នាគជាសត្វក្នុងទេវកថាបានលោកខាងកើតលើកកម្ពស់ជានិមិត្តរូបនៃរាជអំណាច នៃកម្លាំង និង រឹទ្ធិអំណាច ផ្សារភ្ជាប់ជាមួយនឹងរូបភាពព្រះរាជា...
នាគយក្សមួយគូនៅមណ្ឌលចេតិយ៍ស្តេចខាយឌិញ (Khai Dinh) មានរាងធាត់ មុខមាត់រួសរាយប្លែងពីធម្មតា។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
នាគជាសត្វក្នុងទេវកថាបានលោកខាងកើតលើកកម្ពស់ជានិមិត្តរូបនៃរាជអំណាច នៃកម្លាំង និង រឹទ្ធិអំណាច ផ្សារភ្ជាប់ជាមួយនឹងរូបភាពព្រះរាជា។ សម័យរាជការង្វៀន ក្រោមថ្វីដៃដ៏ប៉ិនប្រសប់នៃសិប្បករ ជាមួយនឹងកម្លាំងឥទ្ធិពលនៃរបបវប្បធម៌រាជវង្ស និង កម្រិតបែកធ្លាយនៃគំនិតវិចិត្រសិល្បៈសម័យនោះ ធ្វើឱ្យរូបភាពនាគបានក្លាយជាមានសភាពសម្បូរបែបបំផុតខាងប្រធានបទ វត្ថុធាតុដើម និង រូបភាពបង្ហាញ។ ហេតុនេះ ទីក្រុងបុរាណហ្វេ ជារាជធានីនៃរាជការង្វៀន ហើយក៏បានស្គាល់ថាជា “ស្រុកកំណើតនាគ”។
ក្នុងវប្បធម៌ជនជាតិវៀតណាម នាគជាទេវសត្វ ប៉ុន្តែមិនមានពិតប្រាកដ ឈរមុខទេវសត្វទាំងបួន (នាគ តោ អណ្តើក និង ហង្ស)។ ខ្លួនវាជាការប្រមូលផ្តុំគ្រប់លក្ខណៈដែលស្អាតបំផុតនៃសត្វទាំង៩ ដែលមានពិត រួមមានខ្លួនពស់ ស្រការត្រីឆ្ពឹន ក្បាលសត្វអូដ្ឋ ស្នែងប្រើស ជើងខ្លា ក្រចកឥន្ទី្រ ត្រចៀកគោ ច្រមុះនិង បបែលតោ កន្ទុយមាន់ឈ្មោល។
ស្នាដៃរូបនាគក្នុងរាជវាំងង្វៀន។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
រូបភាពនាគនៅប្រទេសវៀតណាម មានតាំងពីយូរយារណាស់មកហើយ ប្រហែលជាងាយរកឃើញបំផុត គឺរឿងព្រេង “កូននាគចៅទេវតា” មានតាំងពីសម័យរាជ ហ៊ុងវឿង (Hung Vuong) ដែលពណ៌នាអំពីប្រភពដើមកំណើតនៃប្រជាជនវៀតណាម។ នៅអំឡុងសម័យសក្តិភូមិវៀតណាម រូបភាពនាគបានប្រើប្រាស់ពេញនិយម ជាពិសេសគឺនៅក្នុងការតុបតែងស្ថាបត្យកម្ម វិចិត្រសិល្បៈរាជវាំង។
នៅប្រទេសវៀតណាមសម័យដើម ពេលបទប្បញ្ញត្តិអំពីរចនាបទតុបតែងវិចិត្រសិល្បៈរាជវាំងនៅមានការតឹងរឹង រូបភាពនាគសម្រាប់ប្រើតែក្នុងរាជវាំងប៉ុណ្ណោះ ដូចនេះនាគកើតមាននៅលើសំណង់ស្ថាបត្យកម្មរាជវាំងតែប៉ុណ្ណោះ ដូចជា៖ វិមានស្តេច ស្តូបវិហារ ចេតិយ៍ ឬគ្រឿងប្រើប្រាស់សម្រាប់តែស្តេចដូចជា៖ បល្ល័ង្ក ត្រា សម្លៀកបំពាក់ ស្បែកជើង មកុដរាជ្យ ចាន ពែង។ល។
