ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម អញ្ជើញមានជំនួបទ្វេភាគីសំខាន់ៗ នៅខាងក្រៅកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅប្រទេសបារាំង នាថ្ងៃទី ៥ខែតុលា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញមានជំនួបទ្វេភាគីសំខាន់ៗជាច្រើន ជាមួយថ្នាក់ដឹកនាំនៃប្រទេស កម្ពុជា ឡាវ កាណាដា បែលហ្សិក ស្វីស អាមេនី ម៉ូរីតានី និងអង្គការហ្វ្រង់កូហ្វូនីអន្តរជាតិ។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ក្នុងជំនួបទ្វេភាគីជាមួយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបរមនាថ នរោត្តម សីហមុនី (រូបថត៖ Tri Dung/TTXVN)

ក្នុងជំនួបជាមួយព្រះមហាក្សត្រនៃនៃព្រះរាជាណាចក្រកម្ពុជា  ព្រះបរមនាថ នរោត្តម សីហមុនី អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានអបអរសាទរចំពោះកម្ពុជាដែលត្រូវបានជ្រើសរើស ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសហគមន៍ភាសាបារាំងលើកទី ២០ នៅឆ្នាំ២០២៦។ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងក្តីសោមនស្សន៍រីករាយចំពោះសមិទ្ធិផល នៃទំនាក់ទំនងអ្នកជិតខាងល្អ មិត្ត ភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងវៀតណាមនិងកម្ពុជានាពេលថ្មីៗនេះ ហើយសង្ឃឹមថា ថ្នាក់ដឹកនាំជំនាន់ក្រោយនឹងបន្តប្រពៃណីនោះ បន្តពូន ជ្រុំនិងលើកកម្ពស់ទំនាក់ទំនងស្របតាមតម្រូវការ នៃសម័យកាលអភិវឌ្ឍន៍ថ្មី។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត (រូបថត៖ TTXVN)

ក្នុងជំនួបជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានរំលឹកឡើងវិញនូវលទ្ធផលដ៏ល្អប្រសើរនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម របស់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith និងជំនួបប្រចាំឆ្នាំរវាងការិយាល័យនយោបាយនៃប្រទេសទាំងពីរវៀតណាម និងឡាវនាខែកញ្ញាថ្មីៗនេះ។ ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការដែលក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសទាំងពីរកំពុងធ្វើសកម្មភាពសម្របសម្រួលនិងអនុវត្តទិសដៅសំខាន់ៗដែលការិយាល័យនយោបាយនៃប្រទេសទាំងពីរបានឯកភាពគ្នាក្នុងកិច្ចប្រជុំនេះ; អះអាងថា នឹងបន្ត យកចិត្តទុកដាក់ និងដឹកនាំយ៉ាងដិតដល់នូវស្ថាប័នពាក់ព័ន្ធ ដើម្បីផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងកម្មវិធីសហប្រតិបត្តិការកម្រិតខ្ពស់រវាងបក្សទាំងពីរ ប្រទេសទាំងពីរ និងយន្តការទ្វេភាគី។

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអបអរសាទរកាណាដាក្នុងការចូលកាន់តំណែងជាប្រធាននៃក្រុមប្រទេសឧស្សាហកម្ម (G7); អះអាងថា វៀតណាមនឹងបន្តចូលរួមជាមួយកាណាដានិងប្រទេសសមាជិក G7 ក្នុងការរួមចំណែកក្នុងខ្លឹមសារសហប្រតិបត្តិការ G7 ក្នុងនោះមានកំណើនបៃតងនិងការអភិវឌ្ឍប្រកបដោយចីរភាព។ ដោយយល់ស្របនឹងសំណើររបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម ស្តីពីទិសដៅអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរ លោកនាយករដ្ឋមន្ត្រី Trudeau បានអះអាងថា កាណាដានឹងបន្តជំរុញភាពជាដៃគូគ្រប់ជ្រុងជ្រោយលើវិស័យអាទិភាព ជាពិសេសនយោបាយ-ការទូត សេដ្ឋកិច្ច-ពាណិជ្ជកម្ម ការពារជាតិ អប់រំ-បណ្តុះបណ្តាល និងការផ្លាស់ប្តូរប្រជាជនជាមួយប្រជាជន; ហើយនឹងបន្តគាំទ្រដល់ការចូលរួមរបស់វៀតណាមក្នុងកងកម្លាំងរក្សាសន្តិភាពអង្គការ សហប្រជាជាតិ (PKO)។

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីបែលហ្ស៊ិក Alexander De Croo អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានស្នើឱ្យបែលហ្ស៊ិក បង្ហើយយ៉ាងឆាប់ៗនូវដំណើរការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ វៀតណាម - EU (EVIPA) និងគាំទ្រគណៈកម្មការអឺរ៉ុប (EC) ឆាប់ដក “កាតលឿង” IUU សម្រាប់ការនាំចេញអាហារសមុទ្ររបស់វៀតណាម; ពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការលើវិស័យថាមពលកកើតឡើងវិញ សេវាកម្មដឹកជញ្ជូន បច្ចេកវិទ្យាខ្ពស់ បញ្ញាសិប្បនិម្មិត (AI) ការអភិវឌ្ឍបៃតង ការអប់រំ-បណ្តុះបណ្តាល ការផ្លាស់ប្តូរវប្បធម៌; សម្របសម្រួលដើម្បីទាញយកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVIPA)។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម និងនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau (រូបថត៖ TTXVN)

 

នៅក្នុងជំនួបជាមួយប្រធានាធិបតីម៉ូរីតានី លោក Mohamed Ould Ghazouani ប្រធានបច្ចុប្បន្ននៃសហភាពអាហ្រ្វិក (AU) អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ម៉ូរីតានី ក្នុងឋានៈជាប្រធាន AU; អរគុណ AU សម្រាប់ការបង្កើតលក្ខខណ្ឌចំពោះ វៀតណាមក្នុងការបំពេញបែបបទដើម្បីក្លាយជាអ្នកសង្កេតការណ៍ផ្លូវការរបស់ AU នាខែធ្នូ ឆ្នាំ ២០២៣។ រីឯខ្លួនវិញ លោកប្រធានាធិបតី Ghazouani បានវាយតម្លៃថា វៀតណាមជាគំរូដ៏ជោគជ័យមួយសម្រាប់បណ្តាប្រទេសនៅអាហ្វ្រិក រួមទាំងប្រទេសម៉ូរីតានីផងដែរ; ជឿជាក់ថា វៀតណាមនឹងក្លាយជាស្ពានវិជ្ជមានសម្រាប់កិច្ចសហប្រតិបត្តិការ AU - សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

ក្នុងជំនួបជាមួយអគ្គលេខាធិកាហ្វ្រង់កូហ្វូនី Louise Mushikiwabo លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម បានស្នើឱ្យ OIF ផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់គំរូកិច្ចសហប្រតិបត្តិការត្រីភាគី ដើម្បីគាំទ្រដល់ប្រទេសអាហ្វ្រិកក្នុងវិស័យកសិកម្ម កិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង ទន្ទឹមនឹងនោះបន្តជំរុញការអនុវត្តកម្មវិធី និងគម្រោងសហប្រតិបត្តិការក្នុងវិស័យអប់រំ ការបង្រៀនភាសាបារាំង ការស្រាវជ្រាវវិទ្យាសាស្ត្រ និងសហគ្រិនភាពជាភាសាបារាំង; យកចិត្តទុកដាក់ និងគាំទ្រការខិតខំប្រឹងប្រែងរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ក្នុងនោះមានសមុទ្រខាងកើត និងគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)៕


top