជន៍រយៈពេលវែងរបស់ប្រទេសជាតិ និងជីវភាពរបស់ប្រជាជនជាអាទិភាពខ្ពស់បំផុត។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានសង្កត់ធ្ងន់ថា តម្លៃនិងកម្លាំងរស់នៃគោលនយោបាយ ត្រូវតែវាស់វែងដោយលទ្ធផលជាក់ស្តែង៖ ចំណុចកកស្ទះត្រូវបានលុបបំបាត់ សមត្ថភាពថ្មីត្រូវបានបង្កើតឡើង ក្បាលម៉ាស៊ីនដំណើរការដោយរលូន ធនធានត្រូវបានដោះសោ ផលិតភាពនិងកម្លាំងប្រកួតប្រជែងត្រូវបានលើកកំពស់ ប្រទេសជាតិមានសុវត្ថិភាពជាងមុន ប្រជាជនទទួលបានអត្ថប្រយោជន៍ជាក់ស្តែងជាងមុន។ ដូច្នេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានតម្រូវឱ្យប្រែក្លាយការឯកភាពលើគោលជំហរ ទៅជាការឯកភាពលើសកម្មភាព ដោយប្រែក្លាយគោលនយោបាយរបស់មជ្ឈិមទៅជាលទ្ធផលជាក់ស្តែង។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានតម្រូវឱ្យមានការចាត់ចែងយ៉ាងច្បាស់លាស់អំពីការទទួលខុសត្រូវរវាងមជ្ឈិម ថ្នាក់ខេត្ត និងថ្នាក់ឃុំ; ធានាបាននូវប្រតិបត្តិការរលូន ការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងអន្តរកម្មប្រកបដោយប្រសិទ្ធភាពរវាងកម្រិតទាំងបី។ ក្នុងនោះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានចង្អុលបង្ហាញថា៖
“មជ្ឈិមផ្តោតលើការតំរង់ទិសយុទ្ធសាស្ត្រ ការធ្វើសុក្រិតស្ថាប័ន ការកសាងវេទិការួម ការបែងចែកធនធានធំៗ និងការត្រួតពិនិត្យការអនុវត្ត។ ថ្នាក់ខេត្តត្រូវតែកែទម្រង់ និងផ្លាស់ប្ដូរថ្មីកាន់តែខ្លាំងក្លាថែមទៀតនូវវិធីសាស្ត្រដឹកនាំ ណែនាំ និងគ្រប់គ្រង; អនុវត្តន៍ជាក់ស្ដែងនូវគោលជំហរ រៀបចំលំហអភិវឌ្ឍន៍ សម្របសម្រួលធនធាន ធានាលក្ខខណ្ឌសម្រាប់ថ្នាក់ឃុំ ហើយទទួលខុសត្រូវចំពោះលទ្ធផលការងារ។ ថ្នាក់ឃុំ គឺជាខ្សែជួរមុខនៃអភិបាលកិច្ចសាធារណៈ ដែលអនុវត្តន៍ បម្រើប្រជាជនដោយផ្ទាល់ និងដោះស្រាយបញ្ហាទាំងអស់ដែលកើតចេញពីស្ថានភាពជាក់ស្ដែង និងតម្រូវការរបស់ប្រជាពលរដ្ឋនិងអាជីវកម្ម។ សមត្ថភាពអនុវត្តន៍នៃថ្នាក់ឃុំ ការពេញចិត្តរបស់ប្រជាពលរដ្ឋនិងអាជីវកម្ម គឺជារង្វាស់នៃប្រសិទ្ធភាពប្រតិបត្តិការរបស់ប្រព័ន្ធទាំងមូល”។
អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បានតម្រូវឱ្យអនុវត្តន៍ជាក់ស្ដែងនូវគោលនយោបាយនីមួយៗ តាមរយៈកម្មវិធី និងផែនការសកម្មភាព។ ជាមួយគ្នានោះ ត្រូវបង្កើនការត្រួតពិនិត្យ ការឃ្លាំមើល ហើយធ្វើការវាយតម្លៃដោយផ្អែកលើទិន្នន័យ ផលិតផល និងលទ្ធផលជាក់ស្តែងផងដែរ។ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បានសង្កត់ធ្ងន់ថា៖
“ភាពជោគជ័យនៃសន្និបាតគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ។ ស្ថានភាពពិភពលោកនឹងនៅតែមានការវិវត្តយ៉ាងឆាប់រហ័ស និងស្មុគស្មាញ ជាមួយនឹងឱកាសនិងបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា។ ក្នុងកាលៈទេសៈបែបនេះ ត្រូវតែប្រកាន់ខ្ជាប់កាន់តែខ្លាំងឡើងចំពោះគោលដៅ គោលការណ៍ សាមគ្គីភាព និងវិន័យ; មានភាពម្ចាស់ការ ច្នៃប្រឌិត ហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវដើម្បីផលប្រយោជន៍រួម”។
ក្នុងឱកាសរំលឹកខួបលើកទី ៧៩ នៃទិវាយុទ្ធជនពិការ-យុទ្ធជនពលី (ថ្ងៃទី ២៧ ខែកក្កដា) លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានស្នើឱ្យគ្រប់កម្រិត និងគ្រប់វិស័យបន្តយកចិត្តទុកដាក់ដល់ការថែទាំជនមានគុណូបការៈ និងគ្រួសារគោលនយោបាយតាមរយៈសកម្មភាពជាក់ស្តែងនិងមានអត្ថន័យ ព្រមទាំងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវយុទ្ធនាការ ៥០០ ថ្ងៃទាំងយប់សម្រាប់ជំរុញការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី៕