ព័ត៌មាន

អគ្គទេសាភិបាលអូស្ត្រាលី លោក​ស្រី Sam Mostyn បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

កាលពីយប់ថ្ងៃទី១២ ខែកញ្ញា អគ្គទេសាភិបាលអូស្ត្រាលី លោកស្រី Sam Mostyn និងស្វាមី លោក Simeon Beckett បានចាកចេញពីទីក្រុងហូជីមិញ បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែកញ្ញា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក លឿង គឿង និងលោកជំទាវ។

ប្រធានរដ្ឋលោក លឿង គឿង និងអគ្គទេសាភិបាលអូស្ត្រាលី លោកស្រី Sam Mostyn ថតរូបមុនពេលជួបពិភាក្សា។ រូបថត៖ Lam Khanh / VNA

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅវៀតណាម អគ្គលេខាបក្ស លោក តូ ឡឹម បានទទួលជួបអគ្គទេសាភិបាលអូស្ត្រាលី លោកស្រី Sam Mostyn; ប្រធានរដ្ឋលោក លឿង គឿង បានធ្វើជាអធិបតីនៃពិធីទទួលបដិសណ្ឋារកិច្ច ជំនួបពិភាក្សា និងពិធីជប់លៀងថ្នាក់រដ្ឋជូនចំពោះអគ្គទេសាភិបាលអូស្ត្រាលី; នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន បានជួបសវនការជាមួយអគ្គទេសាភិបាលអូស្ត្រាលី។

ក្នុងបណ្តាជំនួបពិភាក្សានិងកិច្ចប្រជុំ ថ្នាក់ដឹកនាំវៀតណាមបានវាយតំលៃខ្ពស់ចំពោះអគ្គទេសាភិបាលអូស្ត្រាលី ដែលធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងនៅវៀតណាម; ជឿជាក់ថា អូស្ត្រាលីនឹងពង្រឹងឋានៈរបស់ខ្លួន និងរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ រីឯខ្លួនវិញ អគ្គទេសាភិបាលអូស្ត្រាលី លោកស្រី Sam Mostyn បានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូដ៏គួរឱ្យទុកចិត្តបំផុតរបស់អូស្ត្រាលី ហើយសង្ឃឹមថា ភាគីទាំងពីរនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធលើគ្រប់វិស័យឆ្ពោះទៅរកតំបន់សន្តិភាព ស្ថិរភាព និងវិបុលភាព។

អគ្គទេសាភិបាលអូស្ត្រាលី លោកស្រី Sam Mostyn ក៏មានសកម្មភាពមួយចំនួននៅខាងក្រៅដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមដូចជា៖ ចូលរួមពិធីបើកការិយាល័យតំណាងវិទ្យាស្ថានគោលនយោបាយអូស្ត្រាលី-វៀតណាមនៅទីក្រុងហាណូយ; ចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ដាក់កម្រងផ្កានៅស្តូបរំឮកវិញ្ញាណក្ខណ្ឌវីរៈយុទ្ធជនពលីនៅទីក្រុងហាណូយ; ទស្សនaនិងសំណេះសំណាលជាមួយកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិរបស់វៀតណាមនៅទីក្រុងហូជីមិញ៕


top