នាថ្ងៃទី ២៧ ខែសីហា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានទទួលលោក Cristiano Amon ប្រធាននិងជាអគ្គនាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Qualcomm (សហរដ្ឋអាមេរិក) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានទទួលលោក Cristiano Amon ប្រធាននិងជាអគ្គនាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Qualcomm។ រូបថត៖ VNA
នៅជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្វាគមន៍ចំពោះ Qualcomm
ដែលបានកំណត់ប្រទេសវៀតណាមនៅទីតាំងខ្ពស់មួយ
នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់សម្ព័ន្ធក្រុមហ៊ុននៅអាស៊ី
ដែលស្របនឹងទិសដៅនៃការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ
បច្ចេកវិទ្យា និងនវានុវត្តន៍រវាងវៀតណាម និងសហរដ្ឋអាមេរិក
ក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ស្នើឱ្យ Qualcomm
បន្តពង្រីកការវិនិយោគរយៈពេលវែងនៅវៀតណាមក្នុងវិស័យដែលសម្ព័ន្ធក្រុមហ៊ុនមានប្រៀបខ្លាំង;
បង្កើនការផ្ទេរបច្ចេកវិទ្យា ពង្រីកកិច្ចសហប្រតិបត្តិការជាមួយសហគ្រាស
សាកលវិទ្យាល័យ និងវិទ្យាស្ថានស្រាវជ្រាវនៅវៀតណាម; គាំទ្រសហគ្រាសវៀតណាមក្នុងការបង្កើនសមត្ថភាពបច្ចេកវិទ្យា
និងចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃនិងខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាសកលផងដែរ។
រីឯខ្លួនវិញ លោក Cristiano Amon បានបញ្ជាក់ថា
Qualcomm ចាត់ទុកប្រទេសវៀតណាមជាទីផ្សារ
និងមជ្ឈមណ្ឌលបច្ចេកវិទ្យាកាន់តែសំខាន់នៅអាស៊ី
ហើយកំពុងមានផែនការកសាងវៀតណាមឱ្យក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ AI
ធំជាងគេទីបីរបស់សម្ព័ន្ធក្រុមហ៊ុននៅទូទាំងពិភពលោក។
ជាមួយនឹងការវិនិយោគជាង ១០០ ពាន់លានដុល្លារលើការស្រាវជ្រាវ
និងអភិវឌ្ឍន៍លើទូទាំងពិភពលោក Qualcomm មានបំណងចង់ពង្រីកសមត្ថភាពបច្ចេកវិទ្យាស្នូល
បណ្តាញស្រាវជ្រាវ និងប្រព័ន្ធអេកូឡូស៊ីដៃគូអន្តរជាតិ
ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការនៅវៀតណាមក្នុងវិស័យ AI សឺមីកុងឌុចទ័រ
5G/6G និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាជំនាន់ថ្មី។
លើសពីនេះ លោកបានសម្តែងបំណង ចង់បន្តពង្រីកកិច្ចសហប្រតិបត្តិការ ការវិនិយោគ
និងវត្តមានរយៈពេលវែងនៅវៀតណាម ពង្រឹងការសម្របសម្រួលជាមួយភ្នាក់ងារ សហគ្រាស
វិទ្យាស្ថានស្រាវជ្រាវ និងសាកលវិទ្យាល័យនៅវៀតណាមក្នុងការស្រាវជ្រាវ
ការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ ការផ្ទេរបច្ចេកវិទ្យា
និងការអភិវឌ្ឍបច្ចេកវិទ្យាជំនាន់ថ្មី
ព្រមទាំងរួមចំណែកដល់ដំណើរការកសាងប្រព័ន្ធអេកូឡូស៊ីសឺមីកុងឌុចទ័រ បញ្ញាសិប្បនិម្មិត
និងនវានុវត្តន៍របស់វៀតណាមនាពេលខាងមុខផងដែរ៕