នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ អគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបសំណេះសំណាលជាមួយលោកស្រី Olga Lidia Tapia Iglesia លេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការវិទ្យាសាស្ត្រ អប់រំនិងកីឡាមជ្ឈឹមបក្សកុម្មុយនិស្តគុយបា ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖ VOV)
អគ្គលេខាបក្សលោក Nguyen Phu Trong បានអះអាងនូវគោលមាគ៌ាដ៏ឥតងាករេរបស់បក្ស រដ្ឋនិងប្រជាជនវៀតណាម ក្នុងការគាំទ្របុព្វហេតុបដិវត្តន៍ដ៏ត្រឹមត្រូវរបស់បងប្អូនគុយបា។ លោកបានសង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកជាមួយគុយបានូវបទពិសោធន៍ទាំងអស់នៃបុព្វហេតុផ្លាស់ប្ដូរថ្មី មិនត្រឹមតែជាសមិទ្ធផលដែលទទួលបានប៉ុណ្ណោះទេ ថែមទាំងរាល់កំហិតនិង ចំណុចអន់ខ្សោយទៀតផង ដើម្បីជួយប្រទេសគុយបាធ្វើការស្រាវជ្រាវនិងអនុវត្តន៍នៅក្នុងដំណើរការធ្វើបច្ចុប្បន្នកម្មរូបសណ្ឋានសេដ្ឋកិច្ចសង្គម។
ចំណែកឯលេខាមជ្ឈឹមបក្សគុយបាលោកស្រី Olga Lidia Tapia Iglesia បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងប្រជាជនគុយបាជានិច្ចកាលយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងជាមួយបក្ស រដ្ឋនិងប្រជាជនវៀតណាម។ គុយបាមានគោលបំណងចង់ពង្រឹងនិងពង្រីកទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើរនិងកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម