ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam៖ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាត្រូវក្លាយជាសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងថ្មីរវាងវៀតណាមនិងកាណាដា

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់កាណាដា នៅរសៀលថ្ងៃទី ២៤ ខែកញ្ញា តាមម៉ោងក្នុងតំបន់ នៅអគាររដ្ឋសភាកាណាដា ក្នុងទីក្រុង Ottawa អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam បានអញ្ជើញថ្លែងសុន្ទរកថាគោលនយោបាយក្រោមចំណងជើងថា "ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-កាណាដាក្នុងបរិបទពិភពលោកដ៏ច្របូកច្របល់"។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam បានអញ្ជើញថ្លែងសុន្ទរកថាគោលនយោបាយនៅរដ្ឋសភាកាណាដា។ (រូបថត៖ VNA)

សម្តែងកិត្តិយសដោយបានថ្លែងសុន្ទរកថានៅចំពោះមុខសភាកាណាដា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam បានអះអាងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ ប្រសិនបើចង់ឈានទៅឆ្ងាយ គឺចាំបាច់ត្រូវមានពូនជ្រុំពីភាគីជាច្រើន រួមទាំង រដ្ឋាភិបាល សភា មូលដ្ឋាន អាសហគ្រាស និងប្រជាជន។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានអះអាងថា វៀតណាមនិងកាណាដាសុទ្ធតែមានផលប្រយោជន៍ក្នុងការបង្កើនភាពខ្លួនទីពឹងខ្លួន ពង្រឹងទំនាក់ទំនងដែលអាចទុកចិត្តបាន និងការពារបរិយាកាសអន្តរជាតិសន្តិភាព និងស្ថិរភាព។ នៅក្នុងពិភពលោកដែលមានភាពមិនប្រាកដប្រជាជាច្រើន ទំនាក់ទំនងដែលផ្អែកលើការជឿទុកចិត្ត ការទទួលខុសត្រូវ និងការចែករំលែកផលប្រយោជន៍រយៈពេលវែង គឺជាតម្លៃយុទ្ធសាស្ត្រមួយ។

«ខ្ញុំជឿជាក់ថា ដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់វៀតណាមនឹងបើកឱកាសកាន់តែច្រើនសម្រាប់កិច្ចសហប្រតិបត្តិការជាមួយកាណាដា។ ការដែលវៀតណាម និងកាណាដាសម្រេចចិត្តលើកកំពស់ទំនាក់ទំនង ទៅជាភាពជាដៃគូយុទ្ធសាស្ត្រក្នុងឱកាសដំណើរទស្សនកិច្ចលើកនេះ គឺជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពអស់រយៈពេលជាងកន្លះសតវត្សរ៍ ដែលបង្ហាញពីការសន្យាវិនិយោគរួមគ្នាសម្រាប់អនាគត។ ក្របខ័ណ្ឌថ្មីគួរតែជួយប្រទេសទាំងពីរឱ្យយល់ដឹងគ្នាទៅវិញទៅមក កាន់តែស៊ីជម្រៅ សម្របសម្រួលកាន់តែមានប្រសិទ្ធភាព និងបង្កើតលទ្ធផលកាន់តែសក្តិសម ដែលសហគ្រាសនិងប្រជាជនអាចមើលឃើញបាន»។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានចាត់ទុកថា វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគួរតែក្លាយជាសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងថ្មី។ ប្រទេសទាំងពីរគួរតែតភ្ជាប់សាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងសហគ្រាស ដោយផ្តល់អាទិភាពដល់ការបណ្តុះបណ្តាលធនធានមនុស្ស ការស្រាវជ្រាវរួមគ្នាលើបញ្ញាសិប្បនិម្មិតដែលអាចអនុវត្តន៍បាន បច្ចេកវិទ្យាស្អាត និងបច្ចេកវិទ្យាសមុទ្រ។ ភាគីទាំងពីរក៏គួរតែបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ទេសចរណ៍ ការសិក្សា ការស្រាវជ្រាវ និងការផ្លាស់ប្តូរវប្បធម៌ផងដែរ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកាណាដា នាយប់ថ្ងៃទី ២៤ ខែកញ្ញា នៅអគាររដ្ឋសភាកាណាដាក្នុងទីក្រុងអូតាវ៉ា អគ្គទេសាភិបាលកាណាដា លោកស្រី Louise Arbour បានធ្វើជាអធិបតីក្នុងពិធីលៀងសាយភោជន៍ ចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam។ អញ្ជើញចូលរួមពិធីនេះក៏មានវត្តមាននាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney និងតំណាងជាន់ខ្ពស់មកពីប្រទេសវៀតណាម និងកាណាដាផងដែរ៕


top