រូបនាគបានតុបតែងនៅលើគ្រឿងប្រដាប់ប្រើប្រាស់ ដែលមានតម្លៃនៃរាជវាំងរបស់រាជការង្វៀន។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ក្រោយមក ផ្តើមចេញពីទស្សនាទាន ក្រៅពីនិមិត្តរូបអំណាចនៃព្រះមហារាជ នាគនៅទាំងបានបង្ហាញពីភាពពិសិដ្ឋ ឃុំគ្រង រុងរឿង សំណាង ល្អប្រពៃ ភ្លៀងអំណោយផល។ល។ ដូចនេះរូបភាពនាគសន្សឹមបានប្រជាប្រិយូបនីយកម្ម ហើយកើតមានច្រើននៅក្នុងរបបវប្បធម៌ប្រជាប្រិយដូចជា វិហារ វត្ត ផ្ទះសម្បែង ជួនកាលនៅមានតាមផ្នូរខ្មោច។ ក៏ប៉ុន្តែ ប្រជាប្រិយបានធ្វើឱ្យរូបភាពនាគប្រព្រឹត្តិទៅដោយមានកម្រិត តាមការកំណត់ជាក់លាក់ ដើម្បីមិនបំពាន និង ធ្វើឱ្យសាមញ្ញភាពនៃទេវសត្វដែលធ្លាប់មានរឹទ្ធិអំណាចនៃរាជវង្ស។
រូបនាគបានតុបតែងនៅទីតាំងជាច្រើន ក្នុងមណ្ឌលចេតិយ៍ អានឡាំង (An Lang)។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
តាមអ្នកស្រាវជ្រាវ នាគរាជវាំង និង នាគប្រជាប្រិយមានភាពប្លែកគ្នា។ នាគតំណាងឱ្យព្រះមហាក្សត្រ ដងខ្លួនមានស្រការឈ្មោល ៨១ ស្រការញី៣៦ ខ្លួនបត់កោង៩កំណាត់ ជើងមានក្រចក៥។ រីឯនាគនៅក្នុងប្រជាប្រិយជើងតែងមានក្រចក ៣ ឬ៤ ឬនាគបានប្រែក្លាយជារូបភាពផ្សេងៗដូចជា ពស់រាជអសុរកាយ រាជសីហ៍ ត្រីឆ្ពឹនប្រែក្លាយជានាគ ផ្កាបញ្ចមាសប្រែក្លាយជានាគ ឫស្សីប្រែក្លាយជានាគ។ល។
រូបភាពបង្ហាញសត្វនាគនៃសម័យរាជការង្វៀនមានយ៉ាងសម្បូរបែប តែទូទៅតែងតែរំលេចសភាពអំណាច ខ្លាំងក្លា ព្រមទាំងមានសភាពចាកមន្ទិលនៃទេវសត្វនេះ។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
សម័យរាជការ ង្វៀន - រាជការសក្តិភូមិចុងក្រោយបង្អស់របស់វៀតណាម - យើងឃើញថា នាគសម័យកាលនេះស្នងបន្តនាគសម័យរាជការត្រឹន ដោយមានក្បាលដុះស្នែង រាងវែងកោងបន្តិច។ បបែលខ្នងស្តើង វែង ស្មើ។ល។
នាគសម័យរាជការង្វៀន រំលេចតាមប្រធានបទពិសេសជាច្រើនដូចជា៖ គូនាគដណ្តើមគជ់ គូនាគប្រលែងព្រះចន្ទ នាគប្រលែងគង្គា នាគបែរក្រោយ គជ់នាគ នាគហង្ស។ល។
សម័យរាជការង្វៀន នាគកើតមាននៅគ្រប់ទិសទី ដូចនេះហ្វេបានប្រៀបដូចជា “ស្រុកកំណើតនាគ”។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ឆ្លងកាត់ពេលវេលា ឆ្លងកាត់កំណត់របបនៃសម័យនោះ រហូតដល់សម័យរាជការង្វៀន រូបភាពនាគបានកើនឡើងដល់កម្រិតខ្លាំងក្លា និង សុក្រិតបំផុត ទាំងផ្នែកខ្លឹមសារ រូបភាព និង របៀបស្តែងបង្ហាញ ដូចនេះអាចអះអាងថានាគជាលក្ខណៈពិសេសនៃវប្បធម៌វៀតណាម នាសម័យរាជការង្វៀន។ ហើយរហូតដល់បច្ចុប្បន្ន ឆ្លងកាត់ជំនោររលកជីវិត រូបភាពនាគសម័យរាជការង្វៀន នៅតែដិតដាំ រស់រវើក ពេញលេញនៅក្នុងឃ្លាំងបេតិកភណ្ឌសម្បើមមួយ ដោយមានរូបភាព វិចិត្រសិល្បៈជាច្រើន មកពីរាជវាំង រហូតដល់ប្រជាប្រិយ គ្រប់គ្រាន់អាចកំណត់នាមបានថា ហ្វេ ជាស្រុកកំណើតនាគ ជាដែនដីរាជធានីល្បីល្បាញចីរកាល៕
- អត្ថបទ និង រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
- ប្រែសម្រួល៖ រីកើង