នេះជាលើកដំបូងដែលមេដឹកនាំជាន់ខ្ពស់បំផុតនៃបក្ស និងរដ្ឋវៀតណាម បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហព័ន្ធរុស្ស៊ី ក្នុងឋានៈទាំងពីរគឺ អគ្គលេខាបក្ស និងប្រធានរដ្ឋ។ ដំណើរទស្សនកិច្ចលើកនេះ ធ្វើឡើងក្នុងបរិបទដែលពិភពលោកមានការប្រែប្រួលជាច្រើន ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ក៏បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីភាគីទាំងពីរ ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណី និងស្មោះត្រង់រវាងវៀតណាម និងរុស្ស៊ី។
លោក Evgeniy Vlasov សាកលវិទ្យាធិការរងទទួលបន្ទុកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យសហព័ន្ធចុងបូព៌ា និងជានាយកបណ្ឌិត្យសភាបូព៌ា បានសម្តែងការរំពឹងទុកថា៖
"ខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នឹងទាក់ទាញការយកចិត្តទុកដាក់ និងជាទិសដៅសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការ ពីព្រោះក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ នឹងមានការពិភាក្សាអំពីគម្រោងនានា និងកិច្ចប្រជុំកម្រិតខ្ពស់។ ម្យ៉ាងវិញទៀត សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរក៏នឹងមានឱកាស បន្តស្វែងយល់ និងកំណត់ជំហានបន្ទាប់ផងដែរ។ ខ្ញុំគ្រាន់តែចង់រំលឹកម្តងទៀតថា ប្រការដ៏សំខាន់នោះ គឺត្រូវមានការតភ្ជាប់រវាងអង្គភាពទាំងបី៖ សហគ្រាស សាកលវិទ្យាល័យ និងរដ្ឋ។ ក្នុងន័យនេះ រដ្ឋត្រូវយល់ទាំងនៅកម្រិតតំបន់ និងនៅកម្រិតសហព័ន្ធផងដែរ"។
ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងបរិបទដែលទំនាក់ទំនងវៀតណាម-រុស្ស៊ីកំពុងរីកចម្រើនយ៉ាងល្អប្រសើរ។ ប្រទេសទាំងពីរបានលើកកំពស់ទំនាក់ទំនង ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០១២។ វៀតណាមនិងរុស្ស៊ីក៏បានផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់យ៉ាងញឹកញាប់ ជាពិសេសក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ។ ក្នុងនោះ មានដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសវៀតណាមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងខែមិថុនា ឆ្នាំ ២០២៤។ នៅខែឧសភា ឆ្នាំ ២០២៥ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម (ពេលកាន់តំណែងជាអគ្គលេខាបក្ស) និងភរិយា បានធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់ រុស្ស៊ីដើម្បីចូលរួមពិធីអបអរសាទរខួបលើកទី ៨០ ទិវាជ័យជំនះក្នុងសង្គ្រាមការពារមាតុភូមិដ៏មហិមារ៕