ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម សង្កត់ធ្ងន់ថា គោលនយោបាយត្រឹមត្រូវ ត្រូវតែក្លាយជាសមត្ថភាពអភិវឌ្ឍន៍ពិតប្រាកដ

នាព្រឹកថ្ងៃទី១៦ ខែតុលា នៅទីក្រុងហាណូយ ការិយាល័យនយោបាយនិងលេខាធិការដ្ឋាន បានរៀបចំសន្និសីទទូទាំងប្រទេសដើម្បីជ្រួតជ្រាប និងអនុវត្តន៍សេចក្តីសម្រេចចិត្តនៃសន្និបាតលើកទី ៤ គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៤ តាមអ៊ីនធឺណិតតភ្ជាប់បណ្តាញទៅកាន់ទីតាំងជាង ៤០.០០០ កន្លែងទូទាំងប្រទេស។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ថ្លែងនៅក្នុងសន្និសីទទទូទាំងប្រទេសដើម្បីជ្រួតជ្រាប និងអនុវត្តន៍សេចក្តីសម្រេចចិត្តនៃសន្និបាតបក្សលើកទី ៤។ រូបថត៖ VNA

អញ្ជើញថ្លែងមតិដឹកនាំនៅសន្និសីទ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានលើកច្បាស់ថា បន្តរាល់ការសម្រេចចិត្តចាប់ពីដើមអាណត្តិមហាសន្និបាត និតិកាលទី ១៤មក សន្និបាតមជ្ឈិមលើកទី ៤ បានផ្តោតលើការពង្រឹងលក្ខខណ្ឌដែលជាកត្តាសម្រេច សម្រាប់ការអនុវត្តសេចក្តីសម្រេចនៃមហាសន្និបាតបក្សទូទាំងប្រទេសនិតិកាលទី ១៤។ លោកអគ្គលេខាបក្ស​ ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា គោលនយោបាយត្រឹមត្រូវ ត្រូវតែក្លាយជាសមត្ថភាពអភិវឌ្ឍន៍ពិតប្រាកដ ដែលត្រូវបានផ្ទៀងផ្ទាត់តាមរយៈប្រសិទ្ធភាពសកម្មភាពរបស់ក្បាលម៉ាស៊ីនដឹកនាំ របស់ប្រព័ន្ធនយោបាយ ដោយបង្កើតកម្លាំងប្រកួតប្រជែងសម្រាប់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន។

"ក្នុងនាមជាបក្សកាន់អំណាច ដឹកនាំរដ្ឋ និងសង្គម បក្សត្រូវមានការទទួលខុសត្រូវចំពោះមុខប្រជាជនចំពោះមុខរាល់ការសម្រេចចិត្ត និងលទ្ធផលនៃភាពជាអ្នកដឹកនាំរបស់ខ្លួន។ ជ្រួតជ្រាបសេចក្តីសម្រេចចិត្តយ៉ាងហ្មត់ចត់ ទាមទារឱ្យគណៈកម្មាធិការបក្សនីមួយៗ និងសមាជិកបក្សម្នាក់ៗ ត្រូវពិចារណាយ៉ាងម៉ត់ចត់ថា៖ ហេតុអ្វីបានជា គោលនយោបាយត្រឹមត្រូវ ប៉ុន្តែការងារនៅតែយឺត ធនធានមិនត្រូវបានប្រើប្រាស់ពេញលេញ និងការទទួលខុសត្រូវមិនត្រូវបានបំពេញគ្រប់គ្រាន់។ យើងត្រូវតែកំណត់អត្តសញ្ញាណមូលហេតុដើម្បីកែតម្រូវ ចាប់ពីវិធីសាស្រ្តភាពជាអ្នកដឹកនាំ និងគុណភាពប្រឹក្សាយោបល់ រហូតដល់ការដាក់បុគ្គលិក និងការរៀបចំការអនុវត្ត។ លទ្ធផលនៃការកសាង និងការកែតម្រូវបក្សត្រូវបានសាកល្បងក្នុងការអនុវត្តភារកិច្ចទាក់ទងនឹងការកសាង និងអភិវឌ្ឍន៍ជាតិ ការពារជាតិ និងការកែលម្អជីវភាពរស់នៅរបស់ប្រជាជន"។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានស្នើឱ្យគណៈកម្មាធិការបក្សនីមួយៗ ពិនិត្យជួរបុគ្គលិករបស់ខ្លួនឡើងវិញតាមតម្រូវការភារកិច្ច; ភ្ជាប់ការជ្រើសរើស និងបណ្តុះបណ្តាលជាមួយនឹងការវាយតម្លៃ ការប្រើប្រាស់ និងការជ្រើសរើសកម្មាភិបាល។ ក្នុងនោះ ការវាយតម្លៃត្រូវតែធ្វើឡើងជាប្រចាំ ដោយសង្កត់ធ្ងន់លើគុណសម្បត្តិនយោបាយ សីលធម៌ កិត្យានុភាព និងការរួមចំណែកដ៏សំខាន់ ព្រមទាំងពិចារណាលើលក្ខខណ្ឌ និងការពិបាកនៃភារកិច្ចផងដែរ៕


top