ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ឆ្លើយបទសម្ភាសន៍ជាមួយទូរទស្សន៍ NHK (ជប៉ុន)

មុនពេលអញ្ជើញធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានផ្តល់បទសម្ភាសន៍ដល់ទូរទស្សន៍ NHK (ជប៉ុន)។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ឆ្លើយបទសម្ភាសន៍ជាមួយទូរទស្សន៍ NHK (ជប៉ុន)។ (រូបថត៖ VNA)

ដោយឆ្លើយសំណួរអំពីគោលដៅចម្បងនៃដំណើរទស្សនកិច្ចជាផ្លូវការ ទៅកាន់ជប៉ុន និងការរំពឹងទុកសម្រាប់ការអភិវឌ្ឍនាពេលអនាគតនៃទំនាក់ទំនងវៀតណាម-ជប៉ុន អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចលើកនេះនឹងបង្កើតសន្ទុះថ្មីសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងជប៉ុន ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដោយរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោក។ ចក្ខុវិស័យថ្មីនឹងផ្ដោតលើភាពជាដៃគូដែលរួមដំណើរគ្នា ស្ថាបនារួមគ្នា ស្វ័យភាពយុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ផលប្រយោជន៍ទៅវិញទៅមក ដើម្បីជីវភាពរស់នៅរបស់ប្រជាជន និងពលករ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ សង្ឃឹមថា សហគ្រាសជប៉ុននឹងពង្រីកការវិនិយោគ ស្រាវជ្រាវ និងអភិវឌ្ឍផលិតផលនៅវៀតណាម និងចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃជាមួយសហគ្រាសវៀតណាម។ កិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មទំនើបៗ សឺមីកុងឌុចទ័រ បញ្ញាសិប្បនិម្មិត និងថាមពលស្អាត ត្រូវតែផ្សារភ្ជាប់ទៅនឹងការបណ្តុះបណ្តាលធនធានមនុស្ស ការបង្កើនសមត្ថភាពបច្ចេកវិទ្យា និងអភិបាលកិច្ច។

ក្នុងបរិបទដែលភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើងនៅក្នុងបរិយាកាសអន្តរជាតិ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានបញ្ជាក់ថា វៀតណាមប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍; ធ្វើពហុភាគីនីយកម្ម និងពិពិធកម្មទំនាក់ទំនងការបរទេស; ធានាផលប្រយោជន៍ខ្ពស់បំផុតរបស់ប្រទេសជាតិនិងប្រជាជាតិ ដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ប្រការដែលវៀតណាមឆ្ពោះទៅរក គឺក្លាយជាប្រទេសមួយដែលមានសមត្ថភាពខ្លួនទីពឹងខ្លួនដ៏គ្រប់គ្រាន់ ជាមួយនឹងមិត្តភក្តិដែលអាចទុកចិត្តបានដូចជាប្រទេសជប៉ុន និងធ្វើការរួមចំណែកកាន់តែជាក់ស្តែង ដល់សហគមន៍អន្តរជាតិ។ កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះកើតចេញពីបំណងប្រាថ្នាចង់ឲ្យប្រជាជននៃប្រទេសនីមួយៗ ទទួលបានសុភមង្គលកាន់តែច្រើនឡើងៗ ទទួលបានលក្ខខណ្ឌសម្រាប់អភិវឌ្ឍទេពកោសល្យ ហើយ មនុស្សជំនាន់ក្រោយៗអាចជឿជាក់យ៉ាងមុតមាំលើអនាគត៕


top