ព័ត៌មាន

អគ្គលេខាបក្សកុម្មុនីស្តវៀតណាម លោក តូ ឡឹម និងលោកជំទាវនឹងអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណរដ្ឋកូរ៉េ

ដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។
អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និងលោកជំទាវ។ (រូបថតឯកសារ៖ TTXVN)

ក្រសួងការបរទេសវៀតណាមនាថ្ងៃទី ៧ សីហា បានចេញសេចក្តីប្រកាសព៍ត៌មានមួយដោយបញ្ជាក់ថា៖ តបតាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ លោក Lee Jae Myung និងលោកជំទាវ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណរដ្ឋកូរ៉េ។ ដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។

ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន នាថ្ងៃទី ៧ សីហា ទាក់ទិននឹងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និងលោកជំទាវ ទៅកាន់ប្រទេសកូរ៉េខាងត្បូង ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះគឺជាព្រឹត្តិការណ៍ស្វាគមន៍ប្រមុខរដ្ឋបរទេសលើកដំបូងដែលរៀបចំដោយរដ្ឋាភិបាលថ្មីរបស់កូរ៉េខាងត្បូង។ ប្រការនេះបង្ហាញថា កូរ៉េខាងត្បូងគោរពចំពោះទំនាក់ទំនងជាមួយវៀតណាម ហើយជាសក្ខីភាពនៃការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់លោកប្រធានាធិបតី Lee Jae Myung ផ្ទាល់ក៏ដូចជារដ្ឋាភិបាលកូរ៉េខាងត្បូងក្នុងការអភិវឌ្ឍ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរផងដែរ។

លោកប្រធានាធិបតី Lee Jae Myung ជឿជាក់ថា ដំណើរទស្សនកិច្ចនឹងបើកជំពូកថ្មីសម្រាប់ទំនាក់ទំនងកូរ៉េខាងត្បូង-វៀតណាម។ លោកប្រធានាធិបតី Lee Jae Myung សង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តចែករំលែកបទពិសោធន៍ និងសហប្រតិបត្តិការយ៉ាងសកម្ម មិនត្រឹមតែក្នុងក្របខ័ណ្ឌនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ប៉ុណ្ណោះទេ ថែមទាំងនៅក្នុងវេទិកាពហុភាគីជាច្រើនទៀតផង។

ចែករំលែកអំពីគោលនយោបាយអាទិភាពរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ក្នុងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនោះ លោកប្រធានាធិបតី Lee Jae Myung បានអះអាងនូវសារៈសំខាន់នៃការពង្រីក និងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ តាមនោះ ភាគីទាំងពីរនឹងខិតខំប្រឹងប្រែងរួមគ្នាដើម្បីសម្រេចបាននូវគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៥០ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០៣០។ ទន្ទឹមនឹងនោះ ប្រធានាធិបតីកូរ៉េខាងត្បូងក៏សង្ឃឹមថា ភាគីទាំងពីរនឹងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទៅវិស័យយុទ្ធសាស្ត្រនានាដូចជា៖ ថាមពលនុយក្លេអ៊ែរ ផ្លូវរថភ្លើងល្បឿនលឿន និងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ឧស្សាហកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជឿនលឿន; ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ និងឧស្សាហកម្មវប្បធម៌; ការផ្លាស់ប្តូរប្រជាជនជាមួយប្រជាជន និងការផ្លាស់ប្តូរវប្បធម៌៕


top